គ.ជ.ប.ចេញបំភ្លឺស្តីពីការផ្អាកវិទ្យុមិនឲ្យផ្សាយបន្ត និងការហាមផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត
ដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់នូវការយល់ច្រឡំមួយចំនួន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប.បានចេញសេចក្តីបំភ្លឺមួយ ចុះថ្ងៃទី១៧កក្កដាម្សិលមិញ។
ដោយបានលើកឡើងថា សូមកុំឲ្យសាធារណជនមួយចំនួនយល់ច្រឡំថា គ.ជ.ប.ជាអ្នកផ្អាកវិទ្យុមិនឲ្យផ្សាយបន្តក្នុងអំឡុងពេលបោះ ឆ្នោត និងកុំយល់ច្រឡំថា.គ.ជ.ប.ហាមមិនឲ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត និងលទ្ធផលនៃការបោះឆ្នោតក្នុងរយៈពេល៥ថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកឆ្នោត។
ពាក់ព័ន្ធនឹងករណីយល់ច្រឡំទាំងពីរខាងលើនេះ គ.ជ.ប សូមបំភ្លឺជូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា គ.ជ.ប មិនបានផ្អាកវិទ្យុមិនឲ្យធ្វើការផ្សាយបន្តនោះទេ។
ផ្ទុយទៅវិញ គ.ជ.ប បានចេញគោលការណ៍សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងគោលបំណង ធ្វើយ៉ាងណាឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងនោះគ.ជ.ប.បានជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ផ្សាយព័ត៌មានទាំងអស់ត្រូវតែផ្តល់ព័ត៌មាន និងការអប់រំ អំពីការបោះឆ្នោតដែលងាយយល់ និងមានអព្យាក្រឹត្យ ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត។
ម្យ៉ាងទៀត គ.ជ.ប លើកឡើងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ឆ្នាំ២០១៣ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកគ្រប់គ្រង ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពចូលរួមបោះឆ្នោត និងចាត់ទុកព័ត៌មានអំពីការបោះឆ្នោត ជាព័ត៌មានអាទិភាព។
គ.ជ.ប បានគូសបញ្ជាក់ថា ចំពោះការហាមផ្សព្វផ្សាយក្នុងរយៈពេល៥ថ្ងៃ មុនថ្ងៃបោះឆ្នោត និងថ្ងៃរាប់សន្លឹកបោះឆ្នោតដែលមានចែងក្នុងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ជំពូក៧ ចំណុច ៧.៥.២សំដៅដល់ការធ្វើ និងហាមផ្សព្វផ្សាយលទ្ធផលនៃការស្ទង់មតិទាក់ទងនឹងដំណើរការបោះ ឆ្នោតតែប៉ុណ្ណោះ។
ចំណែកការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោត ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់មានសិទ្ធិធ្វើការផ្សព្វផ្សាយ លទ្ធផលដែលខ្លួនទទួលបាន។
នៅក្នុងសេចក្តីប៉ភ្លឺនោះផងដែរ គ.ជ.ប ក៏បានប្រកាសពីចំនួនបណ្តឹង ក្នុងអំឡុងពេលឃោសនាបោះឆ្នោតគិតចាប់ពីថ្ងៃទី២៧ មិថុនា មកត្រឹមថ្ងៃទី១៦ កក្កដា មានបណ្តឹងនៅថ្នាក់គណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ចំនួន២៣៩បណ្តឹង។
ក្នុងនោះនៅថ្នាក់គណៈកម្មការរាជធានីខេត្ត រៀបចំការបោះឆ្នោតមាន ៦៦បណ្តឹង និងនៅថ្នាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគជបមានចំនួន១២ បណ្តឹង៕
0 comments:
Post a Comment