បណ្តាញសង្គមជាវេទិកាថ្មីនៃការឃោសនារកសំឡេងឆ្នោត
ក្រុមអ្នកគាំទ្រ និងទីចាត់ការនយោបាយរបស់គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិបានប្រើប្រាស់បណ្តាញសង្គមទាំងនេះដើម្បីជូនដំណឹងដល់សាធារណជន បង្ហាញពីគោលនយោបាយនិងសកម្មភាពរបស់ខ្លួន និងអំពាវនាវឲ្យមានការបោះឆ្នោតគាំទ្ររៀងៗ។
លោក ហូ វណ្ណ អតីតតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ពន្យល់ថាការឃោសនានយោបាយតាមរយៈហ្វេសប៊ុក(Facebook) និងការហែ ក្បួនឃោសនាគឺជាការជួយបំពេញឲ្យគ្នាទៅវិញទៅមក។
លោកនិយាយថា៖ «បើនិយាយពីសារនយោបាយគឺយើងបញ្ជូនចេញទៅស្របគ្នា ប៉ុន្តែការហែក្បួន ជាទូទៅមានការបញ្ចេញកម្លាំងកាយ មានការចំណាយជាសម្ភារៈ ជាថវិកាអស់ច្រើន តែបើហ្វេសប៊ុក (Facebook) យើងឃើញថា បានទទួលព័ត៌មានផង គ្មានការគាបសង្កត់ផង ហើយមិនមានចំណាយថវិកាផង»។
នៅលើទំព័រហ្វេសប៊ុក (Facebook) របស់អ្នកមានទំនោរទៅកាន់គណបក្សសង្រ្គោះជាតិ និងហ្វេសប៊ុក (Facebook) របស់គណបក្សនេះបានបង្ហោះរូបភាពនៃការឃោសនាប្រចាំថ្ងៃ ព្រមទាំងចែករំលែកឈុតវីដេអូខ្លីៗពីគេហទំព័រយូធូប (Youtube) ដើម្បីទាក់ទាញឲ្យប្រជាពលរដ្ឋសម្រេចចិត្តបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។
រូបភាព និងវីដេអូ ដោយមានសារគាំទ្រខ្លីៗ បង្ហាញពីការប្រមូលផ្តុំរបស់ក្រុមយុវជនដែលមានឯកសណ្ឋាន និងមួករូបព្រះអាទិត្យរះ។ ពួកគេបិទនិមិត្តសញ្ញានេះលើមុខ និងការលើកដៃលេខ៧ជាតំណាងឲ្យលេខរៀងទី៧របស់គណបក្សសង្គ្រោះជាតិក្នុងសន្លឹកឆ្នោត។ មួយវិញទៀត គេហទំព័រទាំងនោះ ក៏បានលើកឡើងផងដែរនូវចំណុចអវិជ្ជមានកន្លងមក ស្ថិតក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។
គណបក្សប្រជាជនកម្ពុជា និងអ្នកគាំទ្រគណបក្សកំពុងកាន់អំណាចយ៉ាងរឹងមាំនេះក៏បាននិងកំពុងប្រើប្រាស់បណ្តាញសង្គមខាងលើនេះដែរ។ គណបក្សនេះបានបង្ហោះ និងចែករំលែករូបភាព និងវីដេអូអំពីសកម្មភាពឃោសនាគណបក្សខ្លួនដែលពាក់ឯកសណ្ឋាន មួកនិងនិមិត្តសញ្ញាគណបក្សដែលមានរូបទេវតាបាចផ្កា ព្រមទាំងគាស់កកាយអំពីសមិទ្ធិផលល្អៗ ដែលបង្កើតដោយរដ្ឋាភិបាលក្នុងអាណត្តិមុនៗ រួមទាំងប្រកាសគោលជំហរនយោបាយជាពាក្យកាព្យ ឬសារខ្លីៗថា នឹងមិនផ្លាស់ប្តូរលេខ៤ចេញឡើយ។
ទោះជាបែបនេះក្តី លោកផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា នៅតែគិតថា បណ្តាញសង្គមមិនមានឥទ្ធិពលខ្លាំងដល់លទ្ធផលបោះឆ្នោតនោះទេ។
លោកបកស្រាយថា៖ «ហ្វេសប៊ុក (Facebook)ជាប្រព័ន្ធព័ត៌មានមួយដែលទាំងអស់គ្នាមានសេរីភាពក្នុងការបញ្ចេញយោបល់រៀងៗខ្លួន ជាពិសេសបានបង្ហាញនូវអ្វីដែលជាសមិទ្ធិផលរបស់គណបក្សប្រជាជន។ វាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរច្រើនទេ។
បណ្តាញសង្គមគ្រាន់តែជាចំណែកមួយចំនួនជាមួយសកម្មភាពយុវជនផ្សព្វផ្សាយព័ត៌មានរបស់គណបក្ស។ ក៏ប៉ុន្តែអំណាចរបស់គណបក្សប្រជាជនគឺនៅនឹងមូលដ្ឋាន តាមរយៈការចុះជាប់នឹងប្រជាពលរដ្ឋអស់រយៈពេល៥ឆ្នាំកន្លងមកនេះ និងសមិទ្ធិផលមើលឃើញជាក់ស្តែងនឹងភ្នែកនៃការអភិវឌ្ឍ»។
លោក រិន សំណាង ជាអ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ ព្រមទាំងជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាផងដែរ។
លោកបានបង្ហាញរូបផ្ទាល់ខ្លួនលើទំព័រហ្វេសប៊ុក (Facebook) ដោយពាក់អាវ និងមួកដែលមាននិមិត្តសញ្ញាគណបក្សប្រជាជនកម្ពុជា។
លោកថ្លែងថា៖ «ធម្មតាទេ Profile Facebook ជាProfile ផ្ទាល់ខ្លួនដែលខ្ញុំអាចបង្ហាញនូវការពេញចិត្តរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ពិតជាមានអ្នកខ្លះគេអត់ពេញចិត្តគណបក្សប្រជាជនកម្ពុជា។ វាជាសិទ្ធិរបស់ខ្ញុំក្នុងការស្រឡាញ់គណបក្ស»។
នៅប្រទេសកម្ពុជា អ្នកប្រើប្រាស់បណ្តាញសង្គមមានចំនួនកាន់តែច្រើនទៅៗ ស្របពេលដែលបណ្តាញអ៊ីនធើណែតមានភាពទូលំទូលាយជាងមុន៕
អ្នកប្រើប្រាស់ ហ្វេសប៊ុក (Facebook) នៅកម្ពុជាមានរហូតដល់ជាង៧៨០ ០០០នាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតដែលផ្សព្វផ្សាយដោយគេហទំព័របស់ហ្វេសប៊ុក (Facebook)នៅឆ្នាំ២០១៣នេះ។ រីឯអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតមានចំនួន១០ភាគរយនៃចំនួនប្រជាពលរដ្ឋកម្ពុជាសរុប១៤លាននាក់។
ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានគណបក្សចំនួនតែពីរខាងលើគឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះដែលកំពុងតែប្រើប្រាស់បណ្តាញសង្គមសម្រាប់ជាជំនួយដល់ការឃោសនានយោបាយរបស់ខ្លួនក្នុងពេលនេះ។
រីឯអ្នកទទួលខុសត្រូវគណបក្សផ្សេងៗទៀតហាក់ដូចជាមិនសូវចាប់អារម្មណ៍ទៅលើហ្វេសប៊ុក (Facebook)ណាស់ណាទេ ដោយពួកគេយល់ឃើញថា ចំនួនអ្នកប្រើហ្វេសប៊ុក (Facebook) នៅតូចចង្អៀតនៅឡើយ។
ដោយប្រៀបធៀបទៅនឹងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋ[តាមរយៈហ្វេសប៊ុក (Facebook)នៅមានទំហំតូចជាងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដូចជាវិទ្យុជាដើម»។
លោកសេក សុជាតិ ជាប្រធានយុវជនគណបក្សហ៊្វុនស៊ីនប៉ិច។លោកបង្ហាញទស្សនៈស្រដៀងគ្នានេះដែរថា ជាទូទៅការប្រើប្រាស់បណ្តាញសង្គមគ្រាន់តែមួយផ្នែកតែប៉ុណ្ណោះ។ មធ្យោបាយក្នុងការបញ្ជូនសារនយោបាយដ៏សំខាន់របស់គណបក្សនេះគឺតាមរយៈការចុះចែកខិតបណ្ណផ្ទាល់ដល់ភូមិ ឃុំ។
លោកនិយាយថា៖ «អ្វីដែលមិនសូវសំខាន់មួយផ្នែកគឺសំដៅទៅលើបណ្តាប្រជាពលរដ្ឋនៅតាមទីជនបទ ពុំមានប្រព័ន្ធបច្ចេកទេសប្រើប្រាស់ឡើយ»។
ម្យ៉ាងទៀត លោកសុជាតិយល់ឃើញថា ជាទូទៅ គណបក្សផ្សេងប្រើហ្វេសប៊ុក (Facebook)ដើម្បីរិះគន់ ឈ្នានីស ឬវាយប្រហារគណបក្សដទៃទៀត។
មេដឹកនាំគណបក្សនយោបាយតូចៗដទៃទៀតដែលកំពុងស្ថិតក្នុងការប្រកួតប្រជែងក៏មិនបានប្រើប្រាស់ឱកាសក្នុងបណ្តាញសង្គមដែរ។
លោកសេង សុខខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា បានឲ្យដឹងថា ដោយសារតែគណបក្សលោកទើបតែបង្កើតថ្មីក្នុងអាណត្តិនេះ ទើបបានជារៀបចំមិនទាន់នូវការឃោសនាតាមបណ្តាញសង្គម។ យ៉ាងណាមិញ លោកនឹងប្រើប្រាស់បណ្តាញសង្គមនាអាណត្តិក្រោយៗ។ ចំណែកឯប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចគឺលោកហួន រាជចំរើនបានលើកឡើងថា ការឃោសនាតាមបណ្តាញសង្គមមិនចាំបាច់ឡើយចំពោះគណបក្សរបស់លោក។
លោកង៉ែត ម៉ូសេ មន្ត្រីសម្របសម្រួលផ្នែកទំនាក់ទំនងនៃមជ្ឍមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងជាអ្នកសកម្មម្នាក់ក្នុងបណ្តាញសង្គម បានឲ្យដឹងថា បណ្តាញសង្គមនារដូវកាលឃោសនាបោះឆ្នោតនេះមិនមែនជាកម្មសិទ្ធិរបស់គណបក្សកាន់អំណាច ឬគណបក្សប្រឆាំងណាមួយឡើយ តែជាទីកន្លែងដែលប្រជាពលរដ្ឋអាចទទួលព័ត៌មាន ស្តាប់ ឬមើលឃើញនូវសកម្មភាពរបស់គណបក្ស ដើម្បីឲ្យពួកគាត់អាចសម្រេចចិត្តជ្រើសរើសអ្នកដឹកនាំ។
លោកម៉ូសេបានបង្ហាញទស្សនៈរបស់លោកថា បណ្តាញសង្គមជាអាវុធមុខពីរ។
លោកនិយាយថា៖ «ល្អម៉្យាង ហើយអាក្រក់ម៉្យាង អាស្រ័យលើអ្នកប្រើប្រាស់។ ល្អត្រង់ថា វាជាកន្លែងចែកចាយ និងទទួលព័ត៌មាន។ អាក្រក់នៅត្រង់ការប្រើប្រាស់ភាសា ប្រើពាក្យអសុរស។ ការឃើញភ្លាម សរសេរភ្លាម អាចបង្កការយល់ច្រឡំ។ មួយវិញទៀតគឺការកាត់តរូបភាព ឬវីដេអូដើម្បីវាយប្រហារអ្នកដទៃជាដើម»។
លោកនិយាយថា៖ «ល្អម៉្យាង ហើយអាក្រក់ម៉្យាង អាស្រ័យលើអ្នកប្រើប្រាស់។ ល្អត្រង់ថា វាជាកន្លែងចែកចាយ និងទទួលព័ត៌មាន។ អាក្រក់នៅត្រង់ការប្រើប្រាស់ភាសា ប្រើពាក្យអសុរស។ ការឃើញភ្លាម សរសេរភ្លាម អាចបង្កការយល់ច្រឡំ។ មួយវិញទៀតគឺការកាត់តរូបភាព ឬវីដេអូដើម្បីវាយប្រហារអ្នកដទៃជាដើម»។
លោកម៉ូសេសំណូមពរឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ចៀសវាងនូវការប្រើប្រាស់ភាសា ឬសារនយោបាយណាដែលបង្កឲ្យមានការស្អប់ខ្ពើម ឬរើសអើងគ្នា៕
ប្រភពពី វីអូអេខ្មែរ
0 comments:
Post a Comment