New Design

Recent Post

កម្ពុជា​លុប​ចោល​បម្រាម​ការ​ផ្សាយ​មុន​ពេល​បោះឆ្នោត​ជាតិ

កម្ពុជា​លុប​ចោល​បម្រាម​ការ​ផ្សាយ​មុន​ពេល​បោះឆ្នោត​ជាតិ

វ៉ាស៊ីនតោន — រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ជា​ថ្មី​ឱ្យ​មាន​ការ​ផ្សាយ​បន្ត​តាម​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នូវ​កម្មវិធី​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ដែល​មាន​ដូច​ជាវិទ្យុ​វីអូអេ​និង​វិទ្យុ​អាស៊ី​សេរី​ បន្ទាប់​ពី​មាន​ការ​ជំទាស់យ៉ាង​ខ្លាំងក្លា​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ។
នេះ​ជា​ការ​សម្រេចដែល​បញ្ច្រាស​ទៅ​នឹង​ការ​ហាម​ឃាត់​ដែល​បាន​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ដាក់​បម្រាម​ចំនួន​៣១​ថ្ងៃ​សម្រាប់​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត។
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​យប់​ថ្ងៃ​សៅរ៍​បាន​បញ្ចាក់​ថា៖​ «យោង​តាម​សំណូម​ពរ​សុំ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ការផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​រយៈ​វិទ្យុអេហ្វអឹម​ក្នុង​ស្រុក ក្រសួង​ព័ត៌មាន​សម្រេច​អនុញ្ញាត​ឱ្យ​វិទ្យុ​អេហ្វអឹម​ទាំង​អស់​ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត​ឱ្យ​ស្ថានីយ​វិទ្យុ​បរទេស​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ធម្មតា​ដូច​ដើម​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​តទៅ»។
សេចក្តី​ប្រកាស​នោះ​ក៏​បន្ថែម​ទៀត​ថា ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​របស់​លោក​ខៀវ កាញារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​គឺ​នៅ​មាន​សុពលភាព​ដដែល។
«ទន្ទឹម​នឹង​នេះ​ ក្រសួង​ព័ត៌មាន​សូម​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​លេខ​០៤​ពម​សណន​ ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៣​ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន»។​
នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​លោក​ ខៀវ កាញារិទ្ធ​ បាន​ប្រាប់​គ្រប់​បណ្តាញ​ឃោសនា​ឱ្យ​«បញ្ឈប់​ការ​ផ្សព្វផ្សាយ​និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំង​អស់ ​ពី​ការ​ស្ទង់​មតិ​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់​ទង​នឹង​ដំណើរការ​បោះឆ្នោត​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​ រួម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​អ្វី​ទាំង​អស់​អំឡុង​ពេល​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត»។ ​
ការ​ផ្សាយ​របស់​វីអូអេ​ត្រូវ​បាន​ដក​ចេញ​ពី​ស្ថានីយ​ដៃគូ​ក្នុង​ស្រុក​របស់​ខ្លួន​ដែល​មាន​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥  វិទ្យុ​របស់​មណ្ឌល​ព័ត៌មាន​ស្រ្តី​អេហ្វអឹម​១០២ និង​អង្គរ​រដ្ឋា​អេហ្វអឹម​៩៥,៥​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មាន​លិខិត​មួយចុះ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ដោយ​លោក​អ៊ុក ប្រាថ្នា ​រដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​ព័ត៌មាន​បញ្ជា​មិន​ឱ្យ​ស្ថានីយ​ទាំង​នោះ​បន្តផ្សាយ​លើ​រលក​ធាតុ​អាកាស​របស់​ខ្លួនហើយគំរាម​ថា​បើ​មិន​អនុវត្ត​តាមអាច​ប្រឈម​មុខ​នឹង​វិធានការ​តាម​ផ្លូវ​ច្បាប់។
លិខិត​នោះ​ត្រូវ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នានា​ទទួល​បាន​យ៉ាង​តក់​ក្រហល់​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មិថុនា​ ហើយ​ម្ចាស់​ស្ថានីយ​បាន​បង្ខំ​ចិត្ត​ផ្អាក​ការ​ផ្សាយ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​កង្វះ​កម្មវិធី​ដែល​ត្រូវ​មក​បំពេញ​ម៉ោង​នោះ។
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)
ការ​ហាមឃាត់​នោះ​បាន​នាំ​ឱ្យ​មាន​ការ​តវ៉ា​និង​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ស្តាប់​វិទ្យុ​និង​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ជា​ដើម​ រហូត​ដល់​មាន​ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​អំពាវនា​សុំ​មិន​ឱ្យបោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​បើ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត​តាំង​ពី​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។​
កាល​ពី​ថ្ងៃ​សុក្រ ​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ប្រទេស​កម្ពុជា​ក្នុង​ការ​ហាម​ប្រាម​មិន​ឱ្យផ្សព្វផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​នៅ​តាម​ស្ថានីយ​អេហ្វអឹម​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ថា​ជា​ការ​រំលោភធ្ងន់ធ្ងរ​នឹង​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ ហើយ​បាន​ព្រមានថា​ ​ចំណាត់ការនេះ​នឹងនាំ​ឱ្យ​ការ​បោះឆ្នោត​នេះ​មិន​មាន​លក្ខណៈ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។
លោក​ Patrick Ventrell ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖  «ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជានៅ​កម្រិត​កំពូលបាន​សម្តែង​ជា​សាធារណៈនូវ​ចេតនា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​និង​យុត្តិធម៌ ការរឹតត្បិត​សារព័ត៌មាន​នេះ​និង​ការខិតខំ​ប្រឹងប្រែង​ដទៃ​ទៀត​ក្នុង​ការ​កំហិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​ចេតនា​និង​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនេះ»។​
ព័ត៌មាន​ពី​ការ​ហាម​ឃាត់​នោះ​បាន​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​រហ័សដោយសារ​តែ​បណ្តាញ​ផ្សព្វផ្សាយឯករាជ្យ​ដែល​មាន​តែ​ពីរ​បីសម្រាប់​កម្ពុជាបាន​ប្រឈម​មុខ​នឹង​ការ​បំបិទ​មាត់​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដ៏​សំខាន់​មួយ។ ​
គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​អ្នក​គាំទ្រ​របស់​លោក​គ្រប់​គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ដែល​មាន​វិទ្យុ​និង​ទូរទស្សន៍​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ប្រទេស។
ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិទី៥​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​២៨​ខែ​កក្កដា​ខាងមុខ​នេះ​ហើយ​ការ​ឃោសនា​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​២៧​ខែ​មិថុនាមក។ មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចុះ​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​នេះ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​តែ​គណបក្ស​ពីរប៉ុណ្ណោះ​ដែល​មាន​សំទុះ​ខ្លាំង​ជាង​គេគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹមសុខា។​ ​

លោក ​ស្ទីវ​ រ៉េដឌីស (Steve Redish) និពន្ធ​នាយក​របស់​វីអូអេ​បាន​ថ្កោលទោស​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ណា​មួយ​ក្នុង​ការ​បំបិត​មាត់​សារព័ត៌មាន។
លោក​រ៉េដឌីស​បាន​បន្ថែម​ថា​ ដំណឹង​និង​ព័ត៌មាន​ដែល​មាន​តុល្យភាព​ត្រឹមត្រូវ​និង​គួរ​ឱ្យ​ទុកចិត្ត​បាន​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវការ​ជា​ចាំ​បាច់​នៅ​មុន​ការ​បោះឆ្នោត។​
លោក​បាន​បន្ថែម​ថា៖ «ការ​សម្រេច​ដក​កម្មវិធី​របស់​វីអូអេ​ចេញ​ពី​ស្ថានីយ​អេហ្វអឹម​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការ​ដកហូត​នូវ​សិទ្ធិ​របស់​អ្នក​ស្តាប់​មិន​ឱ្យ​ដឹង​នូវ​ព័ត៌មាន​និង​ដំណឹង​ដ៏​សំខាន់​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិនៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា»។
រី​ឯ​គណៈ​អភិបាល​ផ្នែក​ការ​ផ្សាយ​វិញ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​របស់វិទ្យុវីអូអេ​និង​អាស៊ី​សេរី កាល​ពី​ថ្ងៃ​សុក្រក៏​បាន​ថ្កោល​ទោស​ការ​ហាមប្រាម​នោះ​ដែរ​ហើយ​ក៏​បាន​ដាក់ចេញ​ វិធានការ​បន្ទាន់​ភ្លាមៗ​ក្នុង​ការបន្ថែម​រលកធាតុ​អាកាស​ផ្សាយ។
លោក​វិកទ័រ អែស (Victor Ashe) ដែល​ជា​អភិបាល​មួយ​រូប​បាន​បញ្ជាក់​ថា៖
«ការ​បដិសេធ​ចោល​នូវ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ដំណឹង​និង​ព័ត៌មាន​ក្នុង​ពេល​ដ៏​សំខាន់​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឯង​និង​ជា​ការ​បដិសេធ​ចោល​ដោយ​អត់​អៀន​ខ្មាស់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​ខ្លួន​ឯង​ជា​អ្នក​សម្រេច​យក»។​
លោក​អភិបាល​វិកទ័រ អែស​ បាន​បន្ថែម​ថា​ពេល​ដែល​លោក​ទៅ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ខែ​ឧសភា​កន្លង​មក លោក​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ខា​ង​អង្គការ​សង្គម​ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ ហើយ​លោក​បាន​ដឹង​ថា ​តើ​អ្នក​ទាំង​នោះ​ពឹងផ្អែក​លើ​ការ​ផ្សាយ​របស់​វីអូអេ​និង​អាស៊ី​សេរី​យ៉ាង​ណា។
ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ​យល់​ថា ​ពលរដ្ឋ​នៅ​តែ​អាច​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ​បាន​ហើយ​ការហាម​ឃាត់​មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ទេ។
លោក​ ទេព នីថា​ អគ្គ​លេខា​ធិការ​នៃ​គជប​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​សៅរ៍​មុន​ពេល​ដែល​មាន​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ថា៖ «ខ្ញុំ​គិត​ថា​មិនមែន​ជាមូលហេតុ​ប៉ុណ្ណឹង​ដែល​អាច​វាយ​តម្លៃ​ការ​ទទួល​ព័ត៌មាន​អំពី​អ្នក​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ថា​ខ្វះខាត​នោះទេ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក៏​មាន​ច្រើន​ដែរ ហើយ​ម៉្យាង​ទៀត​ការ​ផ្សព្វផ្សាយ​ពី​បរទេស​គាត់​មាន​គោលនយោបាយ​របស់​គាត់​ដោយ​ឡែក​អញ្ចឹង​ទេ​អាច​មួ​យ​ចំណែក​នោះ​វាប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ដែល​កំពុង​ប្រកួត​ប្រជែង​ដែល​កំពុង​ធ្វើ​ការ​ឃោសនា​នៅ​ប្រទេ​ស​កម្ពុជា​»។​
លោក​ម៉ម សុណង់​ដូ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥​បាន​ប្រាប់​វីអូអេ​ថា​លោក​បាន​ដឹង​ពី​ការ​ប្រកាស​លើកលែង​បម្រាម​របស់​រដ្ឋាភិបាល​ហើយ​ ហើយ​លោក​នឹង​ដាក់​ផ្សាយ​កម្មវិធី​របស់​វីអូអេ​ឡើង​វិញ​ដូច​ធម្មតា៕
សចេក្តី​ណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
ប្រភពព័ត៌មានពី៖ VOA
អ្នក​បឹងកក់៖ ក្រសួង​ព័ត៌មាន​បំបិទ​សិទ្ធិ​និង​សំឡេង​អ្នក​រងគ្រោះ

អ្នក​បឹងកក់៖ ក្រសួង​ព័ត៌មាន​បំបិទ​សិទ្ធិ​និង​សំឡេង​អ្នក​រងគ្រោះ

ប្រជាពលរដ្ឋ​ដែល​និយម​តាម​ដាន​ស្ដាប់​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​កាន់​តែ​ច្រើន​ឡើង បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល ថា​បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។
ប្រជាពលរដ្ឋ​បាន​ហៅ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ហាម​មិន​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​បរទេស ថា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ មាន​គម្រោង​ជួបជុំ​គ្នា​ហែ​ញត្តិ​តវ៉ា​ទៅ​ក្រសួង​ព័ត៌មាន ទាក់ទង​ជាមួយ​ការ​ហាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត។
សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា គ្រួសារ​អ្នកស្រី និង​អ្នក​ភូមិ​បឹងកក់ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នឹង​ត្រូវ​បាត់​សំឡេង​តវ៉ា​ពី​ការ​រំលោភ និង​ជិះជាន់​ពី​អ្នក​មាន​លុយ និង​មាន​អំណាច៖ «ជា​ពិសេស គឺ​វិទ្យុ​អាស៊ីសេរី ហ្នឹង គឺ​ជា​វិទ្យុ​ឯករាជ និង​ផ្ដល់​ព័ត៌មាន​ដែល​ពិតៗ និង​យុត្តិធម៌»
អ្នកស្រី​បន្ត​ថា ក្រុម​អ្នក​ភូមិ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ មាន​គម្រោង​ជួប​ប្រជុំ​គ្នា ដើម្បី​ធ្វើ​ការ​តវ៉ា និង​ដង្ហែ​ញត្តិ​ទៅ​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ឲ្យ​ក្រសួង​បើក​ការ​ផ្សាយ​បន្ត​វិទ្យុ​អន្តរជាតិ ដូចជា​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ឡើង​វិញ។
ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រសួង​បិទ​ការ​ផ្សាយ​បន្ត គួរ​ណាស់​តែ​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែរ ព្រោះ​វិទ្យុ​ក្នុង​ស្រុក​ភាគ​ច្រើន​មិន​ដែល​បាន​ផ្សាយ​ពី​ទុក្ខ​លំបាក និង​វិនាស​ខ្លោចផ្សា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ដល់​អីចឹង ប្រសិន​បើ​អត់​ពី​ពីរ​ហ្នឹង​ទៀត ពួក​ខ្ញុំ​ចប់​ហើយ ដូច​ផ្ដាច់​ជីវិត​ពួក​ខ្ញុំ​ចោល​ហ្មង និយាយ​ទៅ​ណា៎​អា​នេះ​ចំពោះ​អ្នក​ដែល​ពួក​ខ្ញុំ​កំពុង​តែ​រងគ្រោះ​កំពុង​ប្រឈម​មុខ​ណា​បង»
ក្រុម​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​លក់​ដូង និង​ទឹក​សុទ្ធ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ស្នើសុំ​ក្រសួង​ព័ត៌មាន និង​រាជ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​បាន​ផ្សាយ​បន្ត​នូវ​កម្មវិធី​វិទ្យុ​អន្តរជាតិ​ឯករាជ្យ​ឡើង​វិញ​ជា​បន្ទាន់៖ «សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង បើក​វិទ្យុ​អាស៊ីសេរី វិទ្យុ​វីអូអេ (VOA) ហ្នឹង ឡើង​វិញ កុំ​ធ្វើ​បាប​ប្រជាជន​អួត​ខ្លួន​ឯង​ថា​ខ្លួន​ប្រជាធិបតេយ្យ ហើយ​មក​បិទ​សិទ្ធិ​ប្រជាជន​អីចឹង អត់​ត្រឹមត្រូវ​ទេ។ វា​អាច​មាន​ផល​ប៉ះពាល់​បាន​គេ​ឲ្យ​ផ្អាក​ផ្សាយ​បើ​អត់​បញ្ហា គេ​មិន​អាច​ឲ្យ​ផ្អាក​បាន​ទេ យល់​ឃើញ​ថា​អីចឹង​ណា៎។ យី! ចង់​ឲ្យ​បើក​ស្អែក​ហ្នឹង ព្រោះ​មនុស្ស​ត្រូវ​ការ​ស្ដាប់​ព័ត៌មាន​ដូច​បាយ​ទឹក​យើង​ត្រូវ​ហូប​អីចឹង ដល់​ម៉ោង​ឲ្យ​តែ​ដល់​ម៉ោង​រត់​ទៅ ខ្ញុំ​រត់​ម៉ូតូ​ឌុប​ក៏ដោយ តែ​ដល់​ម៉ោង​ខ្ញុំ​រត់​ទៅ​ស្ដាប់​អាស៊ីសេរី ហើយ»
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ឈ្មោះ ដេ ប៉ូ មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ មាន​ការ​ហួស​ចិត្ត​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បាន​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​នេះ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាត់​ឱកាស​ក្នុង​ការ​ទទួល​ព័ត៌មាន និង​រឿងរ៉ាវ​សំខាន់ៗ​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ព័ត៌មាន ខ្ញុំ​មាន​សម្បត្តិ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែរ ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​ព័ត៌មាន​ទាំងអស់​នេះ​បាន ហើយ​សុខៗ​បែរ​ទៅ​បិទ​វិទ្យុ»
ក្រសួង​ព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ​២០១៣ បាន​ចេញ​សេចក្ដី​ណែ​នាំ​មួយ ប៉ុន្តែ​លិខិត​នោះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​បាន​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​ត្រូវ​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​រយៈពេល ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត៕
___________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
ពលរដ្ឋ​មាន​ជម្លោះ​ដី​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ពលរដ្ឋ​មាន​ជម្លោះ​ដី​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ព្រះ សីហនុៈ ពលរដ្ឋ​ក្រុង​ព្រះ​សីហនុ​ជាង ១០០​គ្រួសារ បាន​អង្វរ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ជម្លោះ​ដីធ្លី​ដែល​ពួក​គាត់​បាន​ចោទ​ថា ត្រូវ​បាន​មន្ត្រី​មាន​អំណាច​ឃុប​ឃិត​គ្នា​ធ្វើ​ប្លង់​ដី​និង​ប្រើ​ហិង្សា​ ឈូស​ឆាយ​បណ្តេញ​គាត់​ចេញ​ពី​លំនៅឋាន។
លោក ឈុន សារឿន​អាយុ ៥១ឆ្នាំ ជា​តំណាង​ប្រជា​ពលរដ្ឋ ​ចំនួន​១០៤​គ្រួសារ​ក្នុង​ភូមិ ៣ សង្កាត់​លេខ១ បាន​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ហើយ​បាន​ប្រគល់​ឯកសារ​ពាក់​ព័ន្ធ​ទំនាស់​ដីធ្លី​ ចំនួន ៤៦ ទំព័រ​និង​រូបថត​១៣៦​សន្លឹក​។ រូប​ថត​ទាំង​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ និង​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​មក។ លោក សារឿន អះអាង​ថា ពលរដ្ឋ​បាន​រស់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៥​ហិកតា និង​៣​អា តាំង​ពី​ឆ្នាំ​១៩៩៤ ដោយ​សុខសាន្ត​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៥ ស្រាប់​តែ​មាន​មន្ត្រី​កំពង់ផែ និង​មេ​បញ្ជាការ​រង​យោធា​ខេត្ត​ព្រះ​សីហនុ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ប្រជា​ពលរដ្ឋ​ចោទ​ថា បាន​ចូល​រស់​នៅ​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​ដី​របស់​ពួក​គេ។
តុលាការ​ខេត្ត​និង​កំពូល​បាន​កាត់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ដោយ​កំបាំង​មុខ ដោយ​សំអាង​លើ​ប្លង់​ដី​ដែល​ពួក​គេ​បាន​ធ្វើ​ដោយ​ស្ងាត់ៗ​។ លោក​បន្ត​ថា​៖​«ពួកគេ​បាន​ឃុប​ឃិត​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​មិន​ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ទេ​ហើយ​បាន​យក​កម្លាំង​ប្រហែល​២០០នាក់​និង​ គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​អស់​គ្មាន​សល់»។​បន្ទាប់​ពី​ឈូស​និង បណ្តេញ​ពលរដ្ឋ​ចេញ​ទាំង​កម្រោល​កាល​ពី​ឆ្នាំ ២០១១ នោះ ពួក​គេ​បាន​ធ្វើ​របង​ព័ទ្ធ​ដី​នោះ ហើយ​សព្វ​ថ្ងៃ​នេះ​មាន​នគរបាល​មួយ​គ្រួសារ​បាន​រស់​នៅ​យាម​កាម​លើ​ដី​នោះ។
ក្នុង​នាម​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​១០៤​គ្រួសារ​ដែល​កំពុង​សុំ​ដី​និង​ ផ្ទះ​គេ​ជ្រក​កោន លោក​សារឿន​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​បាន​រស់​នៅ​និង​កាន់​កាប់​ដី​នោះ​ដូច​ដើម​វិញ។
យោង​តាម​ឯកសារ​ដី​ទំនាស់​នោះ​ត្រូវ​បាន​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ​ ទៀវ ប៊ីសេង ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​លក់​ទៅ​ឲ្យ​មន្រ្តី​កំពង់ផែ​នៅ​ក្នុង​តម្លៃ​១៧ម៉ឺន​ដុល្លារ​ដោយ​មាន​ការ ​ផ្ទេរ​ប្លង់​ដី​កម្មសិទ្ធិ​ផង​ដែរ។ ប៉ុន្តែ​ពលរដ្ឋ​ថា មិន​មាន​អ្នក​ឈ្មោះ​ប៊ីសេង​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឈ្មោះ​ប៉ុណ្ណោះ​ហើយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក៏​ បញ្ជាក់​ក្នុង​លិខិត​ថា មិន​ដែល​ឃើញ​ឈ្មោះ​ប៊ីសេង​នោះ​ដែរ​។ ម្យ៉ាង​ទៀត​មេភូមិ ៣ ក៏​ថា មិន​មាន​ឈ្មោះ ប៊ីសេង​កាន់​កាប់​ដី​នោះ​ដែរ។
លោក​ឈិត សុផាត ចៅ​សង្កាត់​លេខ​១ បាន​ថ្លែង​ថា ពលរដ្ឋ​ទាំង​នេះ​រស់​នៅ​លើ​ដី​ឯកជន​ខុស​ច្បាប់​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ។
លោក​បួន ណារិទ្ធិ​មន្រ្តី​សម្រប​សម្រួល​អង្គ​កាលីកាដូ​បាន​ឲ្យ​ដឹង​ថា តុលាការ​និង​អាជ្ញាធរ​បាន​អនុវត្ត​សាលក្រម​បណ្តោះ​អាសន្ន​ប្រើ​កម្លាំង​ទៅ​ រុះរើ​ផ្ទះ​និង​បណ្តេញ​ពលរដ្ឋ​ចេញ។ ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​សំណង​ខ្លះ​តែ​ខ្លះ​ទៀត​មិន​ព្រម​ទទួល​ដោយ​សារ​ សំណង​មិន​សមរម្យ៕
គណបក្ស​នយោបាយ​ធំៗ​ លើក​លែង​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

គណបក្ស​នយោបាយ​ធំៗ​ លើក​លែង​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ភ្នំពេញ — នៅ​សល់​តែ១ខែ​មុន​ការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ​ធំៗ លើក​លែងតែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សន្យា​ធានា​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មានដែល​គេ​រង់ចាំ​ជា​យូរមក​ហើយ​នោះ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខនេះ។​
គណបក្ស​នយោបាយ​ធំៗ​មួយ​ចំនួន​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​អនុម័ត​ច្បាប់​ស្តីពីការ​ទទួល​បាន​ព័ត៌មាន​ដែល​គេ​រង់ចាំ​ជាមួយ​មក​ហើយ​នោះ ប្រសិន​បើ​ពួកគេ​ឈ្នះ​ឆ្នោត។​
លោក​គី វណ្ណដារ៉ា គឺ​ជា​តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅឯ​វេទិកានយោបាយ​មួយ​ដែលរៀបចំដោយ​អង្គការ​សង្គម​ស៊ីវិលកាល​ពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ។​
លោក​និយាយ​ថា៖ «យើង​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​ចេញ បើ​យើង​ធ្វើ​មិនចេញ​ទេ ​យើង​នាំ​គ្នា​ឈប់​ទៅ ព្រោះ​បើ​គ្រាន់​តែ​ច្បាប់​ប៉ុណ្ណឹង​ យើង​ធ្វើ​មិន​កើត តើ​យើង​នៅ​ដឹកនាំ​ប្រទេស​បាន​ការ​អី​ទៀត? ដូច្នេះ​ការ​តាំង​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ច្បាស់​លាស់​ណាស់ ព្រោះ​នេះ​ជា​រឿង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ផង និង​របស់​ជាតិ​យើង​ទាំង​មូល​ផង»។​
ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​អនុញ្ញាត​ឲ្យ​សាធារណ​ជន​អាច​ទទួល​បាន​ឯកសារ​នានា​ដែល​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ តាម​រយៈ​ច្បាប់​នេះ សារព័ត៌មាន​ក៏​នឹង​អាច​ធានា​បាន​ផងដែរ​ថា កិច្ចការ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ដឹង​ឮ​ដល់​មនុស្ស​គ្រប់គ្នា មិនមែន​ដឹង​ត្រឹម​តែ​អ្នក​ដែល​មាន​បុព្វសិទ្ធិ​តែ​ប៉ុន្មាន​នាក់​នោះ​ទេ។​ ប៉ុន្តែសេចក្តី​ព្រាងច្បាប់​នេះ​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។​
លោកទេព នន្ទរី គឺ​ជា​តំណាង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
លោក​និយាយថា៖ «ច្បាប់​នេះ​គឺ​ជា​គន្លឺះ​របស់​ប្រជាពលរដ្ឋ។ បើ​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ ហ្វ៊ុនស៊ិនប៉ិចនឹង​ជំរុញ​ច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ឲ្យ​ចេញ។​ បើ​គណបក្ស​យើង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​មិន​ចេញ អាណត្តិ​ក្រោយ​ឬ​ក៏​អាណត្តិ​ហ្នឹង​លាឈប់​ក៏​ល្អ​ដែរ ព្រោះ​យើង​ធ្វើ​អី​អត់​ចេញ​សម្រាប់​ប្រជារាស្ត្រ»។​
គណបក្ស​ប្រឆាំង សម រង្ស៊ី ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ច្បាប់​នេះ​ចំនួន​ពីរ​ដង​គឺ​នៅ​ឆ្នាំ​២០១០​និង​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ ពង្រាង​ច្បាប់​ដែល​ខ្លួន​បាន​តាក់​តែង​ឡើង ត្រូវ​បាន​បដិសេធដោយ​គ្មាន​ការ​ជជែក​ដេញដោល​គ្នា​ទាំង​ពីរ​ដង​ ដោយ​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជាន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។
លោកស្រី ម៉ែន សំអន គឺ​ជាឧបនាយក​រដ្ឋ​មន្ត្រី​ម្នាក់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច។ ក្រសួង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​តាំង​ឲ្យ​ធ្វើ​ការងារ​ទៅលើ​គោល​នយោបាយ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។
លោកស្រី បាន​ថ្លែង​ទៅ​កាន់​សន្និសិទថ្នាក់​ជាតិ​មួយ​ស្តី​ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ។
អ្នកស្រី​និយាយថា៖ «បន្ទាប់​ពី​បាន​សិទ្ធិ​ក្នុង​ការ​ទទួល​រៀបចំ​គោល​នយោបាយ​នេះ ក្រសួង​បាន​រៀបចំ​ក្រុម​ការងារ​ហើយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មូយ​អង្គការ​ PACT ដោយ​មាន​ការ​គាំទ្រ​ពី​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​អន្តរជាតិ សហរដ្ឋ​អាមេរិក USAID ដើម្បី​បង្កើត​រៀបចំ​គោល​នយោបាយ​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ»។​
ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​ក្រុម​អ្នក​កាសែត​សួរ​ថាតើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធានា​ថា​នឹង​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ​ឬទេ នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី ប្រសិន​បើគណបក្ស​នេះឈ្នះ​ឆ្នោត​នោះ លោក​ស្រី បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ។​
អ្នកស្រីថ្លែងថា៖ «ទុក​ឲ្យ​ជំនាញ​គេ​ឆ្លើយ​ចាស៎!»​
ក្រុម​អ្នក​រិះគន់​និយាយ​ថា ប្រសិន​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាចង់​អនុម័ត​ច្បាប់​នេះ​ ពួកគេ​អាច​ធ្វើ​បាន​យ៉ាង​ស្រួល ដូច​ក្នុង​ករណី​ធ្វើ​ច្បាប់​ដែល​ទើប​នឹង​អនុម័ត​កាល​ពី​ថ្មីៗ​នេះ​ប្រឆាំង​ជន​ណា​ដែល​បដិសេធ​ឧ​ក្រិដ្ឋកម្ម​សម័យ​ខ្មែរ​ក្រហម​ជាដើម។ ច្បាប់​ថ្មី​នេះ​ចំណាយ​ពេល​មិន​ដល់​២​សប្តាហ៍​ផង ក្នុង​ការ​បង្កើត​ឡើង​នោះ។​
​លោកព្រាប កុល​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។​
លោក​និយាយថា៖ «ចំណុច​នេះ​គឺ​ជា​ចំណុច​ដែល​យើង​ទាំង​អស់​គ្នា​ចោទ​ជា​សំណួរ។ មក​ពី​គាត់​មិន​ឲ្យ​អាទិភាព​ទៅលើ​ច្បាប់​ហ្នឹង ឬ​មួយ​ក៏​ច្បាប់​ហ្នឹង​វា​អាច​មាន​ឥទ្ធិពល​ទៅលើ​ការ​គ្រប់គ្រង​រដ្ឋ​ ឬ​មួយ​យ៉ាង​ម៉ិច? អាហ្នឹង​ ខ្ញុំ​មិន​ទាន់​ហ៊ានសន្និដ្ឋាន​ជំនួស​ប្រជាពល​រដ្ឋ​ទេ»។​
លោក​ឈិត សំអាត​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​សន្យា​របស់​គណបក្ស​នយោបាយ​ថា​ នឹង​ធានា​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ អាច​មាន​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត​ខ្លះ​ដែរ។​
លោក​និយាយថា៖ «បើ​អ្នក​ដែល​យល់​ថា ច្បាប់​ហ្នឹងមាន​សារៈ​សំខាន់ វា​អាច​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោត​របស់​គាត់​ដែរ ព្រោះ​ថា ​បើ​គណបក្ស​ណា​មួយ​ដែល​មិនប្តេជ្ញា​ចិត្ត​ធ្វើ​អាហ្នឹង​ទេ គឺអាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​ដល់​គណបក្ស​នីមួយៗ»។​
ក្រុមអ្នក​វិភាគ​មួយ​ចំនួនព្រមាន​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ នោះ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ដដែល៕​
ប្រភពពី វីអូអេខ្មែរ
គ្រោះថ្នាក់​ចរាចរណ៍​បង្ក​របួស​ដល់​សកម្មជន​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ឃោសនា​ទី​ពីរ

គ្រោះថ្នាក់​ចរាចរណ៍​បង្ក​របួស​ដល់​សកម្មជន​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះជាតិ​នៅ​ថ្ងៃ​ឃោសនា​ទី​ពីរ

ភ្នំពេញ — យ៉ាង​តិច​មាន​សមាជិក​ដែល​គាំទ្រ​គណបក្ស​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចំនួន​៦​នាក់​បានទទួល​រង​របួស​ស្រាល​និង​សមាជិក​គាំទ្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក ​សម រង្ស៊ី ​ចំនួន​ម្នាក់​បាន​រងរបួស​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កន្លែង​ពីរ​ដាច់​ដោយ​ឡែកៗ​ពីគ្នា។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ។​
គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​មាន​ឡើង​ក្នុង​ខណៈពេល​ដែល​សកម្មជន​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ចូល​រួម​ឃោសនា​រក​សំឡេង​ឆ្នោត​ឈាន​ដល់​ថ្ងៃ​ទីពីរ។ ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ទេ។​
លោក​ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ​អ្នកនាំពាក្យ​អគ្គស្នង​ការនគបាល​ជាតិបាន​និយាយ​ថា​នៅ​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្បួន​រថយន្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ឃុំដំណាក់​អម្ពិល​ ស្រុក​អង្គស្នួល​ខេត្ត​កណ្តាល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​អ្នក​គាំទ្រ​គណបក្ស​បាន​ក្រឡាប់។​
លោក​បាន​បញ្ជាក់​ថា​ហេតុការណ៍​នេះ​បាន​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៦​នាក់​រង​របួស។ ​ចំណែក​ឯ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​វិញ​ម៉ូតូ​មួយ​គ្រឿង​ដែល​បើក​បរ​ដោយ​អ្នក​គាំទ្រគណបក្ស​សង្គ្រោះជាតិ​បាន​ជួប​ឧប្បទ្ទវហេតុ​គ្រោះថ្នាក់​ចររាចរណ៍​បណ្តាល​ឱ្យរង​របួស​ម្នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ។​
បើទោះបីជាមាន​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ឡើង​ទៅ​លើក្រុម​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​នៅក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត​ក៏ដោយ​ក៏​លោក​គៀត ច័ន្ទថារិទ្ធ​បាន​វាយ​តម្លៃ​ថា​រយៈពេល​ពីរ​ថ្ងៃនេះ​សភាពការណ៍​ជារួម​បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អ។​
លោក​និយាយថា៖ «ពីរ​ថ្ងៃ​កន្លង​ផុតទៅ​នេះ​ខ្ញុំ​វាយតម្លៃ​ថា​សភាពការណ៍​មិន​មាន​អ្វី​កត់​សម្គាល់​ទេ។ ​ដំណើរការ​ឃោសនា​គ្រប់​គណបក្ស​ទាំង​អស់​បាន​ប្រព្រឹត្តទៅ​តាម​កម្មវិធី​រៀងៗ​ខ្លួន​ដោយ​រលូន​មិន​មាន​បញ្ហា​អ្វីទេ»។​
មាន​គណបក្ស​នយោបាយ​ចំនួន​៨​ដែល​បាន​ចុះបញ្ជី​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​អណត្តិ​ទី​៥។​ក៏ប៉ុន្តែ​មាន​តែ​គណបក្ស​ធំៗ​តែបី​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​សម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។​
គណបក្ស​ទាំង​បី​នោះ​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​ត្រួតត្រា​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​ គណបក្ស​សង្គ្រោះ​ជាតិ​ដែលទើប​បង្កើត​ថ្មី​រវាង​គណបក្ស​សិទ្ធិ​មនុស្សនិង​គណបក្ស​សម រង្ស៊ី​ និង​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។​
មន្ត្រីជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​នេះ​មិន​អាច​ស្នើសុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេ​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​
លោក​ យឹម សុវណ្ណ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​និយាយ​ថា​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ទេ។​ លោក​បាន​បញ្ជាក់​ថា​ស្លាក​សញ្ញា​របស់​គណបក្ស​សង្គ្រោះជាតិ​នៅ​ខេត្ត​កណ្តាល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ហែក​ចោល។​
លោកថ្លែងថា៖ «មាន​គេហែក​ស្លាក​នៅ​ខេត្ត​កណ្តាល»។​
គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​យ៉ាង​ធំ​នៅ​ក្នុង​ខេត្ត​កំពង់ធំ។​
លោក​ ញឹក ប៊ុនឆៃ​ អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​និយាយ​ថា​គណបក្ស​របស់​លោក​បាន​ទទួល​ការស្វាគមន៍​យ៉ាង​ច្រើន​ពី​ប្រជាជន​នៅ​តាម​ជនបទ។​ លោកបាន​បញ្ជាក់​ថា​ជា​គោលការណ៍​គណបក្ស​បាន​ណែនាំ​សមាជិក​មិន​ឱ្យប្រព្រឹត្ត​អំពើ​ហិង្សា​ទេ​នៅ​ពេល​ឃោសនា​ហើយ​រយៈពេល​ពីរ​ថ្ងៃនេះ​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ។​
លោកឲ្យដឹងថា៖ «មិន​មាន​ទេ។ ​ក្បួន​យើង​ខ្ញុំ​ប៉ះ​ជាមួយ​បក្ស​ប្រជាជន​ ប៉ះទាំង​សង្គ្រោះ​ជាតិតែយើង​ខ្ញុំមិន​មាន​ការ​ជេរប្រទេច​ទេ។ គោល​នយោបាយ​អត់មាន​ទៅប៉ះពារ​អ្វី​អ្នកណា​ទេ»។​
យុទ្ធនាការឃោសនា​រក​សំឡេង​ឆ្នោត​រយៈពេល​មួយ​ខែ​នេះ​យ៉ាង​តិចមាន​កម្លាំង​មាន​សមត្ថកិច្ច​ប្រមាណ​២​ម៉ឺន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​សុវត្ថិភាព​ហើយ​រយៈពេល​មួយ​ថ្ងៃ​នៅ​ថ្ងៃ​បោះ​ឆ្នោត​កម្លាំង​មាន​សមត្ថកិច្ច​នឹង​កើន​ឡើង​ដល់​៧ម៉ឺន​នាក់៕
ប្រភពពី វីអូអេខ្មែរ
គណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន

គណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន

គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍ មួយរបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៣ នេះ ដែលក្នុងសេចក្តីថ្លែងការណ៍​នោះ បានថ្កោលទោស ចំពោះសេចក្តីណែនាំ របស់ក្រសួងព័ត៌មាន ដែលបានហាម មិនអោយមានការចាក់ផ្សាយ បន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសាទាំងអស់ ។ សូមអានសេចក្តីថ្លែងការណ៍លម្អិតខាងក្រោម៖

ដើរកាត់​ចំការឪឡឹក ឃើញ​នាង​នៅតែ​ម្នាក់ឯង​ស្ទុះ​ចូលទៅ​ចាប់រំលោភ​ទាំងកំរោល

ដើរកាត់​ចំការឪឡឹក ឃើញ​នាង​នៅតែ​ម្នាក់ឯង​ស្ទុះ​ចូលទៅ​ចាប់រំលោភ​ទាំងកំរោល

ខេត្តតាកែវ ៖ យុវជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ពុធ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៣ តាម​ពាក្យបណ្តឹង​របស់​បងស្រី​ជនរងគ្រោះ ដែល​បាន​ប្តឹង​ចោទប្រកាន់​យុវជន​ខាងលើ ថា​បាន​រំលោភ​សេពសន្ថវៈ​ប្អូនស្រី​របស់ខ្លួនកាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ នៅក្នុង​ខ្ទប់​ចាំចម្ការ ស្ថិតក្នុង​ឃុំ​បា​ស្រែ ស្រុក​អង្គរបុរី ខណៈពេលដែល​ជនរងគ្រោះ​នៅចាំ​ចំការឪឡឹក​តែម្នាក់ឯង​។
បើតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា យុវជន​ល្មោភ​តណ្ហា​ខាងលើ​មានឈ្មោះ វ​ណ្ណី ស៊ីណា អាយុ ២៧​ឆ្នាំ ចំណែក​ជនរងគ្រោះ​មានឈ្មោះ ហ​.​អ អាយុ ២៧​ឆ្នាំ​។ ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ជន​រង​គ្រោះ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ស្រាវជ្រាវ​ចាប់ខ្លួន​ជនល្មើស​ដើម្បី​យកមក​ធ្វើ​សួរចម្លើយ​​។​
​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ធ្វើការ​សាកសួរ​រួចមក ជនល្មើស​បាន​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ពិតប្រាកដ​មែន​។ ដោយ​រូបគេ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៣ ខ្លួន​បានឃើញ​ជនរងគ្រោះ​នៅក្នុង​ចំការ​ម្នាក់ឯង ស្រាប់តែ​កើត​មាន​​អារម្មណ៍​ផ្លូវភេទ ក៏​ស្ទុះ​ចូលទៅ​ចាប់រំលោភ​នារី​រងគ្រោះរ​ហូត​បានសម្រេច​។​ 
ប្រភពពី៖ cambodiapage.info
តារា​វ័យក្មេង​សាច់​ខ្ចី​មាន​គេ​ចោម​ស្នេហ៍​ច្រើន​ស្រប​ពេល​មិន​ទាន់​ គិតគូរ​

តារា​វ័យក្មេង​សាច់​ខ្ចី​មាន​គេ​ចោម​ស្នេហ៍​ច្រើន​ស្រប​ពេល​មិន​ទាន់​ គិតគូរ​

​ភ្នំពេញៈ​ តារាចម្រៀង​ជើង​ថ្មី​នៅ​ផលិតកម្ម​ភ្លេង​រី​ខ​ត​ដែល​ជា​សាខា​ថ្មី​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​ កញ្ញា​ គៀត​ សុវណ្ណ​ឡា​ង​ បច្ចុប្បន្ន​នេះ​នៅ​មិន​ទាន់​គិតគូរ​ពី​រឿង​ស្នេហា​នៅឡើយ​ទេ​ ។​ ខណៈ​មាន​បុរស​ជា​ច្រើន​កំពុង​តែ​តាម​ស្រឡាញ់​ ដោយ​ក្នុង​នោះ​ក៏​មាន​ បុរស​អាណិកជន​អូស្ត្រាលី​ម្នាក់​ក៏​កំពុង​ព្យាយាម​តាម​ស្រលាញ់​ និង​យក​ធ្វើ​ជា​គូរ​អនាគត​ ។​
​មួយ​រយៈ​ចុង​ក្រោយ​នេះ​ កញ្ញា​សាច់​សខ្ចី​វ័យក្មេង​ សុវណ្ណ​ឡា​ង​ បន្ទាប់​ពី​បាន​ចេញ​បទ​ចម្រៀង​លក់​នៅ​លើ​ទីផ្សា​ជា​លើក​ដំបូង​ត្រូវ​បាន​មហាជន​មើលឃើញ​ថា​ ប្រជាប្រិយភាព​ និង​ការ​គាំទ្រ​ហាក់​មាន​សន្ទុះ​ហក់​ឡើង​ក្រឺតៗ​តែ​ម្តង​ ។​ ជាង​នេះ​ទៅ​ទៀត​នោះ​នាង​ក៏​ជាតា​រា​ស្រី​ដែល​លេចធ្លោ​ជាងគេ​ផ្នែក​រូបសម្បត្តិ​ផង​ដែរ​ ។​
​តារាចម្រៀង​រាង​ស្វែ​ល​វ័យក្មេង​ កញ្ញា​ គៀត​ សុវណ្ណ​ឡា​ង​ បាន​ឲ្យ​ដឹង​កាលពី​ថ្មីៗ​ នេះ​ថា​ «​រឿង​ស្នេហា​មិន​ទាន់​គិត​ទេ​ ព្រោះ​នៅ​ក្មេង​ពេក​តែ​ បើ​ខ្ញុំ​និយាយ​ប្រាប់​ថា​ គ្មាន​អ្នក​ស្រលាញ់​ក៏​គេ​មិន​ជឿ​ដែរ​ គឺ​មាន​ច្រើន​ទាំង​នៅ​ក្នុងស្រុក​ និង​ក្រៅ​ស្រុក​។​ ប៉ុន្តែ​រាល់​ថ្ងៃនេះ​ដោយសា​ខ្ញុំ​មានការ​មមាញឹក​ជាមួយ​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​ ក៏​ដូច​ជា​ការងារ​សិល្បៈ​ដែរ​នោះ​គឺ​ខ្ញុំ​មិន​ទាន់​គិត​ពី​រឿង​មាន​ស្នេហា​នេះ​នៅឡើយ​ទេ​»​ ។​
​ទាក់ទិន​នឹង​ព័ត៌មាន​ដែល​មាន​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អូស្ត្រាលី​កំពុង​ទាក់ទង​ជាមួយ​តារា​ស្រី​វ័យ​២១​ឆ្នាំ​ រូប​នេះ​បាន​បញ្ជាក់​ថា​ អត់​មាន​នោះ​ទេ​ តែ​មួយ​រយៈ​មុន​នេះ​មាន​អ្នក​រស់នៅ​ក្រៅ​ស្រុក​ទាក់ទង​មក​ច្រើន​ដែរ​ ប៉ុន្តែ​មិនដឹង​ថា​បុរស​ទាំងនោះ​រស់នៅ​ប្រទេស​ណាខ្លះ​នោះ​ទេ​ ព្រោះថា​ នាង​មិន​ដែល​ចាប់អារម្មណ៍​ទៅ​លើ​រឿង​នេះ​ ។​
​កញ្ញា​ គៀត​ សុវណ្ណ​ឡា​ង​ ក៏​បាន​បញ្ជាក់​ទៀត​ថា​ ចំពោះ​បុរស​ដែល​នាង​ជ្រើស​រើ​យ​យក​ធ្វើ​ជា​គូរ​អនាគត់​នោះ​ គឺ​ទាល់តែ​នាង​មើល​ពី​ចិត្ត​របស់​គេ​ឱ្យ​ច្បាស់​ជា​មុន​សិន​ ថា​បុរស​ម្នាក់​នោះ​ជា​មនុស្ស​របៀប​ណា​ ?​ តើ​គេ​ស្រលាញ់​គ្រួសារ​របស់​នាង​ទេ​ និង​ស្រលាញ់​នាង​ឬ​អត់​?​ ដូច្នេះ​មុន​នឹង​នាង​ទទួលយក​បុរស​ម្នាក់​ណា​មក​ធ្វើ​ជា​គូរ​គាប់​ទៅ​ថ្ងៃ​អនាគត់​នោះ​គឺ​ត្រូវ​រង់ចាំ​ពេល​វ​លា​មើល​ពី​ចិត្ត​គ្នា​សិន​ ។​
​សូម​រំលឹក​ថា​ កញ្ញា​ គៀត​ សុ​វ​ណ្ណា​ឡា​ង​ ជា​កូនកាត់​ចិន​ កើត​ថ្ងៃ​ទី​១០​ ខែមេសា​ ឆ្នាំ​១៩៩២​ នៅ​សង្កាត់​ទឹកថ្លា​ ក្នុង​រាជធានី​ភ្នំពេញ​។​ នាង​មាន​បងប្អូន​៤​នាក់​ (​ប្រុស​៣​ ស្រី​១)​ ដោយ​នាង​គឺជា​កូន​ទី​២​នៅ​ក្នុង​សមាជិកគ្រួសារ​។​ នាង​មាន​ឪពុក​ឈ្មោះ​ សុខ​ ជា​ ជា​អាជីវករ​លក់​គ្រឿងសង្ហារិម​ និង​មាន​ម្ដាយ​ឈ្មោះ​ ហេង​ គឹ​ម​ឡាយ​ ជា​អាជីវករ​ដូច​គ្នា​។​ តាម​កម្រិតជីវភាព​ក្រុម​គ្រួសារ​របស់​នាង​គឺជា​អ្នក​សំបូរ​ប្រាក់​ ។​
​គៀត​ សុ​វ​ណ្ណា​ឡា​ង​ ជា​បេ​ក្ខ​នារី​មួយ​រូប​ក្នុង​ជុំ​ចុង​ក្រោយ​នៃ​ការ​ប្រលង​ Freshie​ Girls​ and​ Boys​ ប្រចាំឆ្នាំ​២០០៨​។​ ម្ល៉ោះហើយ​ទើប​តារា​ស្រី​រូប​នេះ​មានសំណាង​បាន​ក្លាយជា​តារា​សិល្បៈ​ ដូច​ការ​គ្រោងទុក​ ។​ បើ​ទោះជា​ការ​ប្រលង​កាលនោះ​មិន​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ក្ដី​ ។​ នាង​ចាប់ផ្ដើម​មានមុខមាត់​ក្នុង​កម្មវិធី​សិល្បៈ​ តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។​ នាង​ល្បី​ខ្លាំង​ក្នុង​រឿង​ «​ទឹកចិត្ត​បងស្រី​»​ បន្ទាប់​ពី​បាន​ដើរតួ​សំខាន់​ក្នុង​រឿង​នោះ​ ៕វិរៈ



IMG_0675












ប្រភពពី៖ ABC+
​ខ្មែរ-​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​រួម​គ្នា

​ខ្មែរ-​ថៃ​ចុះ​កិច្ច​ព្រមព្រៀង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​រួម​គ្នា

កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា-​ថៃ លើក​ទី​១ ធ្វើ​នៅ​ក្រសួង​ការបរទេស​កម្ពុជា រាជធានី​ភ្នំពេញ ថ្ងៃ​​ទី​១១ មិថុនា។  ចុចស្តាបសំឡេង
ប្រទេស​ទាំង​ពីរ​បាន​​ព្រមព្រៀង​អភិវឌ្ឍន៍​ខេត្ត​តាម​តំបន់​​​​ព្រំដែន និង​តភ្ជាប់​ពាណិជ្ជកម្ម​​រួម​​គ្នា​ក្នុង​ពេល​ភាគី​ទាំង​ពីរ​​នៅ​មិន​ទាន់​បាន​ដោះ​ស្រាយ​ជម្លោះ​នៅ​​ក្បែរ​ប្រាសាទ​ព្រះវិហារ លើ​ផ្ទៃ​ដី​ជាង ៤​គីឡូម៉ែត្រក្រឡា ដែល​ភាគី​ថៃ ទាមទារ​ថា ជា​របស់​ខ្លួន​នៅ​ឡើយ។
ក្នុង​ជំនួប​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព និង​ព្រមព្រៀង​ជាមួយ​គ្នា អភិវឌ្ឍន៍​រួម​គ្នា​លើ​វិស័យ​​ជា​ច្រើន​តាម​ខេត្ត​​ចំនួន ៧ នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-​ថៃ។ មានដូច​ជា​វិស័យពាណិជ្ជកម្មថៃ ​បាន​ព្រមព្រៀង​ទិញ​កសិផល​ពីកម្ពុជា ឬ​រួម​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​​​កោះកុង ជាដើម។
ក្រៅ​ពី​នេះ កម្ពុជា-​ថៃ ក៏​បាន​ព្រមព្រៀង​បើក​ច្រក​ព្រំដែន​ថ្មី តាម​ខេត្ត​ជាប់​ព្រំដែន​បន្ថែម​ទៀត ដើម្បី​​​បម្រើ​សេវា​ដឹក​ជញ្ជូន​ទំនិញ សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រជាពលរដ្ឋ ឬ​អ្នក​ជំនួញ​ប្រទេស​ទាំង​ពីរ​ថែម​ទៀត។
តាម​រយៈ​កិច្ច​ប្រជុំ​នេះ លោក ហោ ណាំហុង បញ្ជាក់​ថា ភាគី​ថៃ ក៏​ត្រៀម​ផ្ដល់​ជំនួយ​ដល់​កម្ពុជា សម្រាប់​ពង្រីក ឬ​ស្ថាបនា​ផ្លូវ​ជាតិ​​​​​​តាម​​ខេត្ត​ជាប់​ព្រំដែន មាន​ខេត្ត​កោះកុង ជាដើម។ អភិវឌ្ឍន៍​វិស័យ​សុខាភិបាល និង​អគ្គិសនី​ឲ្យ​បាន​ច្រើន​នៅ​ថ្ងៃ​អនាគត៖ «ប្រទេស​ថៃ បាន​យល់​ស្រប​ទទួល​ទិញ​នូវ​កសិផល​ប្រជាជន​យើង​នៅ​តាម​ព្រំដែន ជា​ពិសេស​ពោត ដំឡូង​ឈើ តាម​តម្លៃ​ទីផ្សារ ដោយ​អត់​មាន​ការ​រឹតត្បិត។ យើង​បាន​ឯកភាព​គ្នា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​កោះកុង»
យ៉ាងណា​ក៏ដោយ លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សមាគម​អាដហុក ហាក់​មិន​មាន​ជំនឿ​ថា កម្ពុជា​ទទួល​បាន​ផល​ចំណេញ​គាប់​ប្រសើរ​ពី​ផែនការ​អភិវឌ្ឍន៍​រួម​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ​ទេ ព្រោះ​លោក​កត់​សម្គាល់​ថា រាល់​កិច្ចប្រជុំ ឬ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ផ្សេងៗ​ រវាង​មន្ត្រី​កម្ពុជា-​ថៃ មាន​ដូច​ជា​បញ្ឈប់​សកម្មភាព​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ជាដើម ថៃ​មិន​បាន​គោរព​តាម​ទេ។
បន្ថែម​លើ​នេះ លោក ចាន់ សុវ៉េត បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ទឹក​ដី​កម្ពុជា តាម​ព្រំដែន​ទៅ​ឲ្យ​ប្រទេស​ថៃ នៅ​គ្រា​ព្រំដែន​ប្រទេស​ទាំង​ពីរ មិន​ទាន់​កំណត់​ច្បាស់លាស់​នោះ៖ «តើ​ការ​អភិវឌ្ឍ​ទាំង​ឡាយ​នៅ​តាម​បន្ទាត់​ព្រំដែន​នេះ សម្រាប់​ដើម្បី​ជា​ខែល​ក្នុង​ការ​បំពាន​យក​ទឹក​ដី ឬ​ក៏​ជា​ចំណុច​មួយ​ដើម្បី​ធ្វើ​ឲ្យ​ពលរដ្ឋ​ទាំង​សង​ខាង អាច​ទទួល​បាន​នូវ​ការ​អភិវឌ្ឍ ឬ​ក៏​កាត់​បន្ថយ​ភាព​ក្រីក្រ។ អា​ហ្នឹង​វា​ហាក់​បី​ដូច​ជា​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន ពីព្រោះ​កន្លង​ផុត​មក ថៃ​មិន​ទាន់​បាន​ធ្វើ​អី​ជា​សញ្ញាណ​មួយ​ដើម្បី​បញ្ជាក់​ថា ថៃ​មាន​ភាព​ស្មោះត្រង់​ជាមួយ​ប្រទេស​កម្ពុជា នៅ​ឡើយ​ដែរ ហើយ​មួយ​ទៀត​នោះ​បញ្ហា​ការ​អភិវឌ្ឍ​វា​ទាល់តែ​យើង​ប្រទេស​ជិត​ខាង​ហ្នឹង បាន​កំណត់​សម្គាល់​ទៅ​លើ​ព្រំដែន​ច្បាស់លាស់​ហើយ។ ចុះ​បើ​ព្រំដែន​នៅ​មិន​មាន​ភាព​ច្បាស់លាស់ នៅ​មាន​តំបន់​ស តំបន់​មិន​ច្បាស់លាស់ នៅ​មាន​កន្លែង​ខ្លះ​បាត់​បង្គោល​ឡាក់​បង្គោល​អី? អ៊ីចឹង​ធ្វើ​ការ​អភិវឌ្ឍ​យ៉ាង​ដូច​ម្ដេច? ខ្ញុំ​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ដដែល​រឿង​ហ្នឹង»
ដូចគ្នា​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នក​វិភាគ​បញ្ហា​សង្គម​ឯករាជ្យ ក៏​មិន​ទាន់​មាន​ទំនុក​ចិត្ត​ទៅ​លើ​ផែន​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​រួម​គ្នា​រវាង​កម្ពុជា-​ថៃ អាច​នាំ​ឲ្យ​កម្ពុជា ទទួល​បាន​ផល​ចំណេញ​ច្រើន​ទេ។ លោក​បន្ត​ថា កន្លង​មក ការ​​ចុះ​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ​ជាមួយ​ថៃ កម្ពុជា​មិន​បាន​តាម​ដាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​របស់​ខ្លួន​ជាមួយ​ថៃ ឲ្យ​បាន​ដិតដល់​ទេ។
អ្នក​ស្រាវ​ជ្រាវ​រូប​នេះ មាន​ការ​ព្រួយ​បារម្ភ​ពី​ជំនួយ​អភិវឌ្ឍន៍​តាម​ព្រំដែន​របស់​ភាគី​ថៃ នាំ​ឲ្យ​កម្ពុជា ខាត​បង់ ពិសេស​​បញ្ហា​​បូរណ​ភាព​ទឹក​ដី​តាម​ព្រំដែន៖«រឿង​គេ​ជួយ​ហ្នឹង​ជា​ធម្មតា​យើង​អាច​យក​ជំនួយ​ផ្សេងៗ ទៅ​អភិវឌ្ឍ​តាម​ព្រំដែន ហើយ​ជំនួយ​របស់​ប្រទេស​ជិត​ខាង​អាច​យក​មក​ធ្វើ​អភិវឌ្ឍន៍​នៅ​ទីក្រុង​វិញ​ជា​ការ​ប្រសើរ​ជាង ពីព្រោះ​អ្នក​ផ្ដល់​ជំនួយ គឺ​ភាគ​ច្រើន​មាន​ចំណង។ អា​ហ្នឹង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន។ មួយ​ទៀត ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ បើ​សិន​ជា​ការ​អភិវឌ្ឍ​រួម​គ្នា​នៅ​តាម​ព្រំដែន​គួរ​ជៀសវាង ពីព្រោះ​ថៃ យើង​ត្រូវ​មើល​ល្បិចកល​គាត់​ផង ពីព្រោះ​គាត់​ព្យាយាម​អភិវឌ្ឍន៍​តាម​ព្រំដែន​ជា​បន្ត​បន្ទាប់​មក ក្រែង​លោ​យើង​ជាប់​ផុត នៅ​ពេល​ដី​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ គេ​បបួល​អភិវឌ្ឍន៍​រួម​អី​យើង​ជាប់​ផុង​ទៅ​អភិវឌ្ឍ​រួម​ជាមួយ​គេ អា​ហ្នឹង​វា​ជា​កត្តា​ស៊ី​ជម្រៅ​មួយ​ដែល​យើង​ត្រូវ​ទប់ស្កាត់​ដែរ»
​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​អភិវឌ្ឍន៍​តាម​ព្រំដែន​ និង​ការ​ត​ភ្ជាប់​ពាណិជ្ជកម្ម​កម្ពុជា-​ថៃ នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ភាគី​កម្ពុជា ដឹកនាំ​ដោយ​​លោក​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​ ​និង​សម​ភាគី​ថៃ ដឹក​នាំ​ដោយ​លោក ស៊ូរ៉ាពង្ស រដ្ឋមន្ត្រី​ការបរទេស​ថៃ។
​លោក​ ហោ ណាំហុង បាន​បញ្ជាក់​ថា ការ​បង្កើត​គណៈកម្មការ​ចម្រុះ​នេះ ​ជា​គំនិត​ផ្ដួចផ្ដើម​រវាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​និង​​អ្នកស្រី យ៉ីងឡាក់ នាយករដ្ឋមន្ត្រី​ថៃ៕

