ពលរដ្ឋ​មាន​ជម្លោះ​ដី​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ព្រះ សីហនុៈ ពលរដ្ឋ​ក្រុង​ព្រះ​សីហនុ​ជាង ១០០​គ្រួសារ បាន​អង្វរ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ជម្លោះ​ដីធ្លី​ដែល​ពួក​គាត់​បាន​ចោទ​ថា ត្រូវ​បាន​មន្ត្រី​មាន​អំណាច​ឃុប​ឃិត​គ្នា​ធ្វើ​ប្លង់​ដី​និង​ប្រើ​ហិង្សា​ ឈូស​ឆាយ​បណ្តេញ​គាត់​ចេញ​ពី​លំនៅឋាន។
លោក ឈុន សារឿន​អាយុ ៥១ឆ្នាំ ជា​តំណាង​ប្រជា​ពលរដ្ឋ ​ចំនួន​១០៤​គ្រួសារ​ក្នុង​ភូមិ ៣ សង្កាត់​លេខ១ បាន​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ហើយ​បាន​ប្រគល់​ឯកសារ​ពាក់​ព័ន្ធ​ទំនាស់​ដីធ្លី​ ចំនួន ៤៦ ទំព័រ​និង​រូបថត​១៣៦​សន្លឹក​។ រូប​ថត​ទាំង​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ និង​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​មក។ លោក សារឿន អះអាង​ថា ពលរដ្ឋ​បាន​រស់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៥​ហិកតា និង​៣​អា តាំង​ពី​ឆ្នាំ​១៩៩៤ ដោយ​សុខសាន្ត​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៥ ស្រាប់​តែ​មាន​មន្ត្រី​កំពង់ផែ និង​មេ​បញ្ជាការ​រង​យោធា​ខេត្ត​ព្រះ​សីហនុ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ប្រជា​ពលរដ្ឋ​ចោទ​ថា បាន​ចូល​រស់​នៅ​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​ដី​របស់​ពួក​គេ។
តុលាការ​ខេត្ត​និង​កំពូល​បាន​កាត់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ដោយ​កំបាំង​មុខ ដោយ​សំអាង​លើ​ប្លង់​ដី​ដែល​ពួក​គេ​បាន​ធ្វើ​ដោយ​ស្ងាត់ៗ​។ លោក​បន្ត​ថា​៖​«ពួកគេ​បាន​ឃុប​ឃិត​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​មិន​ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ទេ​ហើយ​បាន​យក​កម្លាំង​ប្រហែល​២០០នាក់​និង​ គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​អស់​គ្មាន​សល់»។​បន្ទាប់​ពី​ឈូស​និង បណ្តេញ​ពលរដ្ឋ​ចេញ​ទាំង​កម្រោល​កាល​ពី​ឆ្នាំ ២០១១ នោះ ពួក​គេ​បាន​ធ្វើ​របង​ព័ទ្ធ​ដី​នោះ ហើយ​សព្វ​ថ្ងៃ​នេះ​មាន​នគរបាល​មួយ​គ្រួសារ​បាន​រស់​នៅ​យាម​កាម​លើ​ដី​នោះ។
ក្នុង​នាម​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​១០៤​គ្រួសារ​ដែល​កំពុង​សុំ​ដី​និង​ ផ្ទះ​គេ​ជ្រក​កោន លោក​សារឿន​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​បាន​រស់​នៅ​និង​កាន់​កាប់​ដី​នោះ​ដូច​ដើម​វិញ។
យោង​តាម​ឯកសារ​ដី​ទំនាស់​នោះ​ត្រូវ​បាន​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ​ ទៀវ ប៊ីសេង ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​លក់​ទៅ​ឲ្យ​មន្រ្តី​កំពង់ផែ​នៅ​ក្នុង​តម្លៃ​១៧ម៉ឺន​ដុល្លារ​ដោយ​មាន​ការ ​ផ្ទេរ​ប្លង់​ដី​កម្មសិទ្ធិ​ផង​ដែរ។ ប៉ុន្តែ​ពលរដ្ឋ​ថា មិន​មាន​អ្នក​ឈ្មោះ​ប៊ីសេង​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឈ្មោះ​ប៉ុណ្ណោះ​ហើយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក៏​ បញ្ជាក់​ក្នុង​លិខិត​ថា មិន​ដែល​ឃើញ​ឈ្មោះ​ប៊ីសេង​នោះ​ដែរ​។ ម្យ៉ាង​ទៀត​មេភូមិ ៣ ក៏​ថា មិន​មាន​ឈ្មោះ ប៊ីសេង​កាន់​កាប់​ដី​នោះ​ដែរ។
លោក​ឈិត សុផាត ចៅ​សង្កាត់​លេខ​១ បាន​ថ្លែង​ថា ពលរដ្ឋ​ទាំង​នេះ​រស់​នៅ​លើ​ដី​ឯកជន​ខុស​ច្បាប់​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ។
លោក​បួន ណារិទ្ធិ​មន្រ្តី​សម្រប​សម្រួល​អង្គ​កាលីកាដូ​បាន​ឲ្យ​ដឹង​ថា តុលាការ​និង​អាជ្ញាធរ​បាន​អនុវត្ត​សាលក្រម​បណ្តោះ​អាសន្ន​ប្រើ​កម្លាំង​ទៅ​ រុះរើ​ផ្ទះ​និង​បណ្តេញ​ពលរដ្ឋ​ចេញ។ ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​សំណង​ខ្លះ​តែ​ខ្លះ​ទៀត​មិន​ព្រម​ទទួល​ដោយ​សារ​ សំណង​មិន​សមរម្យ៕

0 comments:

Post a Comment

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved