ពលរដ្ឋបឹងកក់ស្នើក្រសួងព័ត៌មានរឿងបណ្តាញទូរទស្សន៍ផ្សាយញុះញង់
ភ្នំពេញៈ ប្រជាពលរដ្ឋបឹងកក់ ដែលមានជម្លោះដីធ្លីដ៏រ៉ាំងរ៉ៃអស់រយៈពេល៧ឆ្នាំមកហើយ បានចេញមកតវ៉ានៅមុខក្រសួងព័ត៌មាននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្នើឲ្យមានការត្រួតពិនិត្យលើការបណ្តាញទូរទស្សន៍ឯកជនមួយចំនួន ដែលមិនមានភាពឯករាជ្យ អព្យាក្រឹត្យ ក្នុងរឿងជម្លោះដីធ្លីតំបន់បឹងកក់ និងការកាត់ទោសអ្នកស្រីយ៉ោម បុប្ផា។
តំណាងប្រជាពលរដ្ឋបឹងកក់បានលើកឡើងក្នុងលិខិតដែលដាក់ជូនរដ្ឋមន្ត្រីក្រសួងព័ត៌មានឲ្យដឹងថា ក្នុងរយៈពេលជាង ១០ ថ្ងៃកន្លងមកនេះ មានបណ្តាញទូរទស្សន៍ឯកជនមួយចំនួន បានរៀបចំថតឈុតឆាកសម្តែង ដែលនិយាយពីរឿងមិនពិតក្នុងសហគមន៍បឹងកក់ ដែលរៀបចំដោយក្រុមបក្សក្រុមហ៊ុន និងក្រុមមន្ត្រីពុករលួយដែលមានចរិកញុះញង់ បំបែកបំបាក់ដល់សាមគ្គីភាពក្នុងសហគមន៍ បំភិតបំភ័យ បង្ករចលាចលក្នុងសហគមន៍ ក្នុងគោលបំណងលេបត្របាក់យកដីតំបន់បឹងកក់ ដោយមិនមានគោលបំណងឲ្យប្រជាពលរដ្ឋបានរស់នៅក្នុងតំបន់បឹងកក់ដូចតាមអនុក្រឹត្យលេខ ១៨៣ របស់រាជរដ្ឋាភិបាល វាហាក់បីដូចជាអនុក្រឹត្យនេះគ្រាន់តែជាការបោកប្រាស់ប្រជាពលរដ្ឋ។
លិខិតបន្តថា រឿងពិតនៃការឈឺចាប់របស់ប្រជាពលរដ្ឋក្នុងសហគមន៍ជាង ៧ ឆ្នាំមកហើយ ស្ថានីយទូរទស្សន៍ទាំងនោះ ព្រមទាំងស្ថានីយ៍ទូរទស្សន៍ជាតិ មិនដែលយកមកចាក់ផ្សាយឲ្យប្រជាពលរដ្ឋដឹងឡើយ។
ក្រុមប្រជាពលរដ្ឋបឹងកក់បានស្នើឲ្យក្រសួងព័ត៌មានចាត់វិធានការលើបណ្តាញផ្សព្វផ្សាយទាំងនោះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍
0 comments:
Post a Comment