ប្រភពពី៖ RFA
អាចម៍ផ្កាយ​ចម្លែក​ដូច​មាស​ស្រោប​ត្បូង

អាចម៍ផ្កាយ​ចម្លែក​ដូច​មាស​ស្រោប​ត្បូង

អាចម៍​ផ្កាយ​​ហ្វូកាងដ៏​ភ្លឺ​ចែង​​ចាំង​​​រក​ឃើញ​នៅ​ប្រទេស​ចិន។

ក្រុងប៉េកាំង : អាចម៍ផ្កាយ​ហ្វូកាង​ដែល​បាន​ឃើញ​ដូច​នៅ​ក្នុង​ រូបភាព​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​វា​មាន​អាយុ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​គឺ​ ចំនួន​៤,៥​ពាន់​លាន​ឆ្នាំ ខណៈ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​វា​នៅ​ទីក្រុង​ហ្វូកាង​ប្រទេស​ចិន ​ក្នុង​ឆ្នាំ​២០០០។
វា​ជា​ប្រភេទ​ថ្ម​អាមច៍ផ្កាយ​ដ៏​ចម្លែក​មាន​លក្ខណៈ​ថ្លា​ពណ៌​មាស​បញ្ចេញ​ ពន្លឺ​ចែងចាំង​លាយឡំ​គ្នា​ដោយ​សារធាតុ Olivine និង​ថ្ម​គ្រីស្តាល់​រួម​ផ្សំ​នឹង​ដែកនីកែល​ទើប​គេ​មើល​ទៅ​រូបរាង​ដូចជា​ ផ្លិត​សត្វ​ឃ្មុំ​នោះ​។
អាចម៍ផ្កាយ​ហ្វូកាង​ត្រូវ​បាន​បុរស​អ្នក​ដំណើរ​ម្នាក់​បាន​ឃើញ​មុន​គេ។ កាល​នោះ​គាត់​បាន​យក​ផ្ទាំងថ្ម​អាចម៍ផ្កាយ​ធំ​ៗ​នោះ​មក​ធ្វើ​កន្លែង​សម្រាប់ ​សម្រាក​ញ៉ាំ​អាហារ​នា​ពេល​ថ្ងៃ​ត្រង់​របស់​គាត់​ជា​រឿយ​ៗ ហើយ​លោក​តែងតែ​មាន​ចម្ងល់​ផង​ដែរ​ថា​តើ​វា​ជា​ប្រភេទ​លោហៈ​ឬ​ថ្ម​អ្វី។ ក្រោយ​មក​លោក​ក៏​បាន​យក​ញញួរ​និង​ដែក​ពន្លាក​មក​ដាប់​ថ្ម​ទាំង​នេះ​ជា​បន្ទះ ​ដុំ​ៗ​ផ្ញើ​ទៅ​ឯ​ប្រទេស​អាមេរិក​ដើម្បី​ពិនិត្យ និង​ពិសោធ​មើល​ថា​វា​ពិតជា​អាចម៍ផ្កាយ​មែន​ឬ​យ៉ាង​ណា?
តាម​ពិត​ថ្ម​អាចម៍ផ្កាយ​កំណើត​នោះ​វា​មាន​ទម្ងន់​សរុប​លើស​ពី​មួយ​ពាន់​ គីឡូក្រាម​ឯណោះ ហើយ​វា​ត្រូវ​បាន​គេ​ជ្រៀក​បំបែក​ជា​បំណែក​ស្ដើង​ៗ​យក​ទៅ​ដេញ​ថ្លៃ​លក់​ ពាសពេញ​ពិភពលោក​ទៀត​ផង។
បើ​យោង​តាម​ក្រុមហ៊ុន​Bonhams​បាន​ឲ្យ​ដឹង​ថា ផ្ទាំង​ថ្ម​អាចម៍​ផ្កាយ​ត្រូវ​បាន​គេ​គិត​ថា កកើត​ដំណាល​គ្នា​នឹង​កំណើត​របស់​ព្រះអាទិត្យ​កាល​ពី​៤,៥​ពាន់​លាន​ឆ្នាំ​មុន ​។ គេ​ជឿ​ថា​ថ្ម​ពណ៌​លឿង​ថ្លា​ដូច​ត្បូង​សិលា​ស្រោប​លោហៈ​មាស​នេះ គឺជា​ស្នូល​អាចម៍​ផ្កាយ​ធំ​មួយ​ដែល​ធ្លាក់​មក​លើ​ភព​ផែនដី​យើង​នេះ៕





ភ្នំពេញប៉ុស្តិ៍
Apple និយាយ​អួត​ពី MacBook Air ទាំង២ប្រភេទ

Apple និយាយ​អួត​ពី MacBook Air ទាំង២ប្រភេទ

កាលពី​ម្សិលមិញ​ក្រុមហ៊ុន Apple បានប្រកាស​ពី MacBook Air ដែល​ទទួលបាន​ស្គាល់​ជា​ផ្លូវ​ជា​មូ​យ Model 11 Inch និង 13 inch ដែលមាន​ថាមពល​ថ្ម​ប្រើប្រាស់​ពេញ​មួយថ្ងៃ ប៉ុន្តែ​ឥឡូវនេះ​ក្រុមហ៊ុន​បាន​លើក​សមាសភាព​ពិត​របស់ MacBook Air ទាំង២ Model នេះ​មក​រៀបរាប់​នៅលើ​គេហទំព័រ Geeky-Gadgets។តាម​ប្រភព​ព័ត​មាន​ពី​អ្នកតំណាង​ក្រុមហ៊ុន Apple បាន​ឲ្យ​ដឹងថា MacBook Air 11 Inch មាន LED Blackit Display 11.6 Inch ជាមួយ Resolution 1366x768 Pixels មាន​បញ្ចូល Processor របស់ Intel 1.3 GHz Dual Core Intel i5 ឬ Dual Core 1.7 GHz i7 និង RAM 8GB Dual Plus ព្រមទាំង​ជ្រើសរើស 128GB SSD ឬ 256 GB SSD ។ចំណែក MacBook Air 13 Inch វិញ​មាន​តម្លើង LED Blacklit Display 13 Inch ជាមួយ Resolution 1440x900 Pixels និង​អាច​ជ្រើសរើស 1.3 GHz Dual Core Intel i5 Processor ឬ Dual Core 1.7 GHz Intel i7 Processor RAM 8GB ជាមួយ 128GB SSD ឬ 256GB SSD ។ជាមួយគ្នា​សម្រាប់ MacBook Air ទាំង២ Model នេះ​គឺមាន Processor ជំនា​ន់ទី៤ របស់​ក្រុមហ៊ុន Intel និង Intel HD Grapgics 500 WiFi 802.11ac ព្រមទាំង​តម្លៃ ៩៩៩ដុល្លារ MacBook Air 11Inch និង ១០៩៩ដុល្លារ សម្រាប់ MacBook Air 13 Inch ៕



ប្រភពៈ​ITCITY
ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ត្រូវ​ក្មេងស្ទាវ​មួយក្រុម​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​

ស្ត្រី​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ ត្រូវ​ក្មេងស្ទាវ​មួយក្រុម​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ​

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ដែលមាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅហើយនោះ ត្រូវបាន​ក្រុម​ក្មេ​ងស្ទាវ​​២​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ បាន​ធ្វើ​​សកម្មភាព​ចាប់រំលោភ​យ៉ាង​ព្រៃផ្សៃ ​ខណៈដែល​នាង​រួមទាំង​កូនតូចៗ​កំពុងតែ​ដេក​នៅក្នុង​ខ្ទម​ចាំចំការ​មួយកន្លែង ស្ថិត​ក្នុងភូមិ​បឹង​កក់ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣​។​
បើតាម​ការរៀបរាប់រ​បស់​អ្នកភូមិ​បាន​ឲ្យ​ដឹងថា អំពើ​ចាប់រំលោភ​នេះ​ប្រហែលជា​កើតឡើង​ដោយសារតែ​ការសង​សឹក ព្រោះ​ស្ត្រី​ម្នាក់នេះ ត្រូវជា​ប្រពន្ធ​របស់​តា​ចាស់​ល្មោភ​តណ្ហា ​ចាប់រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ ដែល​ទើបតែ​ត្រូវ​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​ពន្ធ​នា​គា​រ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​
​បើតាម​ការរៀបរាប់រ​បស់​ស្ត្រី​គ្រោះ​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៣​ ពេលដែល​ប៉ូលិស​ចាប់​ប្តី​យកទៅ​បាត់ យប់​នោះ​​នាង​ដេក​ជាមួយ​កូនតូច​២​នាក់​របស់​ប្រពន្ធដើម ស្រាប់តែ​ម៉ោង​ប្រមាណ​៩​យប់ មាន​ក្មេង​មួយក្រុម​មាន​គ្នា​៥​នាក់ ក្នុងនោះ​៣​នាក់​​បាននាំគ្នា​ទៅ​លួច​ចាប់​មាន់​របស់គាត់ ។ ចំណែក​២​នាក់​ទៀត​បាន​ចូលចាប់​នាង​អូស​ចេញពី​ខ្ទម​យកទៅ​ក្បែរ​ដំបូក​មួយ​ស្ថិត​នៅ​​ខាងក្រោយ​ខ្ទម រួចហើយក៏​ធ្វើ​សកម្ម​ភាព​​ចាប់​នាង​រំលោភ​បានសម្រេច​ម្តងម្នាក់ ។​
 នាង​បញ្ជាក់ថា មុនពេល​រំលោភ ពួកវា​ទាំង​២​នាក់​បាន​វាយ​ធ្វើបាប ដោយ​ខ្លះ​ជិះ​លើ​ផ្ទៃពោះ ខ្លះ​វាយ​នាង​នឹង​ដៃ ។ នាង​បានបង្ហាញ​ស្នាមរបួស​ដែល​ពួកក្មេង​ពាល​អូស​កាត់​ព្រៃ​ដាច់​រលាត់​ខ្នង និង​ជាំមុខ ។ នាង​បន្តថា ក្នុងពេល​កើតហេតុ​នោះ​កូនៗ​ទាំង​២​នាក់​បាន​ឃើញ និង​ភ័យខ្លាចរ​ត់ទៅ​ពួន​ក្នុង​ប្រឡាយ​ក្បែរ​នោះ ។
​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង សមត្ថកិច្ច​បាន​ចាត់​កម្លាំង​ឲ្យ​ចុះ​ស្រាវជ្រាវ​សំណុំ​រឿងនេះ​ភ្លាមៗ​ផងដែរ ព្រោះ​ជា​បទល្មើស​ឧក្រិដ្ឋ មិន​អាចឱ្យ​ជនល្មើស​គេចខ្លួន​បានឡើយ ៕


ប្រភពពី វត្តភ្នំ
ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​ដែល​លួច​ក្របី​ជាង​១០​របស់លោក​មេឃុំ​

ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម​ដែល​លួច​ក្របី​ជាង​១០​របស់លោក​មេឃុំ​

ខេត្តក្រចេះ ៖ កម្លាំង​​សម​​ត្ថ​កិ​​ច្ច​​ស្រុក​​សំបូរ បាន​ធ្វើ​​ការ​​​ចាប់​​ឃាត់​​ខ្លួន ជន​សង្ស័យ​​២​​នាក់​​ក្នុង​ចំ​ណោម​​បក្ខ​ពួក​៦​​នាក់ កាល​ពី​​ល្ងាច​​ថ្ងៃ​ទី​០​៩ ខែ​មិ​ថុ​នា ឆ្នាំ​​២០១៣ បន្ទាប់​​ជន​សង្ស័យ​​ទាំង​នេះ​​បាន​ធ្វើ​​សកម្ម​ភាព​​លួច​​ក្រ​បី​ជាង​​១០​​ក្បាល​​របស់​លោក​​មេ​ឃុំ​​ក្បាល​ដំរី ស្រុក​​សំបូរ​។​
 បើតាម​ការរៀបរាប់រ​បស់​សមត្ថកិច្ច​បានឱ្យ​ដឹងថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​នេះ​មានឈ្មោះ ប៊ុន រម្យ អាយុ​៣០​ឆ្នាំ ជា​អ្នក​មើលផ្លូវ និង​ម្នាក់ទៀត​ឈ្មោះ ម៉ៅ សំ​អូន អាយុ​៣៣​ឆ្នាំ ជា​ជនដៃដល់​ចូល​កៀង​ក្របី ។ ជន​ទាំងពីរ​នាក់​នេះ​មាន​ទីលំនៅ​ក្នុង​ភូមិ​អូ​រ​ពោរ ឃុំ​ក្បាលដំរី ស្រុក​សំបូរ ហើយក៏​ជា​មុខសញ្ញា​ចាស់​ដែល​នគរបាល​កំពុង​តាម​ប្រមាញ់​ផងដែរ​ក្នុងករណី​អំ​ពើ​ចោរ​កម្ម ។ ជាមួយនឹង​ការឃាត់ខ្លួន​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ​ចំ​នួន​​២​គ្រឿង ដែល​ពួកគេ​ជិះ​ធ្វើ​សកម្មភាព ទូរស័ព្ទដៃ​១​គ្រឿង និង​កាំបិត​សម្រាប់​ពន្លះសាច់​ក្របី ២​។​
​បន្ទាប់ពី​ការសាកសួរ​រួចមក ជនសង្ស័យ​ទាំង​២​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ប​ញ្ជូ​ន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​១១ មិថុនា ដើម្បី​ចាត់ការ​ទៅ​តាម​នីតិ​វិធី​ច្បាប់​បន្តទៀត ៕


ប្រភពពី វត្តភ្នំ

ស្ទាវ​ជិះ​ម៉ូតូ​ចាក់កួរ​ផ្លូវ​មាត់ទន្លេ​តា​ខ្មៅ​ដួល​ផ្ទប់​នឹង​ការ៉ូឡា​របួសធ្ងន់

ស្ទាវ​ជិះ​ម៉ូតូ​ចាក់កួរ​ផ្លូវ​មាត់ទន្លេ​តា​ខ្មៅ​ដួល​ផ្ទប់​នឹង​ការ៉ូឡា​របួសធ្ងន់

ខេត្តកណ្តាលៈ​ ក្មេង​ស្ទាវ​ម្នាក់​បាន​បើក​ម៉ូតូ​បត់​ចាក់​គួរ​ផ្លូវ​កោង​មាត់ទន្លេ​តា​ខ្មៅ​បណ្ដាល​ឲ្យ​ដួល​បោក​ផ្ទប់​នឹង​ការ៉ូឡា​ខឿន​សួនច្បារ​រង​របួស​សន្លប់​ស្តូកស្តឹង​ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៣​ នៅ​ត្រង់​ចំណុច​ផ្លូវ​កោង​សួនច្បារ​តា​ខ្មៅ​ ក្នុងភូមិ​តា​ខ្មៅ​ សង្កាត់​តា​ខ្មៅ​ ក្រុង​តា​ខ្មៅ​។​
​ស្ទាវ​ដែល​រង​របួស​បើក​ម៉ាក​ម៉ូតូ​គុប​មូល​ ពណ៌​ខៀវ​ គ្មាន​កញ្ចក់​ គ្មាន​ស្លាក​ និង​មិន​មួក​សុវត្ថិភាព​ បើក​តាម​បណ្ដោយ​ផ្លូវ​២១​ តាម​មាត់ទន្លេ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​ លុះ​មក​ដល់​ចំណុច​ផ្លូវ​កោង​ទៅ​មាត់​ស្ទឹង​ក៏​ជិះ​ចាក់កួរ​បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​នឹង​ខឿន​ការ៉ូឡា​បណ្ដាល​ឲ្យ​ដួល​រង​របួសធ្ងន់​ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ភ្លាមៗ​ផង​ដែរ​៕
ប្រភពពី នគរវត្ត
អ្នកទោស​ទួលស្លែង​ម្នាក់​គំរាម​ប្តឹងលោក​ កឹម សុខា

អ្នកទោស​ទួលស្លែង​ម្នាក់​គំរាម​ប្តឹងលោក​ កឹម សុខា

ភ្នំពេញ — លោក ជុំ ម៉ី ​អតីត​អ្នកទោស​គុក​ទួលស្លែង​និង​ជា​ប្រធាន​សមាគម​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ហៅថា​សមាគម​ក្សេមក្សាន្ត​គ្រោង​នឹង​ប្តឹងលោក ​កឹម សុខា ស្រប​ពេលដែល​សមាគម​ក្សេមក្សាន្ត​គ្រោង​នឹង​បោះឆ្នោត​ផ្លាស់ប្តូរ​រូប​លោក។
គម្រោង​របស់​លោក​ ជុំ ម៉ី ​ធ្វើឡើង​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក ​កឹម សុខា ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​សុំទោស​តាម​ការទាមទារ​របស់​លោក។​ យ៉ាង​ណា​ក៏ដោយ​ ​លោក​ ជុំ ម៉ី នៅ​មិនទាន់​ដឹង​ច្បាស់​ថា​នឹង​ត្រូវដាក់​បណ្តឹង​ទៅកាន់​តុលាការ​នៅពេលណា​នោះទេ។ លោក​ ជុំ ម៉ី​ គ្រាន់​តែ បញ្ជាក់​ថា៖ «អាច​នឹងឆាប់ៗហ្នឹង​មើលទៅ»។
លោក​ ជុំ ម៉ី​ កាលពី​ថ្ងៃអាទិត្យ​ទី០៩​កន្លង​ទៅនេះ ​បានដឹក​នាំ​បាតុកម្ម​ប្រឆាំង​ទាមទារ​ឱ្យលោក កឹម សុខា​ ចេញមុខ​សុំទោស​ជា​សាធារណៈ។ លោក​ កឹម សុខា​ ត្រូវបាន​ចោទ​ប្រកាន់ថា ​បាន​និយាយ​ថា​ គុក​ទួល​ស្លែង​គឺជា​គុក​សិប្ប​និម្មិត​នឹង​រៀបចំឡើង​ដោយ​វៀតណាម។ ទោះបីជា​យ៉ាងនេះ​ក្តី ​ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ចោល​លើ​ការចោទប្រកាន់។
លោក​ យ៉ែម ប៉ុញ្ញ​ឫទ្ធិ ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយថា​ប្រសិនបើ​លោក​ ជុំ ម៉ី​ ដាក់ពាក្យ​ប្តឹង​លោក ​កឹម សុខា ​នោះ​គឺជា​សិទ្ធិ​សេរីភាព​របស់​លោក​ជុំ ម៉ី។
លោកនិយាយថា៖ «ដល់ពេល​អីចឹ​ង​ទៅ​ខ្ញុំ​អត់​ដឹងថា​គាត់​ចង់​ធ្វើ​អ្វី​ទៀត។ នេះ​ជា​សិទ្ធិ​របស់​គាត់។ ចង់​និយាយ​ថា​ កឹម សុខា​ ក៏​ជា​ជនរងគ្រោះ​ក្នុងសម័យ​ខ្មែរ​ក្រហម»។
រដ្ឋសភា​ជាតិ​កម្ពុ​ជា​កាលពី​ថ្ងៃទី០៨ ​ខែមិថុនា​កន្លង​ទៅ​នេះ​បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដាក់ទោស​ជន​ទាំងឡាយណា​ដែល​ហ៊ាន​អះអាង​ថា ​មិនមាន​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម។ ការអនុម័ត​នោះ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​ឡើយ។​ច្បាប់​នេះ​ត្រូវ​បង្កើត​ឡើង​ក្រោយពី​មានការ​ចោទប្រកាន់​ទៅលើ​លោក​ កឹម សុខា ​តាម​ការបង្គាប់​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន។
លោក សុខ សំអឿន ​នាយក​ប្រតិបត្តិ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ហៅថា​ក្រុម​អ្នក​ច្បាប់ការពារ​សិទ្ធិ​កម្ពុជា​ប្រាប់ថា​លោក​ ជុំ ម៉ី​ អាច​ប្តឹង​លោក ​កឹម ​សុខា​ បាន​ប៉ុន្តែ​ក្រម​ព្រហ្ម​ទណ្ឌមិនអាច​ដាក់ទោស​នោះ​ទេ​ ដោយ​ហេតុថា​ច្បាប់​នេះ​កើត​ក្រោយ​ពេលដែល​លោ​ គឹម សុខា​ត្រូវបាន​ចោទប្រកាន់។
កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន នៅ​ឯ​កិច្ច​ប្រជុំរបស់​គណៈកម្មាធិការ​នាយក​នៃ​សមាគម​ក្សេម​ក្សាន្តចំនួន​ប្រាំបី​រូប​ក្នុងចំណោម​សមាជិក​សរុប​ប្រាំ​បួនរូប ​បាន​អនុម័ត​ថា ​នឹង​ជ្រើសរើស​ប្រធាន​សមាគម​ថ្មី​ជំនួស​លោក​ ជុំ ម៉ី។
លោក ឆាត គឹមឈុន ​ប្រធាន​រដ្ឋបាល​នៃ​សមាគម​នេះ ​បញ្ជាក់​ថា កិច្ចប្រជុំ​ដើម្បី​ជ្រើស​រើសប្រធាន​ថ្មី​នឹង​ត្រូវ​ធ្វើឡើង​ក្រោយពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​ខែកក្កដា ​ខាង​មុខ​នេះ។
លោក ​ឆាត គឹមឈុន ​បន្ថែម​ថា៖ «យើង​ជ្រើសរើស​មេដឹកនាំ​កុំឱ្យពាក់ព័ន្ធ​នឹង​គណបក្ស​នយោបាយ»។
លោក ជុំ ម៉ី ​ព្រមាន​ថា.«ប្រសិនជា​ចង់​ដក​រូបលោក​មែន​នោះ»ត្រូវមាន​ហេតុផល​ត្រឹមត្រូវ​ពីព្រោះ​លោក​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ៕

ប្រភពពី វីអូអេខ្មែរ
អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រំខាន​ការជួប​ប្រជុំ​របស់​បក្ស​ប្រឆាំង

អ្នកគាំទ្រ​បក្ស​កាន់​អំណាច​រំខាន​ការជួប​ប្រជុំ​របស់​បក្ស​ប្រឆាំង

ភ្នំពេញ — ការជួបជុំ​សំណេះ​សំណាល​របស់​គណបក្ស​ប្រឆាំង​បាន​រងនូវ​ការរំខាន​ពីក្រុម​អ្នកគាំទ្រ​គណបក្ស​កាន់​អំណាច​នៅ​ខេត្ត​កណ្តាល​នា​ថ្ងៃ​អង្គារ៍​នេះ​ហើយ​ពួកគេ​បាន​រាំងខ្ទប់​លោក ​កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​មិន​ឱ្យ​ចាក​ចេញ​ពី​កន្លែង​ប្រជុំ​មុន​នឹង​ត្រូវ​ក្រុម​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជម្លៀស​លោក​ចេញ។​
លោក​ ចាន់ ចេង​ សមាជិក​សភា​តំណាង​រាស្ត្រ​របស់​គណបក្ស​សម រង្ស៊ី ​បាន​និយាយ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បង្កើត​ឡើង​ដោយ​គណបក្ស​សិទ្ធិមនុស្ស​និង​គណបក្ស​សម​រង្ស៊ី​បាន​រៀបចំ​វេទិការ​ សម្តែង​មតិ​មួយ​ដើម្បីជួប​ជុំ​រវាង​លោក​កឹម សុខា​និង​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​លើកដែក​និង​ស្រុក​ល្វាអែម​ខេត្ត​កណ្តាល។​
លោក​បាននិយាយ​ថា​វេទិការ​ទាំង​ពីរនេះ​ត្រូវ​បាន​រំខាន​ដោយ​អ្នក​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច​ដោយ​ពួកគេ​ជាច្រើន​បាន​ជិះ​រថយន្ត​ដឹក​ឧគ្ឃោសនស័ព្ទ​មកចាក់​រំខាន​មិន​ឱ្យអ្នក​ចូល​រួម​ពិធី​ស្តាប់​ប្រសាសន៍​របស់​លោក​កឹម​ សុខា​បាន។​
លោក​បាន​និយាយ​ថា​ក្រោយពេល​បញ្ចប់​វេទិការ​យ៉ាង​តិចមាន​រថយន្ត​ចំនួន​១២​គ្រឿង​បាន​មក​រារាំង​រថយន្ត​របស់​លោក​កឹម សុខា​មិន​ឱ្យចេញ​ពី​វេទិការ​ក៏ប៉ុន្តែ​ទោះជា​យ៉ាង​ណាក៏ដោយ​ការរំខាន​ទាំង​ពីរ​លើក​នេះ​មិន​មាន​ការ​ប៉ះទង្គិច​ដោយ​អំពើ​ហិង្សា​ទេ។​
លោក​ចាន់ ចេង​បន្ថែម​ថា៖ «ហែរ​មកដល់​វេទិការ​គណបក្ស​សង្គ្រោះជាតិ​ហ្នឹង​ឈប់​ រួច​ចាក់​មេក្រូ​ហើយស្រែក។​យើង​បាន​ប្រាប់​ទៅ​អ្នក​ចូលរួម​នៅ​ក្នុង​កម្មវិធី​ហ្នឹង​ឱ្យស្ងប់​ស្ងៀម​អត់ឱ្យមាន​អំពើ​ហិង្សា​ទេ»។​
លោក​ចាន់ ចេង​បាននិយាយ​ទៀតថា​លោក​បាន​រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន​ដែរ​អំពី​សកម្ម​ភាព​រំខាន​របស់​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​តែ​ពួកគេ​មិន​បាន​អន្តរាគម​ទេ​ដោយ​បណ្តោយ​ឱ្យសកម្មភាព​នេះ​ធ្វើឡើង​ដោយ​គ្មាន​ការ​រារាំង។​
លោក​ អ៊ុង ស៊ីលាក់​ ប្រធាន​ប៉ុស្តិ​ប៉ូលិស​ឃុំដីឥដ្ឋ​មិន​បាន​អត្ថាធិប្បាយ​ទេ​ដោយ​លោក​និយាយ​ថា​កំពុង​ជាប់​រវល់។​
លោកបាន​និយាយថា៖ «បាទ​ខ្ញុំជាប់​រវល់។ ​និយាយ​ជាមួយ​បង​ឯង​អត់​កើតទេ»។​
លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ពី​ខេត្ត​ពោធិ៍សាត់​នៅថ្ងៃ​អង្គារ​នេះ​បាន​និយាយ​ថា​លោក​បាន​ដឹង​ពី​សកម្មភាព​ទាំងនេះ​ដែរ​តែលោក​មិន​បានចេញ​អន្តរាគមន៍​ណាមួយ​ប្រាកដ​ប្រជាទេ។លោក​ហ៊ុន សែន​ គ្រាន់​តែបាន​និយាយ​ថា​ឱ្យ​មាន​ការ​អត់ធ្មត់​តែប៉ុណ្ណោះ។
លោកថ្លែងថា៖ «យើង​ក៏អត់ធ្មត់​ធ្វើ​យ៉ាងណា​កុំឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ប្រើ​ត្រឹម​តែ​ញ៉ោម​ខន្តីបាន​ហើយ​។ប៉ុន្តែ​សូម​អំណាវ​នាវ​ទៅ​បក្ស​ប្រឆាំង​និង​បក្ស​ដទៃទៀត​ឃោសនា​តែ​ពីទំនិញ​របស់​ខ្លួន​បាន​ហើយ​កុំវាយ​ប្រហារ​គេ»។​
លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហៅ​ការ​រារាំង​នេះ​ជា​ចេតនា​របស់​រដ្ឋាភិបាល​ទៅ​លើ​សកម្មភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង​ដោយ​សារ​តែ​ខ្លាច​ចាញ់​ឆ្នោត។​
លោកនិយាយថា៖ «គណបក្ស​ប្រជាជន​ រដ្ឋាភិបាល​គាត់​ចាប់ផ្តើម​ធ្វើអំពើនេះ​ថោក​ទាប​ណាស់ ​ដែល​សង្គម​ប្រជាធិបតេយ្យ​គេអត់​ធ្វើ​ទេ​។ប្រកួត​ប្រជែង​ឈ្នះចាញ់​អ្វី​ឱ្យធ្វើត្រឹម​ត្រូវ​មក​ ហើយ​កុំថា​ប្រជាពលរដ្ឋ​ មិនមែន​ប្រជាពលរដ្ឋទេ​សុទ្ធតែ​មេដឹកនាំ​នៅ​តាម​មូលដ្ឋាន​ទាំង​អស់​ដែលនាំ​ក្បួន​ឡាន​អស់ហ្នឹង»។​
ការ​រារាំង​សកម្មភាព​ជួប​ប្រជុំ​រវាង​អ្នក​តំណាង​រាស្រ្ត​មក​ពី​គណបក្ស​ប្រឆាំង​បាន​កើត​មាន​ឡើង​មុន​ពេល​ការឃោសនា​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃទី​២៧​ខែ​មិថុនា​នេះ​ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​២៦​ខែ​កក្កដា។​
លោក​ទេព នីថា​ អគ្គលេខា​ធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​និយាយ​ថា​សកម្ម​ភាព​រំខាន​នេះ​មិន​មែនជា​សមត្ថកិច្ច​របស់​គ.ជ.ប​ទេ៕

ប្រភពពី វីអូអេខ្មែរ
បដិមាដែលអាមេរិក ប្រគល់ឲ្យខ្មែរ បាននាំមក ដល់កម្ពុជាហើយ បន្ទាប់ពីឃ្លាតឆ្ងាយ ជាង ៤០ឆ្នាំ

បដិមាដែលអាមេរិក ប្រគល់ឲ្យខ្មែរ បាននាំមក ដល់កម្ពុជាហើយ បន្ទាប់ពីឃ្លាតឆ្ងាយ ជាង ៤០ឆ្នាំ


ភ្នំពេញៈ រូបបដិមា នៃសតវត្សរ៍ទី១០ ចំនួនពីរ ដែលសារមន្ទីរមេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេចប្រគល់ឲ្យកម្ពុជាវិញ បានដឹកបញ្ជូនមកដល់កម្ពុជាវិញហើយ នៅម៉ោង៦ល្ងាចថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ បន្ទាប់ពីជនខិលខូចលួចលក់ទៅក្រៅប្រទេសអស់រយៈពេលជាង ៤០ឆ្នាំ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលកន្លងមក បានឲ្យដឹងថា រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ មានឈ្មោះថា “បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់” (Kneeling Attendants) ត្រូវបានគេលួចចេញពីប្រាសាទចិន នៅកោះកែរ អំឡុងពេលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០។ បដិមាទាំងពីរ ត្រូវបានសារមន្ទីរ Metropolitan នៅទីក្រុងញ៉ូវយ៉ក សម្រេចប្រគល់មកឲ្យកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជាច្រើនលើកជាមួយទីស្តីការគណរដ្ឋមន្រ្តី។
លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន របស់ខ្លួន កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា «សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់ចត់នូវបទដ្ឋាន នៃទីកន្លែងដើម មិនគ្រាន់តែទៅលើរបស់ដែលទើបទទួលបានថ្មីៗប៉ុណ្ណោះទេ ថែមទាំងទៅលើការសិក្សា ស្វែងយល់ពីការងារក្នុងការ  ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរយាមកហើយ ក្នុងកិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បានច្រើនដែលអាចធ្វើបានទៅលើប្រវត្តិ នៃកម្មសិទ្ធិផង»។
លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹងទំនាក់ទំនងល្អ ដែលខ្លួនបានរក្សាជាយូរមកហើយនោះ ជាមួយនឹងស្ថាប័នអ្នកសិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា ក៏ដូចជាការជំរុញ និងបន្តនូវទំនាក់ទំនងល្អព្រមទាំងកិច្ចពិភាក្សាល្អរវាងគ្នា និងគ្នា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុតជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធតស៊ូ ដ៏ល្បីល្បាញរវាង ភីម (Bhima) និង ឌូរីយោដាន (Duryod hana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយដែលត្រូវបានគេកាច់បំបាក់ យ៉ាងឃោរឃៅ ពីជើងទម្ររបស់វា និងបញ្ជូនចេញទៅក្រៅប្រទេស៕

ប្រភពពី៖ NEWS4KH
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved