អ្នក​បឹងកក់​ស្នើ​ក្រសួង​ព័ត៌មាន​ពិនិត្យ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ឯកជន​មួយ​ចំនួន

image (2)អ្នក​ភូមិ​បឹងកក់ ដែល​ធ្លាប់​តែ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ឬ​នៅ​តាម​ស្ថានទូត​ផ្សេងៗ ឥឡូវ​បាន​ប្ដូរ​ទិសដៅ​កន្លែង​តវ៉ា​ហើយ។ នៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​ព័ត៌មាន ទាមទារ​រក​ចំណាត់​ការ​ពី​ក្រសួង ចំពោះ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួនដែល​ពួក​គេ​ចោទ​ថា កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​អព្យាក្រឹត្យ ជុំវិញ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់។
«សំឡេង​តវ៉ា»
នេះ​ជា​សំឡេង​របស់​អ្នក​ភូមិ​បឹងកក់ ប្រមាណ​ជិត ១០០​នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា នេះ តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​លើ​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន អំពី​បញ្ហា​ដីធ្លី​អ្នក​ភូមិ​បឹងកក់ ដោយ​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា ទូរទស្សន៍​ទាំង​នោះ​មិន​មាន​ភាព​ឯករាជ្យ អព្យាក្រឹត្យ និង​មាន​ចរិត​ញុះញង់​បំបែក​បំបាក់​បំភ្លៃ​ខុស​ពី​ការ​ពិត។
ក្នុង​ការ​តវ៉ា​នោះ អ្នក​ភូមិ​បឹងកក់ បាន​ធ្វើ​រូប​ទូរទស្សន៍​ក្រដាស​តំណាង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ដូចជា ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) បាយ័ន អប្សរា ជាដើម។ អ្នក​ភូមិ​បឹងកក់ ទាំង​នោះ​ចោទ​ថា ស្ថានីយ​ទូរទស្សន៍​ទាំងអស់​នោះ​បាន​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ដីធ្លី​អ្នក​ភូមិ​បឹងកក់ ដោយ​លម្អៀង​ទៅ​ក្រុម​ម្ខាង​ទៀត​ដែល​បាន​ផ្តាច់​ខ្លួន និង​ប្រឆាំង​ក្រុម អ្នកស្រី ទេព វន្នី។
តាម​រយៈ​ញត្តិ​ដែល​អ្នក​ភូមិ​ទាំង​នោះ​បាន​ដាក់​ជូន​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​កន្លង​មក​នេះ មាន​បណ្ដាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​បាន​រៀប​ចំ​ថត​ឈុត​ឆាក​សម្ដែង ដែល​និយាយ​ពី​រឿង​មិន​ពិត​ក្នុង​សហគមន៍​បឹងកក់ ដែល​រៀប​ចំ​ដោយ​ក្រុម​បក្ខពួក​ក្រុមហ៊ុន និង​ក្រុម​មន្ត្រី​ពុក​រលួយ។ ការ​ផ្សាយ​នោះ មាន​ចរិត​ញុះញង់​បំបែក​បំបាក់​ដល់​សាមគ្គីភាព​ក្នុង​សហគមន៍ បំភិត​បំភ័យ បង្ក​ចលាចល​ក្នុង​សហគមន៍ ក្នុង​គោល​បំណង​លេប​ត្របាក់​យក​ដី​តំបន់​បឹងកក់។
សម្រែក​តវ៉ា​នេះ បាន​បន្ត​រហូត​ដល់​ម៉ោង ១០​ព្រឹក ពេល​ដែល​ក្រសួង​ព័ត៌មាន ចាត់​អ្នក​តំណាង​ម្នាក់​ឲ្យ​ចេញ​មក​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​បឹងកក់ និង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​បី​នាក់​ចូល​ជួប​តំណាង​របស់​ក្រសួង។
ក្រោយ​ពី​បាន​ចូល​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន រួច​មក តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ជួប​ចរចា​នោះ​ថា តំណាង​ក្រសួង​ព័ត៌មាន លោក ចាន់ គឹមស៊ា បាន​ជម្រាប​ដល់​អ្នក​ភូមិ​បឹងកក់ ថា ក្នុង​ករណី​ពួក​គាត់​រក​ឃើញ​ថា ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់ ដោយ​ប្រាសចាក​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន អ្នក​ភូមិ​បឹងកក់ អាច​ដាក់​ញត្តិ​មក​កាន់​ក្រសួង​ព័ត៌មាន ម្តង​ទៀត ហើយ​ក្រសួង​នឹង​ផ្ញើ​លិខិត​ទៅ​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ ឲ្យ​គោរព​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ឬ​ពួក​គាត់​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តែ​ម្តង។
អ្នកស្រី ទេព វន្នី៖ «គាត់​ថា បើ​សិន​ជា​ករណី​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស ជា​ពិសេស​ទូរទស្សន៍​ទាំងអស់ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ គាត់​ចាក់​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ភាព​អយុត្តិធម៌​មក​លើ​រូប​នាង​ខ្ញុំ ក៏​ដូច​អ្នក​បឹងកក់ ដទៃ​ទៀត ហើយ​ផ្សាយ​បំផ្លើស​ពី​ការ​ពិត​ហ្នឹង គឺ​ថា​អាច​មាន​សិទ្ធិ​ប្ដឹង ព្រោះ​អា​ហ្នឹង​វា​ខុស​ពី​វិជ្ជាជីវៈ ខុស​នឹង​ច្បាប់​សារព័ត៌មាន​ដែល​ឯករាជ្យ និង​យុត្តិធម៌ ហើយ​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​កន្លែង​គាត់​ម្តង​ទៀត យក​ពាក្យ​បណ្ដឹង​ហ្នឹង​ប្ដឹង​តែ​ម្តង ដើម្បី​គាត់​អន្តរាគមន៍​យក​ទៅ​អគ្គនាយកដ្ឋាន​បណ្ដាញ​ទូរទស្សន៍​ទាំងអស់​នោះ ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​ចាត់​វិធាន​ការ​ទៅ​លើ​ករណី​ហ្នឹង»
មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ស្ថាប័ន​សារព័ត៌មាន​គួរ​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​តុល្យភាព មិន​គួរ​ផ្តល់​ឱកាស​ឲ្យ​ភាគី​តែ​ម្ខាង​នោះ​ទេ ប្រសិន​បើ​រឿងរ៉ាវ​ទំនាស់​នោះ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន ទើប​ប្រជាពលរដ្ឋ​អាច​វែក​ញែក​ថា ភាគី​ណា​ខុស ភាគី​ណា​ត្រូវ។
លោក អំ សំអាត៖ «ប្រទេស​ប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​វា​ជា​កាតាលីករ​មួយ​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន ដោយ​គេ​ហៅ​ថា មាន​តុល្យ​ព័ត៌មាន។ អ៊ីចឹង ការ​ដែល​សារព័ត៌មាន​មួយៗ យើង​គិត​ហើយ អ្នក​សារព័ត៌មាន​តែង​តែ​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ដើម្បី​ឲ្យ​ព័ត៌មាន​នោះ​វា​បាន​ល្អ វា​ទាល់​តែ​មាន​តុល្យភាព បាន​ន័យ​ថា បើ​អ្នក​បឹងកក់ ហ្នឹង គាត់​មាន​ភាគី​២ ឬ​ភាគី​៣ យើង​ត្រូវ​តែ​យក​ព័ត៌មាន​ទាំង​ពីរ ទាំង​បី​ក្រុម​ហ្នឹង​យក​ទៅ​ធ្វើ​ការ​ផ្សាយ ដើម្បី​វិភាគ​ទៅ​ថា តើ​ក្រុម​ណា​មួយ ក្រុម​ណា​មួ​យ​ខុស ឬ​មួយ​ក៏​ក្រុម​ទាំងអស់​ហ្នឹង គាត់​ធ្វើ​ការ​តវ៉ា​ហ្នឹង​ដើម្បី​ទាមទារ​អ្វី»
រឿងរ៉ាវ​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់ ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) មាន​អាយុ​កាល ៦​ឆ្នាំ​ហើយ។ នៅ​រយៈពេល​ចុង​ក្រោយ​នេះ សហគមន៍​បឹងកក់ បាន​បែង​ចែក​ជា​ពីរ​ក្រុម​ប្រឆាំង​គ្នា ហើយ​កន្លង​មក សាធារណជន​ទាំង​ឡាយ​មិន​ធ្លាប់​បាន​ឃើញ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ណា​មួយ ចាក់​ផ្សាយ​ពី​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មក​លើ​ក្រុម​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​នោះ​ទេ៕
ប្រភពពី RFA

0 comments:

Post a Comment

Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved