New Design

Recent Post

ជន​ជាប់​ចោទ​០០២​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក

ជន​ជាប់​ចោទ​០០២​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​មួយ​ចំណែក


ជន​ជាប់​ចោទ​នៅ​ក្នុង​សំណុំ​រឿង​០០២​ ខៀវ សំផន និង នួន ជា នា​ពេល​កន្លង​មក​។ រូបថត Done និង អ.វ.ត.ក
ភ្នំពេញៈ ជន​ជាប់​ចោទ នួន ជា បង​ធំទី​២ របប​ខ្មែរ​ក្រហម បាន​ទទួល​ស្គាល់​ដំបូង​លើ​ការ​ទទួល​ខុស​ក្នុង​ឋានៈ​លោក​ជា​អតីត​មេ​ដឹក​នាំ​ខ្មែរ​ក្រហម​ក្នុង​សវនាការ​អំពី​ផល​ប៉ះ​ពាល់​លើ​ជន​រងគ្រោះ​កាល​ពី​ម្សិលមិញ​។ ចំណែក​លោក ខៀវ​សំផន ក៏​បាន​សុំទោស​ជន​រងគ្រោះ​ផង​ដែរ​បើ​ទោះ​ជា​លោក​ថា ខ្មែរ​ក្រហម​ចាត់​ទុក​លោក​ថា ជា​បញ្ញវន្ត​ជើង​មិន​ជាប់​ដី​និង​ជា​ប្រមុខ​រដ្ឋ​មាន​តែ​ឈ្មោះ​ក៏​ដោយ។
នួន ជា បាន​ឆ្លើយ​សំណួរ​របស់​ដើម​បណ្តឹង​រដ្ឋប្បវេណី​អំពី​របៀប​ដែល​មេ​ដឹក​នាំ​របប​នេះ​បាន​នាំ​ឲ្យ​ប្រទេស​កម្ពុជា​ធ្លាក់​ចូល​ក្នុង​មហា​សោកនាដកម្ម​ថា​៖​«ខ្ញុំ ពិត​ណាស់​គឺ​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម​មេ​ដឹក​នាំ​ដទៃៗ​ទៀត​ដូច្នេះ​ខ្ញុំ​មិន​ច្រាន​ចោល​ការ​ទទួល​ខុស​ត្រូវ​នេះ​ទេ​។ ខ្ញុំ​សូម​ចូល​រួម​ទទួល​ខុស​ត្រូវ​មួយ​ចំនួន​។ ប៉ុន្តែ​ខ្ញុំ​មិន​មែន​ជា​ផ្នែក​នៃ​ស្ថាប័ន​ប្រតិបត្តិ​ទេ»។
លោក នួន ជា គាត់​បាន​ឆ្លើយ​តប​ទៅ​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ទៀត​ដែល​បាន​បាត់​បង់​ឪពុក​ម្តាយ​ដោយ​សារ​ខ្មែរ​ក្រហម​ថា​៖ «ខ្ញុំ​មិន​គេច​វេះ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​ទេ​។ ខ្ញុំ​កំពុង​ធ្វើ​ការ​ទទួល​ខុស​ត្រូវ​ពី​បេះដូង​របស់​ខ្ញុំ​។ ខ្ញុំ​សូម​សម្តែង​ការ​ជួយ​រំលែក​ទុក្ខ​ដោយ​ស្មោះ​ត្រង់​ចំពោះ​អ្នក​ដែល​បាន​បាត់​បង់​គ្រួសារ»។
ខណៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ភ្លាមៗ​បាន​ធ្វើ​ការ​ចាក់​ផ្សាយ​អំពី​ការ​ថ្លែង​ទាំង​នេះ​របស់ នួន ជា​ដែល​ជា​ការ​ទទួល​ស្គាល់​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​ដំបូង​មិន​ធ្លាប់​មាន​ក្រុម​មេធាវី​និង​ក្រុម​អ្នក​សង្កេត​ការណ៍​សាលា​ក្តី បាន​សម្តែង​សុទិដ្ឋិ​និយម ប៉ុន្តែ​លើក​ឡើង​ទស្សនៈ​អំពី​ភាព​ពិសេស​និង​ទំហំ​នៃ​ការ​សារភាព​ទទួល​ស្គាល់​នេះ។
លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ថ្លែង​ថា​ការ​សារភាព​ទទួល​ខុស​ត្រូវ​កាល​ពី​ម្សិលមិញ គឺជា​ការ​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​ទី១ របស់ នួន ជា ក្នុង​ចំណោម​ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​នៅ​តុលាការ​ប៉ុន្តែ លោក​បាន​បន្ថែម​ថា នួន ជា ធ្លាប់​ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្រៅ​តុលាការ​កាល​ពី​ពេល​មុន។
លោក ឆាំង យុ បាន​ថ្លែង​ថា​៖ « នៅ​ពេល​អ្នក​មើល​ទៅ​អ្វី​ដែល​គាត់​បាន​ថ្លែង​កាល​ពី​១៥​ឆ្នាំ​មុន នៅ​ក្នុង​ការ​សន្ទនា​របស់​គាត់​នៅ​ក្នុង​បទ​សម្ភាស​របស់​គាត់ គាត់​ក៏​បាន​ថ្លែង​ផង​ដែរ​ថា...ខ្ញុំ​ជា​មេ​ដឹក​នាំ​ម្នាក់​ក្នុង​ចំណោម មេ​ដឹក​នាំ​ដទៃៗ​ទៀត​...។ វា​មិន​មែន​ជា​ការ​សុំទោស​ទាំង​ស្រុង​ទេ​»។
សហ​មេធាវី​នាំ​មុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី​លោក​ស្រី Elisabeth Simonneau Fort បាន​កត់​សម្គាល់​ថា នួន ជា មិន​បាន​បំភ្លឺ​ច្បាស់​អំពី​អ្វី​ដែល​គាត់​ទទួល​ស្គាល់​ចំពោះ​ការ​ទទួល​ខុស​ត្រូវ និង​ហាក់​បី​ដូច​ជា​បញ្ឆៀង​បន្តិច។
លោក​ស្រី​បាន​ចង្អុល​ទៅ​ការ​ថ្លែង​របស់ នួន ជា ពី​ការ​សារភាព​ទទួល​ខុស​ត្រូវ​របស់​គាត់ ដែល​គាត់​ប្រាប់​ទៅ​តុលាការ​ថា​៖ «​ខ្ញុំ​ទទួល​បន្ទុក​ផ្នែក​ឃោសនា​និង​ការ​អប់រំ​នៅ​ក្នុង​បក្ស​ហើយ​ខ្ញុំ​ក៏​ទទួល​ខុស​ត្រូវ​ផង​ដែរ​ជា​ប្រធាន​គណៈ​កម្មាធិការ​សមាជ​ប្រជាជន​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ចំណែក​នៅ​ស្ថាប័ន​ប្រតិបត្តិ​ខ្ញុំ​គ្មាន​អំណាច​អ្វី​ទាំង​អស់​»។
នួន ជា ក្រោយ​មក​បាន​បន្ថែម​ថា៖ «ខ្ញុំ​មាន​អារម្មណ៍​វិប្បដិសារី​ចំពោះ​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​ឡើង​ទាំង​ចេតនា និង​ទាំង​អចេតនា​ថា​តើ​ខ្ញុំ​បាន​ដឹង​ឬ​មិន​បាន​ដឹង​អំពី​អំពើ​នោះ»។
លោក ស្រី Simonneau-Fortបាន​ថ្លែង​ថា​ ៖ «ខ្ញុំ​មិន​ដឹង​ថា គាត់​ទទួល​ខុស​ត្រូវ​ដូចម្តេច ឬ​មិន​ទទួល​ខុស​ត្រូវ​ដូចម្តេច​ទេ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​ជា​ជំហាន​ទី​មួយ»។
ទាំង​លោក​ស្រី និង​ទាំង​លោក ស៊ុន អារុណ សហ​មេធាវី​ការពារ​ក្តី​ឲ្យ នួន ជា បាន​ថ្លែង​ថា វា​ចម្លែក​នៅ​ក្នុង​សវនាការ​អំពី​ផល​ប៉ះ​ពាល់​លើ​ជន​រងគ្រោះ​នៅ​សប្តាហ៍​នេះ​ដែល​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​បាន​សួរ​ទៅ​ចុង​ចោទ​ត្រង់ៗ​ដែល​បាន​ធ្វើ​ឲ្យ នួន ជា ធ្វើ​ការ​ថ្លែង​ចេញ​ឡើង​ភ្លាមៗ​ដោយ​ផ្ទាល់​ដែល​គាត់​មិន​ធ្លាប់​ថ្លែង​បែប​នេះ​នៅ​តុលាការ​កាល​ពី​មុន​មក។
លោក អារុណ បាន​ថ្លែង​ថា​៖ «ពេល​នេះ​ពួក​គេ​មាន​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ដែល​បាន​សុំ​ឲ្យ​គាត់​ឆ្លើយ​ប្រសិន​បើ​អាច​ទៅ​រួច​គាត់​អាច​ឆ្លើយ​ភ្លាមៗ»។
កាល​ពី​ពេល​មុន នួន ជា មិន​ដែល​មាន​ឱកាស​និយាយ​អំពី​ការ​ទទួល​ខុស​ត្រូវ​របស់​គាត់​នៅ​ក្នុង​តុលាការ​នោះ​ទេ។
លោក ស្រី Simonneau Fort បាន​ថ្លែង​ថា​៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​ដែល​គាត់​បាន​សុខ​ចិត្ត​ឆ្លើយ​។ ខ្ញុំ​គិត​ថា គាត់​នឹង​មិន​ព្រម​ឆ្លើយ​ទេ​។ ខ្ញុំ​គិត​ថា នៅ​ទី​បំផុត ខៀវ សំផន និង​នួន ជា មាន​ការ​ភ្ញាក់​ផ្អើល​ដោយ​សារ​ឥទ្ធិពល​ប៉ះ​ពាល់​នៃ​ឧក្រិដ្ឋកម្ម​ទាំង​នោះ​ហើយ​ពួក​គេ​ចង់​ឲ្យ​ជន​រងគ្រោះ​ស្ងប់​ចិត្ត​។ វា​ពិបាក​ណាស់​បើ​ឲ្យ​ពួក​គេ​នៅ​ស្ងៀម​»។
លោក​ស្រី​បន្ត​ថា​៖ «ខ្ញុំ​ប្រាកដ​ថា មេធាវី​របស់​ពួក​គេ​មិន​រីក​រាយ​ខ្លាំង​ទេ​»។ លោក​ស្រី​កត់​សម្គាល់​ថា ការ​ទទួល​ស្គាល់​លើ​ការ​ទទួល​ខុស​ត្រូវ​នេះ​គឺ​ពង្រឹង​ទៅ​លើ​សំណុំ​រឿង របស់​ព្រះ​រាជ​អាជ្ញា។
សហ​ព្រះ​រាជ​អាជ្ញា​អន្តរជាតិ លោក Andrew Cayley បាន​ថ្លែង​ថា ការិយាល័យ​សហ​ព្រះ​រាជ​អាជ្ញា​មិន​ធ្វើ​អត្ថាធិប្បាយ។
ក្នុង​អំឡុង​ថ្ងៃ​សវនាការ​នេះ ជន​រងគ្រោះ​បាន​រៀប​រាប់​អំពី​ភាព​អត់​ឃ្លាន​ការ​សម្លាប់​សមាជិក​គ្រួសារ​របស់​ពួក​គេ​ការ​រៀប​ការ​ទាំង​បង្ខំ​ការ​រំលោភ និង​ទារុណកម្ម។
លោក​ស្រី Simonneau-Fort បាន​ថ្លែង​ថា​៖ «ខ្ញុំ​ទើប​តែ​និយាយ​ទៅ​កាន់​ដើម​បណ្តឹង​រដ្ឋប្បវេណី​បន្ទាប់​ពី​ការ​ថ្លែង​ទាំង​នោះ​ពី​នួន ជា​និង​ខៀវ សំផន​ក្នុង​ថ្ងៃ​ចុង​ក្រោយ​នេះ​។ ខ្ញុំ​ដឹង​ថា ពួក​គេ​មាន​ក្តី​រីករាយ​ណាស់​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ​ពី​ចុង​ចោទ​។ វា​សំខាន់​ណាស់​ដែល​គាត់​ឆ្លើយ​បែប​នេះ​»។
លោក ឆាំង យុ ថ្លែង​ថា​៖ «​នៅ​ពេល​ការ​ស្លាប់​ជិត​មក​ដល់​មនុស្ស​យើង​ត្រូវ​តែ​បន់​ស្រន់​។ ខ្ញុំ​គិត​ថា គាត់​កំពុង​តែ​ងាក​មើល​ក្រោយ ហើយ​គាត់​មាន​អារម្មណ៍​សោក​ស្តាយ និង​ធ្វើ​ការ​សុំ​ទោស​»។
លោក​ឡុង បញ្ញាវុធ មន្ត្រី​គម្រោង​នៃ​អង្គការ​យុតិ្តធម៌​នៅ​កម្ពុជា​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា នេះ​ជា​ជំហាន​ល្អ​មួយ​ដែល​គាត់​បាន​និយាយ​ក្នុង​តុលាការ។ គាត់​កំពុង​តែ​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​ច្រើន​ជាង​ពេល​មុន»៕ PS

__________________
ប្រភព ពី ភ្នំពេញប៉ុស្តិ៍
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved