New Design

Recent Post

no image

គ.ជ.ប​​.ចេញ​​​​បំភ្លឺ​​ស្តីពី​​ការផ្អាក​​វិទ្យុ​មិន​ឲ្យ​ផ្សាយ​​បន្ត ​និង​ការ​ហាម​​ផ្សព្វផ្សាយ​លទ្ធផល​​នៃ​ការ​បោះ​ឆ្នោត



ដើម្បី​បញ្ជាក់​ឲ្យបាន​ច្បាស់លាស់​នូវ​ការយល់​ច្រឡំ​មួយចំនួន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កាត់​ថា គ.ជ.ប.​បាន​ចេញ​​សេចក្តី​បំភ្លឺ​មួយ ចុះ​ថ្ងៃ​ទី​១៧​កក្កដា​ម្សិលមិញ។
ដោយ​បាន​លើកឡើង​ថា សូម​កុំឲ្យ​សាធារណ​ជន​មួយចំនួន​យល់ច្រឡំ​ថា គ.ជ.ប.​ជា​អ្នក​ផ្អាក​វិទ្យុ​មិន​ឲ្យ​ផ្សាយ​បន្ត​ក្នុង​​អំឡុង​​ពេល​​បោះ​ ឆ្នោត និង​កុំ​យល់ច្រឡំ​ថា​.គ.ជ.ប.​ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​ផ្សាយ​​ព័ត៌​មាន​​ពាក់​ព័ន្ធ​​នឹង​ការបោះឆ្នោត និង​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​រយៈពេល៥ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត ​និង​ថ្ងៃ​រាប់​សន្លឹកឆ្នោត។
ពាក់ព័ន្ធ​នឹង​ករណី​យល់ច្រឡំ​ទាំងពីរ​ខាងលើនេះ គ.ជ.ប សូម​បំភ្លឺ​ជូន​សាធារណជន​ទាំងអស់​ឲ្យបាន​ជ្រាបថា គ.ជ.ប មិន​បាន​ផ្អាក​វិទ្យុ​មិនឲ្យ​ធ្វើ​ការផ្សាយ​បន្ត​នោះ​​ទេ​។
​ផ្ទុយទៅវិញ គ.ជ.ប បានចេញ​គោលការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ក្នុង​គោលបំណង ធ្វើយ៉ាងណា​ឲ្យ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ក្នុងនោះ​គ.ជ.ប.​បាន​ជំរុញ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ ផ្សាយ​ព័ត៌មាន​ទាំងអស់​ត្រូវតែ​ផ្តល់​ព័ត៌មាន និង​ការអប់រំ អំពី​ការ​បោះឆ្នោត​ដែល​ងាយ​យល់ និង​មាន​អព្យាក្រឹត្យ ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​។
​ម្យ៉ាងទៀត គ.ជ.ប លើកឡើងថា សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន និង​អ្នកគ្រប់គ្រង ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ឲ្យអស់​លទ្ធភាព​ចូលរួម​បោះឆ្នោ​ត និង​ចាត់​ទុក​ព័ត៌មាន​អំពី​ការបោះឆ្នោត ជា​ព័ត៌មាន​អាទិភាព​។​
គ.ជ.ប បាន​គូសបញ្ជាក់ថា ចំពោះ​ការហាម​ផ្សព្វផ្សាយ​ក្នុង​រយៈពេល​៥ថ្ងៃ មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​រាប់​សន្លឹក​បោះឆ្នោត​ដែល​មានចែង​ក្នុង​បទបញ្ជា និង​នីតិ​វិធី ​សម្រាប់​​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ ​ជំពូក​៧ ចំណុច ៧.៥.២​សំដៅ​ដល់​ការធ្វើ និង​ហាម​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការស្ទង់មតិ​ទាក់​ទង​​នឹង​​ដំណើរ​​ការ​បោះ​ ឆ្នោត​​តែ​​ប៉ុណ្ណោះ​។
ចំណែក​ការផ្សព្វផ្សាយ​លទ្ធផល​នៃ​ការបោះឆ្នោត ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​មាន​​សិទ្ធិ​​ធ្វើ​ការ​​ផ្សព្វផ្សាយ​ ​លទ្ធ​ផល​ដែល​​ខ្លួន​​ទទួល​បាន​។​
​នៅក្នុង​សេចក្តី​ប៉​ភ្លឺ​នោះ​ផង​ដែរ គ.ជ.ប ក៏​បាន​ប្រកាស​ពី​ចំនួន​បណ្តឹង ក្នុងអំឡុងពេល​ឃោសនាបោះឆ្នោត​គិត​​ចាប់​ពី​ថ្ងៃ​​ទី​២៧​​​ មិថុនា មក​ត្រឹម​​ថ្ងៃទី​១៦​ ​កក្កដា មាន​​បណ្តឹង​នៅ​ថ្នាក់​គណៈកម្មការ​ឃុំ​សង្កាត់​រៀប​ចំ​​ការ​បោះ​ឆ្នោត​​ ចំនួន​២៣៩​បណ្តឹង។
ក្នុងនោះ​នៅ​ថ្នាក់​គណៈកម្មការ​រាជធានី​ខេត្ត រៀបចំ​ការបោះឆ្នោត​មាន ៦៦បណ្តឹង និង​នៅ​ថ្នាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​គជប​មាន​ចំនួន​១២​ បណ្តឹង​៕
no image

បណ្តាញ​សង្គម​ជា​វេទិកា​ថ្មី​នៃការ​ឃោសនា​រក​សំឡេង​​ឆ្នោត

74C079E4-AF7F-456D-8FA3-17B2E31D65DF_w640_r1_s-e1374176778630ភ្នំពេញ៖ បណ្តាញ​សង្គម​មាន Facebook​ Google​ Plus​ និង Youtube ​ជាដើម​បាន​ក្លាយ​ជា​វេទិកា​នៃ​យុទ្ធនាការ​ឃោសនាស្វែងរក​សំឡេង​ឆ្នោត​យ៉ាង​សកម្ម​សម្រាប់​គណបក្ស​ធំៗ​ក្នុង​ប្រទេស​កម្ពុជា។​
ក្រុម​អ្នកគាំទ្រ​ និង​ទីចាត់ការ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​នេះ​ដើម្បី​ជូន​ដំណឹង​ដល់​សាធារណ​ជន ​បង្ហាញពី​គោល​នយោបាយ​និង​សកម្មភាព​របស់​ខ្លួន​ និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​គាំទ្រ​រៀងៗ។
លោក ហូ វណ្ណ​ អតីត​តំណាងរាស្ដ្រ​គណបក្ស​សង្គ្រោះជាតិ​ ពន្យល់​ថា​ការ​ឃោសនានយោបាយ​តាម​រយៈ​ហ្វេសប៊ុក(Facebook) និង​ការហែ ក្បួន​ឃោសនា​គឺ​ជា​ការ​ជួយ​បំពេញ​ឲ្យគ្នា​ទៅវិញ​ទៅមក។​
លោក​និយាយថា៖ ​«បើ​និយាយ​ពីសារ​នយោបាយ​គឺ​យើង​បញ្ជូន​ចេញ​ទៅ​ស្រប​គ្នា​ ប៉ុន្តែ​ការ​ហែក្បួន​ ជា​ទូទៅ​មាន​ការបញ្ចេញ​កម្លាំង​កាយ​ មានការ​ចំណាយ​ជា​សម្ភារៈ​ ជា​ថវិកា​អស់ច្រើន​ តែ​បើ​ហ្វេសប៊ុក​ (Facebook) យើង​ឃើញ​ថា ​បាន​ទទួល​ព័ត៌មាន​ផង គ្មាន​ការ​គាបសង្កត់​ផង ហើយ​មិន​មាន​ចំណាយ​ថវិកា​ផង»។​
នៅលើ​ទំព័រហ្វេសប៊ុក​ (Facebook) ​របស់​អ្នកមាន​ទំនោរ​ទៅ​កាន់​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ហ្វេសប៊ុក​ (Facebook) ​របស់​គណបក្ស​នេះ​បាន​បង្ហោះ​រូបភាព​នៃ​ការឃោសនាប្រចាំថ្ងៃ​ ព្រម​ទាំងចែក​រំលែ​កឈុត​វីដេអូ​ខ្លីៗ​ពី​គេហ​ទំព័រ​យូធូប​ (Youtube)​ ដើម្បី​ទាក់ទាញ​ឲ្យ​ប្រជា​ពលរដ្ឋសម្រេច​ចិត្ត​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ។​
រូបភាព​ និង​វីដេអូ ​ដោយ​មាន​សារគាំទ្រខ្លីៗ បង្ហាញពី​ការ​ប្រមូល​ផ្តុំ​របស់​ក្រុម​យុវជន​ដែល​មាន​ឯក​សណ្ឋាន ​និង​មួក​រូប​ព្រះ​អាទិត្យ​រះ។​ ពួក​គេ​បិទ​និមិត្ត​សញ្ញា​នេះ​លើមុខ​ និង​ការ​លើក​ដៃ​លេខ​៧​ជា​តំណាង​ឲ្យ​លេខរៀង​ទី​៧​របស់​គណបក្សសង្គ្រោះ​ជាតិ​ក្នុង​សន្លឹក​ឆ្នោត។​ មួយ​វិញ​ទៀត​ គេហទំព័រ​ទាំង​នោះ ក៏​បាន​លើក​ឡើងផង​ដែរ​នូវ​ចំណុច​អវិជ្ជមាន​កន្លង​មក ​ស្ថិត​ក្រោម​ការ​ដឹកនាំរបស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ជា​គណបក្ស​កាន់​អំណាច។​
គណបក្ស​ប្រជាជន​កម្ពុជា​ និង​អ្នកគាំទ្រ​គណបក្ស​កំពុង​កាន់​អំណាច​យ៉ាង​រឹងមាំ​នេះ​ក៏​បាន​និង​កំពុង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខាង​លើ​នេះ​ដែរ។​ គណបក្ស​នេះ​បាន​បង្ហោះ​ និង​ចែក​រំលែក​រូបភាព​ និង​វីដេអូ​អំពី​សកម្មភាព​ឃោសនា​គណបក្ស​ខ្លួន​ដែល​ពាក់​ឯក​សណ្ឋាន​ ​មួក​និង​និមិត្ត​សញ្ញា​គណបក្ស​ដែល​មាន​រូប​ទេវតា​បាចផ្កា​ ព្រម​ទាំង​គាស់​កកាយ​អំពី​សមិទ្ធិ​ផល​ល្អៗ​ ដែល​បង្កើតដោយ​រដ្ឋាភិបាលក្នុង​អាណត្តិ​មុនៗ​ រួម​ទាំង​ប្រកាស​គោល​ជំហរ​នយោបាយ​ជា​ពាក្យ​កាព្យ​ ឬ​សារ​ខ្លីៗ​ថា ​នឹង​មិន​ផ្លាស់​ប្តូរ​លេខ​៤​ចេញ​ឡើយ។​
ទោះជា​បែបនេះ​ក្តី​ លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នក​នាំពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និង​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​នៅ​តែ​គិត​ថា បណ្តាញ​សង្គម​មិនមាន​ឥទ្ធិពល​ខ្លាំង​ដល់​លទ្ធផល​បោះឆ្នោត​នោះ​ទេ។​
លោក​បកស្រាយ​ថា៖​ «ហ្វេសប៊ុក​ (Facebook)​ជា​ប្រព័ន្ធ​ព័ត៌មាន​មួយ​ដែល​ទាំង​អស់​គ្នា​មាន​សេរីភាព​ក្នុង​ការ​បញ្ចេញ​យោបល់​រៀងៗ​ខ្លួន ​ជា​ពិសេស​បាន​បង្ហាញ​នូវអ្វី​ដែល​ជា​សមិទ្ធិផល​របស់​គណបក្ស​ប្រជាជន។​ ​វា​មិន​អាចធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ទេ។​
បណ្តាញ​សង្គម​គ្រាន់តែ​ជា​ចំណែក​មួយ​ចំនួន​ជាមួយ​សកម្មភាព​យុវជន​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​គណបក្ស។​ ក៏​ប៉ុន្តែ​អំណាច​របស់​គណបក្ស​ប្រជាជន​គឺ​នៅ​នឹង​មូលដ្ឋាន​ តាម​រយៈ​ការ​ចុះជាប់​នឹង​ប្រជា​ពលរដ្ឋ​អស់​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ​ និង​សមិទ្ធិ​ផល​មើល​ឃើញ​ជាក់ស្តែង​នឹង​ភ្នែក​នៃ​ការ​អភិវឌ្ឍ»។​
លោក រិន​ សំណាង ​ជាអ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ ​ព្រម​ទាំង​ជា​អ្នក​គាំទ្រគណបក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ។​
លោក​បាន​បង្ហាញ​រូប​ផ្ទាល់​ខ្លួន​លើ​ទំព័រ​ហ្វេសប៊ុក​ (Facebook)​ ​ដោយ​ពាក់​អាវ ​និង​មួក​ដែល​មាន​និមិត្ត​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។
លោកថ្លែង​ថា៖​ «ធម្មតាទេ ​Profile Facebook ​ជា​Profile ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​អាច​បង្ហាញ​នូវ​ការ​ពេញ​ចិត្ត​របស់​ខ្ញុំ។ ​ខ្ញុំ​ទទួល​ស្គាល់​ថា ​ពិត​ជា​មាន​អ្នក​ខ្លះ​គេ​អត់​ពេញ​ចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា។​ វា​ជា​សិទ្ធិ​របស់​ខ្ញុំ​ក្នុង​ការ​ស្រឡាញ់​គណបក្ស»។​
នៅ​ប្រទេស​កម្ពុជា ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​មាន​ចំនួន​កាន់តែ​ច្រើន​ទៅៗ​ ស្រប​ពេល​ដែល​បណ្តាញ​អ៊ីនធើណែត​មាន​ភាព​ទូលំ​ទូលាយ​ជាង​មុន៕
អ្នក​ប្រើប្រាស់​ ហ្វេសប៊ុក​ (Facebook) នៅ​កម្ពុជា​មាន​រហូត​ដល់​ជាង​៧៨០​ ០០០​នាក់ ​នេះ​បើ​យោងតាម​របាយ​ការណ៍​ចុងក្រោយ​បំផុត​ដែល​ផ្សព្វផ្សាយ​ដោយ​គេហ​ទំព័របស់​ហ្វេសប៊ុក​ (Facebook)នៅឆ្នាំ​២០១៣​នេះ។​ រីឯ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធើណែត​មាន​ចំនួន​១០​ភាគរយ​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​កម្ពុជា​សរុប​១៤​លាន​នាក់។​
ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ ​គេ​សង្កេត​ឃើញ​ថា​ មាន​គណបក្ស​ចំនួន​តែ​ពីរ​ខាង​លើគឺ​គណបក្ស​សង្គ្រោះជាតិ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ដែល​កំពុង​តែ​ប្រើប្រាស់​បណ្តាញ​សង្គម​សម្រាប់​ជា​ជំនួយ​ដល់​ការ​ឃោសនា​នយោបាយ​របស់​ខ្លួន​ក្នុង​ពេល​នេះ។​
រីឯ​អ្នក​ទទួល​ខុសត្រូវ​គណបក្ស​ផ្សេងៗ​ទៀត​ហាក់​ដូចជា​មិន​សូវ​ចាប់​អារម្មណ៍​ទៅ​លើ​ហ្វេសប៊ុក​ (Facebook)ណាស់ណា​ទេ ​ដោយ​ពួក​គេ​យល់​ឃើញ​ថា​ ចំនួន​អ្នក​ប្រើ​ហ្វេសប៊ុក​ (Facebook) នៅ​តូច​ចង្អៀត​នៅ​ឡើយ។​
ដោយ​ប្រៀប​ធៀប​ទៅ​នឹង​ប្រព័ន្ធផ្សព្វផ្សាយផ្សេង​ទៀត​ លោក​ខឹម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​មាន​ប្រសាសន៍​ថា៖ ​«ការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​[តាមរយៈ​ហ្វេសប៊ុក​ (Facebook)​នៅ​មាន​ទំហំ​តូច​ជាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ​ដូចជា​វិទ្យុ​ជាដើម»។​
លោក​សេក សុជាតិ​ ជា​ប្រធាន​យុវជន​គណបក្សហ៊្វុនស៊ីនប៉ិច។​លោក​បង្ហាញ​ទស្សនៈ​ស្រដៀង​គ្នានេះដែរ​ថា​ ជា​ទូទៅ​ការ​ប្រើប្រាស់​បណ្តាញ​សង្គមគ្រាន់​តែ​មួយ​ផ្នែក​តែ​ប៉ុណ្ណោះ។​ មធ្យោបាយ​ក្នុង​ការ​បញ្ជូន​សារ​នយោបាយ​ដ៏​សំខាន់​របស់​គណបក្ស​នេះ​គឺ​តាមរយៈ​ការ​ចុះ​ចែក​ខិតបណ្ណ​ផ្ទាល់​ដល់​ភូមិ ឃុំ។​
លោក​និយាយថា៖ «អ្វី​ដែល​មិន​សូវ​សំខាន់​មួយ​ផ្នែក​គឺ​សំដៅ​ទៅ​លើបណ្តា​ប្រជា​ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ពុំ​មាន​ប្រព័ន្ធ​បច្ចេកទេស​ប្រើប្រាស់​ឡើយ»។​
ម្យ៉ាង​ទៀត​ លោកសុជាតិ​យល់​ឃើញ​ថា​ ជា​ទូទៅ ​គណបក្ស​ផ្សេង​ប្រើ​ហ្វេសប៊ុក​ (Facebook)​ដើម្បី​រិះ​គន់​ ឈ្នានីស​ ឬ​វាយ​ប្រហារគណបក្ស​ដទៃទៀត។​
មេ​ដឹកនាំ​គណបក្ស​នយោបាយ​តូចៗ​ដទៃ​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ក៏​មិន​បាន​ប្រើប្រាស់​ឱកាស​ក្នុង​បណ្តាញ​សង្គម​ដែរ។​
លោក​សេង សុខខេង ​ប្រធាន​គណបក្ស​សញ្ជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​គណបក្ស​លោក​ទើប​តែ​បង្កើត​ថ្មី​ក្នុង​អាណត្តិ​នេះ​ ទើប​បាន​ជា​រៀប​ចំ​មិន​ទាន់នូវការ​ឃោសនា​តាម​បណ្តាញ​សង្គម។ ​យ៉ាងណាមិញ​ លោក​នឹង​ប្រើប្រាស់​បណ្តាញ​សង្គម​នា​អាណត្តិ​ក្រោយៗ។​ ចំណែក​ឯ​ប្រធាន​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គឺ​លោក​ហួន រាជចំរើន​បាន​លើក​ឡើង​ថា ​ការ​ឃោសនា​តាម​បណ្តាញ​សង្គម​មិន​ចាំបាច់​ឡើយ​ចំពោះ​គណបក្ស​របស់​លោក។​
លោក​ង៉ែត ម៉ូសេ ​មន្ត្រីសម្រប​សម្រួល​ផ្នែក​ទំនាក់​ទំនង​នៃ​មជ្ឍមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ និង​ជា​អ្នក​សកម្ម​ម្នាក់​ក្នុង​បណ្តាញ​សង្គម​ បាន​ឲ្យ​ដឹង​ថា ​បណ្តាញ​សង្គម​នា​រដូវ​កាល​ឃោសនា​បោះ​ឆ្នោត​នេះ​មិន​មែន​ជា​កម្ម​សិទ្ធិ​របស់​គណបក្ស​កាន់​អំណាច​ ឬ​គណបក្ស​ប្រឆាំង​ណាមួយឡើយ​ តែ​ជា​ទី​កន្លែង​ដែល​ប្រជា​ពលរដ្ឋ​អាច​ទទួល​ព័ត៌មាន ​ស្តាប់ ​ឬ​មើល​ឃើញ​នូវ​សកម្ម​ភាព​របស់​គណបក្ស​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​សម្រេច​ចិត្ត​ជ្រើសរើស​អ្នក​ដឹក​នាំ។​
លោក​ម៉ូសេ​បាន​បង្ហាញ​ទស្សនៈ​របស់​លោក​ថា ​បណ្តាញ​សង្គម​ជា​អាវុធ​មុខ​ពីរ។​
លោក​និយាយថា៖ ​«ល្អ​ម៉្យាង ​ហើយ​អាក្រក់​ម៉្យាង ​អាស្រ័យ​លើ​អ្នក​ប្រើ​ប្រាស់។ ​ល្អ​ត្រង់​ថា ​វា​ជា​កន្លែង​ចែក​ចាយ​ និង​ទទួល​ព័ត៌មាន។​ អាក្រក់​នៅ​ត្រង់​ការ​ប្រើប្រាស់​ភាសា ​ប្រើ​ពាក្យ​អសុរស។ ​ការឃើញ​ភ្លាម ​សរសេរ​ភ្លាម​ អាច​បង្ក​ការ​យល់​ច្រឡំ។ មួយ​វិញ​ទៀត​គឺ​ការ​កាត់​ត​រូបភាព​ ឬ​វីដេអូ​ដើម្បី​វាយ​ប្រហារ​អ្នក​ដទៃ​ជាដើម»។​
លោក​ម៉ូសេ​សំណូមពរ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំង​អស់​ចៀសវាង​នូវ​ការ​ប្រើប្រាស់​ភាសា​ ឬ​សារ​នយោបាយ​ណា​ដែល​បង្ក​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ ឬ​រើសអើង​គ្នា៕​
ប្រភពពី វីអូអេខ្មែរ
no image

ជនជាតិ​វៀតណាម​សម្រុក​ចូល​មក​កម្ពុជា

images


មន្ត្រី​សង្កេតការណ៍​បោះ​ឆ្នោត​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​កត់​សម្គាល់​ឃើញ​ថា មាន​ជនអន្តោប្រវេសន៍​វៀតណាម រាប់​ពាន់​នាក់​បាន​ចូល​មក​តាម​ច្រក​ទ្វារ​អន្តរជាតិ​កម្ពុជា-​វៀតណាម ក្នុង​ខេត្ត​រតនគិរី ខណៈ​ដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​នេះ។
សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ទទួល​ស្គាល់​ថា ក្រុម​ជនជាតិ​វៀតណាម ដែល​ចូល​មក​កម្ពុជា​នេះ មួយ​ផ្នែក​ជា​អ្នក​ទេសចរ និង​មួយ​ផ្នែក​ទៀត ជា​កម្មករ​បច្ចេកទេស​ចូល​មក​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចម្ការ​កៅស៊ូ។
មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​រតនគិរី ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​សកម្មភាព​ហូរ​ចូល​នៃ​ជនជាតិ​វៀតណាម ទាំង​នោះ ដែល​គេ​សង្ស័យ​ថា ក្រុមហ៊ុន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សម្បទាន​សេដ្ឋកិច្ច​វៀតណាម នាំ​ចូល​មក​ធ្វើ​ជា​កម្មករ​នៅ​តាម​ចម្ការ​កៅស៊ូ​នៅ​ខេត្ត​រតនគិរី​នេះ។
លេខា​គណៈកម្មការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ប្រចាំ​ខេត្ត​រតនគិរី លោក ជូន ភីនដារ៉ា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ ខែ​កក្កដា មាន​ប្រសាសន៍​បញ្ជាក់​ថា រថយន្ត​ប្រភេទ​បើស (BUS) ដឹក​អ្នក​ដំណើរ​ពី​ប្រទេស​វៀតណាម ជា​ក្រុមៗ បាន​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរជាតិ​នេះ​ក្នុង​មួយ​លើកៗ​មាន​គ្នា​ប្រមាណ ៥០​នាក់ ទៅ ៦០​នាក់ ចូល​មក​ក្រុង​បានលុង ខេត្ត​រតនគិរី ប៉ុន្តែ​គេ​មិន​ឃើញ​ជនជាតិ​វៀតណាម ទាំង​នោះ​មក​កាន់​ខេត្ត​នេះ​ជា​អ្នក​ទេសចរ​នោះ​ទេ។
លោក​បន្ត​ថា ការ​ដឹក​ជញ្ជូន​ជនជាតិ​វៀតណាម​នេះ ធ្វើ​ឡើង​មួយ​សប្ដាហ៍​ពីរ ឬ បី​លើក តាំង​ពី​ពាក់​កណ្ដាល​ខែ​មិថុនា មក​ម្ល៉េះ៖ «បើ​សិន​ជា​មក​ដើរ​ទេសចរ អា​ហ្នឹង​វា​មាន​ប៉ាសស្ព័រ​ទេសចរ គេ​ត្រូវ​ដើរ​មើល​ឯ​ណា​ឯ​ណី​ហើយ។ អា​នេះ​ចូល​បាត់ៗ អ៊ីចឹង​មក​ធ្វើ​កម្មករ​គេ មក​មួយ​សា​បី​ឡាន​អ៊ីចឹង ហាហុកសិបៗ​អ៊ីចឹង ជាង​មួយ​ខែ​ហើយ រាប់​ពាន់​នាក់។ ឡាន​ប្រភេទ​ទេសចរណ៍ ឡាន​វៀតណាម»
ទាក់ទង​ការ​អះអាង​នេះ ប្រធាន​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​អូរយ៉ាដាវ ខេត្ត​រតនគិរី លោក ឡុង រុក្ខា ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋ​វៀតណាម ឆ្លង​កាត់​ច្រក​ទ្វារ​នេះ​មែន ប៉ុន្តែ​លោក​ថា ពួក​គេ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ​ខ្លះ​ចូល​មក​អ្នក​ទេសចរ ខ្លះ​ជា​បុគ្គលិក​បច្ចេកទេស​មក​ធ្វើ​ការ​សម្រាប់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​នៅ​ក្នុង​ខេត្ត​នេះ ប៉ុន្តែ​ពួក​គេ​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វៀតណាម វិញ​ជា​បន្តបន្ទាប់៖ «ឥឡូវ​យើង​លើក​លែង​ទិដ្ឋាការ ភ្ញៀវ​ឡើង​ចុះៗ រដូវ​នេះ​លក្ខណៈ​គេ​មក​សួរ​សុខ​ទុក្ខ​ក្រុម​គ្រួសារ​គេ​ដែល​មក​ធ្វើ​ការ​នៅ​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ណា!»
ដូច​គ្នា​នេះ​ដែរ ប្រធាន​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​រតនគិរី លោក មឿង ខេម មាន​ប្រសាសន៍​បញ្ជាក់​ថា មិន​មាន​ជនជាតិ​វៀតណាម ណា​ម្នាក់​ចូល​មក​បម្រើ​ការ​ជា​កម្មករ​ចម្ការ​កៅស៊ូ​ក្រុមហ៊ុន​វៀតណាម ខុស​ច្បាប់​ក្នុង​ខេត្ត​នេះ​ទេ។
លោក​អះអាង​ថា កម្មករ​បច្ចេកទេស​វៀតណាម មាន​ប្រមាណ ១០​ភាគរយ​នៃ​ចំនួន​កម្មករ​ខ្មែរ​ដែល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​សម្បទាន​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម៖ «អត់​មាន​ទេ យើង​បាន​ត្រួត​ពិនិត្យ​ជា​អចិន្ត្រៃយ៍​តាម​បណ្ដា​ក្រុមហ៊ុន​អ្នក​មក​វិនិយោគ​ជា​ពលករ ឬ​កម្មករ​ជំនាញ គឺ​គាត់​មក​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ មាន​វីសា​ស្នាក់​នៅ មាន​ប័ណ្ណ​ការងារ​សៀវភៅ​ការងារ»
យ៉ាង​នេះ​ក្តី កម្មករ​ខ្មែរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ​រូប​កំពុង​បម្រើ​ការ​ក្នុង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម នៅ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា កម្មករ​វៀតណាម ត្រូវ​គេ​នាំ​ចូល​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម រាប់​រយ​នាក់​ច្រើន​ជាង​កម្មករ​ខ្មែរ។
ស្ថិតិ​របស់​ការិយាល័យ​ប៉ូលិស​អន្តោប្រវេសន៍​ខេត្ត​រតនគិរី ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន មាន​កម្មករ​បរទេស​រួម​មាន វៀតណាម ចិន អូស្ត្រាលី សរុប ២៨៨​នាក់​ចូល​មក​ធ្វើ​ការ​ជា​កម្មករ​បច្ចេកទេស​ក្នុង​ក្រុមហ៊ុន​ជាង ២០ នៅ​ក្នុង​ខេត្ត​នេះ។ ក្នុង​នោះ ៩០​ភាគរយ ជា​ជន​ជាតិ​វៀតណាម។ចំណែក​ជនអន្តោប្រវេសន៍​វៀតណាម ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ខេត្ត​នេះ​មាន ២៧២ មាន​សមាជិក​សរុប ៦៥៥​នាក់៕
ប្រភពពី RFA
no image

តំណាង​រាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ចោទ​បក្ស​ប្រជាជន​ថា​ជា​ដើម​ហេតុ​បង្ក​ហិង្សា

images (1)បេក្ខជន​តំណាង​រាស្ត្រ​មណ្ឌល​ខេត្ត​កណ្ដាល មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចោទ​ប្រកាន់​ក្រុម​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ថា​គឺ​ជា​ដើម​ហេតុ​ដែល​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង។ ជាមួយ​គ្នា​នោះ​ដែរ គណៈកម្មការ​រៀបចំ​ការ​បោះ ឆ្នោត​ឃុំ និង​គណៈកម្មការ​  រៀបចំ​ការ​បោះឆ្នោត​ខេត្ត 
ក៏​
ត្រូវ​រង​ការ​ចោទ​ប្រកាន់​ដែរ​ថា ពុំ​មាន​សមត្ថភាព​ដើម្បី​បញ្ចប់​ជម្លោះ ទើប​បណ្ដាល​ឲ្យ​មាន​វិវាទ​នេះ​កើត​ឡើង។
បេក្ខជន​តំណាង​រាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​ផ្សាយ​លិខិត​ចំហ​មួយ​ចោទ​ប្រកាន់​ថា ចេតនា​រំខាន​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ការ​ខ្វះ​សមត្ថភាព​របស់​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ឃុំ និង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល នាំ​ឲ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។
លិខិត​ចុះ​ថ្ងៃ​ទី១៨ កក្កដា របស់​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអៀង ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​ដែល​បាន​កើត​ឡើង​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី១៥ កក្កដា គឺ​បង្ក​ឡើង​ដោយ​ក្រុម​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ លិខិត​បន្ត​ថា ក្រុម​នេះ​បង្កើត​ឡើង​សម្រាប់​ចាំ​អុកឡុក និង​រំខាន​សកម្មភាព​ឃោសនា​របស់​គណបក្ស​សង្គ្រោះ​ជាតិ ជា​បន្តបន្ទាប់។
លិខិត​ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ហិង្សា​ដែល​បាន​កើត​ឡើង​នេះ គឺ​ជា​បន្ទុក​របស់​មន្ត្រី​គណៈកម្មការ​ខេត្ត​កណ្ដាល រៀបចំ​ការ​បោះឆ្នោត និង​មន្ត្រី​ឃុំ​រៀបចំ​ការ​បោះឆ្នោត ដែល​ពុំ​មាន​សមត្ថភាព​ក្នុង​ការ​ចាត់​វិធាន​ការ​ដោះស្រាយ​ដោយ​ប្រសិទ្ធភាព។
ម្យ៉ាង​វិញ​ទៀត អនុប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ិន សីហា បញ្ជាក់​ថា នៅ​ថ្ងៃ​កើត​ហេតុ លោក ប៊ុត សាខន សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៧ កក្កដា ពុំ​បាន​ស្ថិត​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ទេ។ លោក​ចាត់​ទុក​ថា ការ​ចាប់​ខ្លួន​សកម្មជន​របស់​បក្ស​ប្រឆាំង​នេះ ធ្វើ​ឡើង​ក្រោម​ហេតុផល​នយោបាយ៖ «នេះ​និយាយ​ទៅ​ដូច​គំរាម​ខាង​នយោបាយ ខាង​សង្គ្រោះ​ជាតិ ខ្ញុំ​មិន​ឲ្យ​យុវជន​ដទៃ​ទៀត ហ៊ាន​ងើប​ក្បាល​ដើម្បី​ចូលរួម​ដង្ហែ​គណបក្ស​សង្គ្រោះ​ជាតិ»
លោក ប៊ុត សាខន អាយុ​ប្រហែល ២០​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ពញាឮ ចាប់​ខ្លួន​ដោយ​ពុំ​មាន​ដីកា កាល​ពី​ថ្ងៃ​ទី១៧ កក្កដា។ ហើយ​បាន​បញ្ជូន​ភ្លាមៗ ក្រោយ​ពី​ការ​ចាប់​ខ្លួន​បន្ត​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល គិត​មក​ដល់​ថ្ងៃ​ទី១៨ កក្កដា ដែល​ជាប់​សង្ស័យ​ថា​បាន​បង្ក​ហិង្សា​ប្រឆាំង​ក្បួន​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៥ កក្កដា។
ក៏ប៉ុន្តែ ករណី​នេះ​ត្រូវ​បាន​ប្រធាន​ប្រតិបត្តិ​គណៈកម្មការ​ស្រុក​ពញាឮ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ភួង សុខា ឲ្យ​ដឹង​ថា សកម្មជន​គាំទ្រ​គណបក្ស​គ្រប់គ្រង​អំណាច គ្រោះថ្នាក់​នោះ គឺ​ធ្លាក់​ពី​លើ​ម៉ូតូ​ដោយ​ខ្លួន​ឯង​ក្នុង​ពេល​ឃោសនា និង​ព្យាយាម​រំខាន​ក្បូន​ដង្ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​ដង។
ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កណ្ដាល លោក គឹម ហុង អះអាង​ថា លោក​ពុំ​មាន​ពេល​វេលា​ដើម្បី​បំភ្លឺ​បញ្ហា​នេះ​ទេ ព្រោះ​ជាប់​រវល់​ប្រជុំ៖ «ខ្ញុំ​កំពុង​ប្រជុំ​គ្នា កំពុង​ប្រជុំ​មនុស្ស​ច្រើន​ពេក ស្ដាប់​អត់​ឮ​ទេ»
លិខិត​ចុះ​ថ្ងៃ​ទី១៨ កក្កដា របស់​លោក អេង ឆៃអៀង បញ្ជាក់​ថា ស្រុក​ពញាឮ ជា​ភូមិសាស្ត្រ​មួយ​ដែល​ត្រូវ​រង​ការ​រំខាន​ជា​ញឹកញាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ពេល​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ការ​អុកឡុក​នេះ កើត​ឡើង​ជា​បន្តបន្ទាប់​ចាប់​ពី​ឆ្នាំ​២០០៨ ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៣។ អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត ចាត់​ទុក​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា ត្រូវ​គេ​រក​ឃើញ​ថា នៅ​តែ​មិន​ទាន់​មាន​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ​នៅ​ឡើយ៕
ប្រភពពី RFA
no image

អ្នក​បឹងកក់​ស្នើ​ក្រសួង​ព័ត៌មាន​ពិនិត្យ​ការ​ផ្សាយ​របស់​ទូរទស្សន៍​ឯកជន​មួយ​ចំនួន

image (2)អ្នក​ភូមិ​បឹងកក់ ដែល​ធ្លាប់​តែ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ មុខ​ភូមិគ្រឹះ​លោក​នាយក​រដ្ឋមន្ត្រី ឬ​នៅ​តាម​ស្ថានទូត​ផ្សេងៗ ឥឡូវ​បាន​ប្ដូរ​ទិសដៅ​កន្លែង​តវ៉ា​ហើយ។ នៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា ក្រុម​អ្នក​ភូមិ​បឹងកក់ បាន​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​ព័ត៌មាន ទាមទារ​រក​ចំណាត់​ការ​ពី​ក្រសួង ចំពោះ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួនដែល​ពួក​គេ​ចោទ​ថា កំពុង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​មិន​អព្យាក្រឹត្យ ជុំវិញ​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់។
«សំឡេង​តវ៉ា»
នេះ​ជា​សំឡេង​របស់​អ្នក​ភូមិ​បឹងកក់ ប្រមាណ​ជិត ១០០​នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ទី១៨ កក្កដា នេះ តវ៉ា​ទាមទារ​ឲ្យ​ក្រសួង​ត្រួត​ពិនិត្យ​លើ​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន អំពី​បញ្ហា​ដីធ្លី​អ្នក​ភូមិ​បឹងកក់ ដោយ​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា ទូរទស្សន៍​ទាំង​នោះ​មិន​មាន​ភាព​ឯករាជ្យ អព្យាក្រឹត្យ និង​មាន​ចរិត​ញុះញង់​បំបែក​បំបាក់​បំភ្លៃ​ខុស​ពី​ការ​ពិត។
ក្នុង​ការ​តវ៉ា​នោះ អ្នក​ភូមិ​បឹងកក់ បាន​ធ្វើ​រូប​ទូរទស្សន៍​ក្រដាស​តំណាង​ឲ្យ​ស្ថានីយ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ដូចជា ទូរទស្សន៍ ស៊ី.អិន.ស៊ី (CNC) បាយ័ន អប្សរា ជាដើម។ អ្នក​ភូមិ​បឹងកក់ ទាំង​នោះ​ចោទ​ថា ស្ថានីយ​ទូរទស្សន៍​ទាំងអស់​នោះ​បាន​ផ្សព្វផ្សាយ​ពី​រឿងរ៉ាវ​ដីធ្លី​អ្នក​ភូមិ​បឹងកក់ ដោយ​លម្អៀង​ទៅ​ក្រុម​ម្ខាង​ទៀត​ដែល​បាន​ផ្តាច់​ខ្លួន និង​ប្រឆាំង​ក្រុម អ្នកស្រី ទេព វន្នី។
តាម​រយៈ​ញត្តិ​ដែល​អ្នក​ភូមិ​ទាំង​នោះ​បាន​ដាក់​ជូន​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង ១០​ថ្ងៃ​កន្លង​មក​នេះ មាន​បណ្ដាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន​បាន​រៀប​ចំ​ថត​ឈុត​ឆាក​សម្ដែង ដែល​និយាយ​ពី​រឿង​មិន​ពិត​ក្នុង​សហគមន៍​បឹងកក់ ដែល​រៀប​ចំ​ដោយ​ក្រុម​បក្ខពួក​ក្រុមហ៊ុន និង​ក្រុម​មន្ត្រី​ពុក​រលួយ។ ការ​ផ្សាយ​នោះ មាន​ចរិត​ញុះញង់​បំបែក​បំបាក់​ដល់​សាមគ្គីភាព​ក្នុង​សហគមន៍ បំភិត​បំភ័យ បង្ក​ចលាចល​ក្នុង​សហគមន៍ ក្នុង​គោល​បំណង​លេប​ត្របាក់​យក​ដី​តំបន់​បឹងកក់។
សម្រែក​តវ៉ា​នេះ បាន​បន្ត​រហូត​ដល់​ម៉ោង ១០​ព្រឹក ពេល​ដែល​ក្រសួង​ព័ត៌មាន ចាត់​អ្នក​តំណាង​ម្នាក់​ឲ្យ​ចេញ​មក​ទទួល​យក​ញត្តិ​របស់​អ្នក​ភូមិ​បឹងកក់ និង​បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​បី​នាក់​ចូល​ជួប​តំណាង​របស់​ក្រសួង។
ក្រោយ​ពី​បាន​ចូល​ជួប​មន្ត្រី​ក្រសួង​ព័ត៌មាន រួច​មក តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ទេព វន្នី បាន​ឲ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ជួប​ចរចា​នោះ​ថា តំណាង​ក្រសួង​ព័ត៌មាន លោក ចាន់ គឹមស៊ា បាន​ជម្រាប​ដល់​អ្នក​ភូមិ​បឹងកក់ ថា ក្នុង​ករណី​ពួក​គាត់​រក​ឃើញ​ថា ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​ផ្សាយ​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់ ដោយ​ប្រាសចាក​ពី​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន អ្នក​ភូមិ​បឹងកក់ អាច​ដាក់​ញត្តិ​មក​កាន់​ក្រសួង​ព័ត៌មាន ម្តង​ទៀត ហើយ​ក្រសួង​នឹង​ផ្ញើ​លិខិត​ទៅ​អគ្គនាយក​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ ឲ្យ​គោរព​តាម​ច្បាប់​ស្ដីពី​របប​សារព័ត៌មាន និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​អ្នក​សារព័ត៌មាន ឬ​ពួក​គាត់​អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​តែ​ម្តង។
អ្នកស្រី ទេព វន្នី៖ «គាត់​ថា បើ​សិន​ជា​ករណី​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស ជា​ពិសេស​ទូរទស្សន៍​ទាំងអស់ ដែល​ប៉ុន្មាន​ថ្ងៃ​នេះ គាត់​ចាក់​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ភាព​អយុត្តិធម៌​មក​លើ​រូប​នាង​ខ្ញុំ ក៏​ដូច​អ្នក​បឹងកក់ ដទៃ​ទៀត ហើយ​ផ្សាយ​បំផ្លើស​ពី​ការ​ពិត​ហ្នឹង គឺ​ថា​អាច​មាន​សិទ្ធិ​ប្ដឹង ព្រោះ​អា​ហ្នឹង​វា​ខុស​ពី​វិជ្ជាជីវៈ ខុស​នឹង​ច្បាប់​សារព័ត៌មាន​ដែល​ឯករាជ្យ និង​យុត្តិធម៌ ហើយ​អាច​ដាក់​ពាក្យ​ប្ដឹង​នៅ​កន្លែង​គាត់​ម្តង​ទៀត យក​ពាក្យ​បណ្ដឹង​ហ្នឹង​ប្ដឹង​តែ​ម្តង ដើម្បី​គាត់​អន្តរាគមន៍​យក​ទៅ​អគ្គនាយកដ្ឋាន​បណ្ដាញ​ទូរទស្សន៍​ទាំងអស់​នោះ ដើម្បី​ឲ្យ​ត្រួត​ពិនិត្យ​ឡើង​វិញ និង​ចាត់​វិធាន​ការ​ទៅ​លើ​ករណី​ហ្នឹង»
មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត យល់​ឃើញ​ថា ស្ថាប័ន​សារព័ត៌មាន​គួរ​ចេញ​ផ្សាយ​នូវ​ព័ត៌មាន​ដែល​មាន​តុល្យភាព មិន​គួរ​ផ្តល់​ឱកាស​ឲ្យ​ភាគី​តែ​ម្ខាង​នោះ​ទេ ប្រសិន​បើ​រឿងរ៉ាវ​ទំនាស់​នោះ​មាន​ភាគី​ពាក់ព័ន្ធ​ច្រើន ទើប​ប្រជាពលរដ្ឋ​អាច​វែក​ញែក​ថា ភាគី​ណា​ខុស ភាគី​ណា​ត្រូវ។
លោក អំ សំអាត៖ «ប្រទេស​ប្រជាធិបតេយ្យ ប្រព័ន្ធ​ផ្សព្វផ្សាយ​វា​ជា​កាតាលីករ​មួយ​ដ៏​សំខាន់ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន ដោយ​គេ​ហៅ​ថា មាន​តុល្យ​ព័ត៌មាន។ អ៊ីចឹង ការ​ដែល​សារព័ត៌មាន​មួយៗ យើង​គិត​ហើយ អ្នក​សារព័ត៌មាន​តែង​តែ​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ ប៉ុន្តែ​ដើម្បី​ឲ្យ​ព័ត៌មាន​នោះ​វា​បាន​ល្អ វា​ទាល់​តែ​មាន​តុល្យភាព បាន​ន័យ​ថា បើ​អ្នក​បឹងកក់ ហ្នឹង គាត់​មាន​ភាគី​២ ឬ​ភាគី​៣ យើង​ត្រូវ​តែ​យក​ព័ត៌មាន​ទាំង​ពីរ ទាំង​បី​ក្រុម​ហ្នឹង​យក​ទៅ​ធ្វើ​ការ​ផ្សាយ ដើម្បី​វិភាគ​ទៅ​ថា តើ​ក្រុម​ណា​មួយ ក្រុម​ណា​មួ​យ​ខុស ឬ​មួយ​ក៏​ក្រុម​ទាំងអស់​ហ្នឹង គាត់​ធ្វើ​ការ​តវ៉ា​ហ្នឹង​ដើម្បី​ទាមទារ​អ្វី»
រឿងរ៉ាវ​ដីធ្លី​របស់​អ្នក​ភូមិ​បឹងកក់ ជាមួយ​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) មាន​អាយុ​កាល ៦​ឆ្នាំ​ហើយ។ នៅ​រយៈពេល​ចុង​ក្រោយ​នេះ សហគមន៍​បឹងកក់ បាន​បែង​ចែក​ជា​ពីរ​ក្រុម​ប្រឆាំង​គ្នា ហើយ​កន្លង​មក សាធារណជន​ទាំង​ឡាយ​មិន​ធ្លាប់​បាន​ឃើញ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ណា​មួយ ចាក់​ផ្សាយ​ពី​ការ​ប្រើ​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មក​លើ​ក្រុម​អ្នក​តវ៉ា​បញ្ហា​ដីធ្លី​នោះ​ទេ៕
ប្រភពពី RFA
no image

ពលរដ្ឋ​បឹង​កក់​ស្នើ​ក្រសួង​ព័ត៌មាន​រឿង​បណ្តាញ​ទូរទស្សន៍​ផ្សាយ​ញុះ​ញង់


ពលរដ្ឋ​បឹងកក់តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។ រូបថត ហេង ជីវ័ន
ភ្នំពេញៈ ប្រជាពលរដ្ឋ​បឹងកក់ ដែល​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំង​រ៉ៃ​អស់​រយៈពេល​៧​ឆ្នាំ​មក​ហើយ បាន​ចេញ​មក​តវ៉ា​នៅ​មុខ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្នើ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​លើ​ការ​បណ្តាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន ដែល​មិន​មាន​ភាព​ឯករាជ្យ អព្យាក្រឹត្យ ក្នុង​រឿង​ជម្លោះ​ដីធ្លី​តំបន់​បឹងកក់ និង​ការ​កាត់​ទោស​អ្នក​ស្រី​យ៉ោម បុប្ផា។
តំណាង​ប្រជាពលរដ្ឋ​បឹង​កក់​បាន​លើក​ឡើង​ក្នុង​លិខិត​ដែល​ដាក់​ជូន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ជាង ១០ ថ្ងៃ​កន្លង​មក​នេះ មាន​បណ្តាញ​ទូរទស្សន៍​ឯកជន​មួយ​ចំនួន បាន​រៀប​ចំ​ថត​ឈុត​ឆាក​សម្តែង ដែល​និយាយ​ពី​រឿង​មិន​ពិត​ក្នុង​សហគមន៍​បឹង​កក់ ដែល​រៀប​ចំ​ដោយ​ក្រុម​បក្ស​ក្រុមហ៊ុន និង​ក្រុម​មន្ត្រី​ពុក​រលួយ​ដែល​មាន​ចរិក​ញុះ​ញង់ បំបែក​បំបាក់​ដល់​សាមគ្គី​ភាព​ក្នុង​សហគមន៍ បំភិត​បំភ័យ បង្ករ​ចលាចល​ក្នុង​សហគមន៍ ក្នុង​គោល​បំណង​លេប​ត្របាក់​យក​ដី​តំបន់​បឹង​កក់ ដោយ​មិន​មាន​គោល​បំណង​ឲ្យ​ប្រជាពលរដ្ឋ​បាន​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​ដូច​តាម​អនុក្រឹត្យ​លេខ ១៨៣ របស់​រាជរដ្ឋាភិបាល វា​ហាក់​បី​ដូច​ជា​អនុក្រឹត្យ​នេះ​គ្រាន់​តែ​ជា​ការ​បោក​ប្រាស់​ប្រជាពលរដ្ឋ។
លិខិតបន្តថា រឿង​ពិត​នៃ​ការ​ឈឺ​ចាប់​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ជាង ៧ ឆ្នាំ​មក​ហើយ​ ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ ព្រម​ទាំង​ស្ថានីយ៍​ទូរទស្សន៍​ជាតិ មិន​ដែល​យក​មក​ចាក់​ផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ឡើយ។
ក្រុម​ប្រជាពលរដ្ឋ​បឹង​កក់​បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ចាត់​វិធាន​ការ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ទាំង​នោះ។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

no image

លោក សយ សុភាព ពិតជាកោរសក់មែនឬ?


កាលពី​ពេល​ថ្មីៗ​នេះ លោក សយ សុភាព ត្រូវបាន​មហាជន​សួរដេញដោល​អំពី​ការវិភាគ និង​ការនិយាយ​របស់​លោក​នៅ​តាម​បណ្តាញ​ស្ថានីយ៍​ទូរទស្សន៍​មួយចំនួន​ដែល​លោក​ ធ្វើ​ជា​វាគ្មិន នា​ពេលកន្លងមក ដោយ​បាន​ធ្វើ​ការវិភាគ​អំពី​ការវិល​ត្រលប់​មក​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី​។​
​លោក សយ សុភាព ធ្លាប់បាន​និយាយ​ថា លោក សម រង្ស៊ី​គ្មាន​ឳ​កាស​ត្រូវបាន​លើកលែងទោស និង​មិន​ហាន​ត្រលប់​ចូលមក​ក្នុង​ប្រទេស​កម្ពុ​ជា​វិញ​ឡើយ​។ លោក​បាន​និយាយថា បើ​លោក សម រង្ស៊ី អាច​វិល​ចូល​ក្នុង​ស្រុក​ខ្មែរ​វិញ​បាន លោក​នឹង​កោរសក់​។​
ចំពោះ​ពាក្យ​សំដី​របស់​លោក​ដែល​បាន​និយាយ​ខាងលើនេះ មិនទាន់​ត្រូវបាន​គេ​ចាប់​អារម្មណ៍​ប៉ុន្មាន​ទេ​។ ប៉ុន្តែ​ក្រោយពី​មាន​ព្រះរាជក្រឹត្យ​លើកលែងទោស និង​ដំណឹង​ពី​ការវិល​ត្រលប់​របស់លោក សម រង្ស៊ី ធ្វើអោយ​អ្នក​ដែល​តាមដាន​ការវិភាគ​របស់លោក សយ សុភាព ចាប់ផ្តើម​សួរដេញដោល និង​ចំអក​ឡក​ឡើយ​ដល់​លោក​ថា “​តើ​លោក សយ សុភាព ពិតជា​ហ៊ាន​កោរសក់​ខ្លួនឯង​មែនឬ​?” 
តាម​អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​មួយ​ចំនួន​បាន​លើកឡើង​ថា បរិបទ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​ហាក់​មាន​របត់​ខ្លាំង​ហួស​ពី​ការ​ គិតស្មាន​ទៅទៀត ទាំង​នា​ពេលកន្លងមក និង​នាពេល​បច្ចុប្បន្ន​នេះ ហើយ​ពេល​ខ្លះ​ក៏​វា​ផ្ទុយ​ស្រលះ​តែម្តង​ពី​ការវិភាគ​របស់​អ្នកជំនាញ ដូចជា​លោក សយ សុភាព នេះ​ជាដើម​។ រហូតមកទល់​ពេលនេះ គេ​ពុំ​ទាន់​បានឃើញ​ការ​ចេញ​មក​បកស្រាយ​ណាមួយ​ពី​លោក សយ សុភាព ចំពោះ​ពាក្យ​សំដី​របស់​ខ្លួន និង​ការ​ចំអក​ឡក​ឡើយ​នេះ​នៅឡើយ​ទេ​៕


no image

និស្សិត​ត្រូវ​សាលា​ផ្តល់​ប្រាក់​ឲ្យ​មក​ជួយ​ឃោសនា​ឲ្យ CPP


130718_05aភ្នំពេញៈ និស្សិត សំ អាត (ឈ្មោះ​ដាក់​ជំនួស​ឈ្មោះ​ពិត) អះអាង​ថា គេ​បាន​ចូល​រួម​នៅ​ក្នុង​ការ​ប្រមូល​ផ្តុំ​ការ​ឃោសនា​ការ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​ពីរ​លើក នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​កន្លង​មក​នេះ។
សំអាត​ថា​ទាំង​ពីរ​លើក​នេះ​ខាង​សាកល​វិទ្យាល័យ​បាន​ផ្តល់​ប្រាក់​កម្រៃ​សម្រាប់​ការ​ចូល​រួម។
និស្សិត​វ័យ​២៣​ឆ្នាំ​រូប​នេះ​ថ្លែង​បន្ត​ថា អ្នក​គ្រប់​គ្រង​រដ្ឋបាល​នៅ​វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែល​ជា​សាលា​ឯកជន​គាត់​រៀន​នៅ​រាជធានី​ភ្នំពេញ បាន​រៀបចំ​រថយន្ត​ក្រុង​សម្រាប់​ដឹក​ក្រុម​និស្សិត​ទៅ​ឃោសនា។
សំ អាត ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​៖«ខាង​រដ្ឋបាល​វិទ្យាស្ថាន​បាន​ប្រាប់​និស្សិត​[តាម​ថ្នាក់​]​ឲ្យ​មក​ចុះ​ឈ្មោះ​ស្ម័គ្រ​ចិត្ត​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន។ ពួក​យើង​ត្រូវ​គេ​សន្យា​ថា នឹង​ទទួល​បាន​ប្រាក់​៤​ដុល្លារ​សម្រាប់​ការ​ចូល​រួម​មួយ​លើកៗ​ហើយ​បើ​ការ​ទៅ​ហែ​ប៉ះ​ត្រូវ​ម៉ោង​រៀន គេ​សន្យា​ថា នឹង​មិន​គូស​អវត្តមាន​ក្នុង​បញ្ជី​ទេ»។
និស្សិត សំ អាត បន្ត​ថា បន្ទាប់​ពី​ការ​ហែ​មួយ​លើកៗ​បុគ្គលិក​រដ្ឋបាល​បាន​ផ្តល់​ប្រាក់​ឲ្យ​គាត់​ផ្ទាល់​ដៃ​ប៉ុន្តែ​មិន​ច្រើន​ដូច​ពី​ដំបូង​ទេ។
លោក​បន្ត​ថា ៖ «ខ្ញុំ​បាន​ចូល​រួម​ការ​ហែ​បាន​២​ដង​។ ប៉ុន្តែ​ខ្ញុំ​ទទួល​បាន​ប្រាក់​តែ​២,៥​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​លើក​ទី១ និង​ប្រហែល​២​ដុល្លារ​សម្រាប់​លើក​ទី២»។
និស្សិត​ម្នាក់​ទៀត ឈ្មោះ សៀង (ឈ្មោះ​ជំនួស​ឈ្មោះ​ពិត)​ដូច សំអាត ដែរ​គឺ​ភ័យ​ខ្លាច​មាន​បញ្ហា ប្រសិន​បើ​គេ​ដឹង​អំពី​អត្ត​សញ្ញាណ​ពិត។ គាត់​និយាយ​ថា​៖​«ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រដ្ឋបាល​សាលា​ជំរុញ​យើង​ឲ្យ​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។
ទោះ​យ៉ាង​ណា​មិន​ដូច សំអាត ទេ និស្សិត សៀង បាន​បដិសេធ​មិន​ចូល​រួម​នៅ​ក្នុង​ការ​ឃោសនា​ការ​បោះឆ្នោត​ឡើយ​។ គាត់​ឲ្យ​ដឹង​បន្ត​ថា​៖ «សម្រាប់​ខ្ញុំ ខ្ញុំ​មិន​គិត​ថា នេះ​ជា​គំនិត​ល្អ​ទេ​»។ និស្សិត​ខ្លះ​បាន​ស្ម័គ្រ​ទៅ​ពាក់​ព័ន្ធ​ព្រោះ​ពួក​គេ​ត្រូវ​ការ​លុយ​។ សូម្បី​តែ​មិត្ត​ខ្ញុំ ក៏​ស្ម័គ្រ​ចិត្ត​ចូល​រួម​ដែរ»។
ក្នុង​បទ​សម្ភាស​ផ្ទាល់​កាល​ពី​ថ្ងៃ​អង្គារ​បុគ្គលិក​ម្នាក់​នៅ​វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់​និស្សិត​នេះ​ទេ។
គាត់​បាន​បង្វែរ​ឲ្យ​សាកសួរ​ទៅ​នាយក​វិទ្យាស្ថាន​ដែល​លោក​បដិសេធ​មិន​អត្ថាធិប្បាយ​ដូច​គ្នា។
ចាប់​តាំង​ពី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់​ផ្តើម​នា​ចុង​ខែ​មិថុនា និស្សិត​រាប់​ពាន់​នាក់​បាន​ទៅ​ចូល​រួម​ហែ​ក្បួន​តាម​ផ្លូវ​និង​មាន​កាន់​ទង់​ជ័យ​បក្ស​ហែ​ផង។
ច្រើន​លើក​ហើយ​យុវវ័យ​មួយ​ចំនួន​ដែល​ចូល​រួម​ការ​ឃោសនា​បោះឆ្នោត​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃ សម្រាប់​ការ​ចូល​រួម​ឃោសនា។
សម្រាប់​អ្នក​គាំទ្រ​ចៀស​មិន​ផុត​ទេ ត្រូវ​ពាក់​មួក​គណបក្ស​ប្រជាជន​និង​បាន​ប្រាក់​៥​ដុល្លារ​សម្រាប់​ការ​ចូល​រួម​មួយ​លើកៗ។
និស្សិត​ស្រី​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ថ្លែង​ក្នុង​ការ​ហែក្បួន​ឃោសនា​កាល​ពី​សប្តាហ៍​មុន​ថា៖«យើង​មក​នេះ​ជាមួយ​មេ​ក្រុម​តាម​ថ្នាក់​រៀន​យើង​។ គ្រូ​ចាត់​ពួក​គេ​មក ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​ពិត​ជា​បាន​មក​ចូល​រួម​ការ​ឃោសនា​ពិត​មែន»។
ប៉ុន្តែ​និស្សិត​ស្រី​រូប​នេះ​និង​មិត្តភក្តិ​នាង​ថា ពួក​គេ​មិន​បាន​រង​ការ​គំរាម​កំហែង​ឬ​ការ​បង្ខំ​ឲ្យ​មក​ទេ​។ តាម​ពិត ពួក​គេ​ជា​អ្នក​គាំទ្រ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ប៉ុន្តែ​ក៏​បាន​សារភាព​ថា គេ​មិន​ដឹង​ច្រើន​ទេ អំពី​បញ្ហា​នយោបាយ។
នៅ​ពេល​ដែល​មាន​ការ​ប្រមូល​ផ្តុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​សួនច្បារ​វត្ត​បទុម​និស្សិត​ម្នាក់​នៅ​សាកល​វិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​និយាយ​ថា គាត់​ចូល​រួម​ហែ​ក្បួន គឺ​ព្រោះ​តែ​ប្រាក់​កម្រៃ​។ គាត់​ថា​៖ «សាលា​ខ្ញុំ​ឲ្យ​ប្រាក់​ខ្ញុំ​៥​ដុល្លារ​ពេល​ត្រឡប់​មក​វិញ​»។
នៅ​ពេល​ទាក់​ទង​កាល​ពី​ម្សិលមិញ​បុគ្គលិក​នៅ​សាកល​វិទ្យាល័យ​ទាំង​ពីរ​នេះ​ថ្លែង​ថា ពួក​គេ​ពុំ​មាន​តួនាទី​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ទេ ខណៈ​ក្រសួង​អប់រំ​មិន​អាច​ទាក់​ទង​សុំ​អត្ថាធិប្បាយ​បាន។
ប៉ុន្តែ​សមាជិក​ម្នាក់​ក្នុង​ចំណោម​និស្សិត​ដែល​ភ្នំពេញ ប៉ុស្តិ៍ បាន​សម្ភាស​ក្រៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កាល​ពី​ថ្ងៃ​អង្គារ​ថ្លែង​ថា ពួក​គេ​មិន​បាន​ឮ​ថា បុគ្គលិក​ឬ​ថ្នាក់​ដឹក​នាំ​ណា​បញ្ជា​ឲ្យ​និស្សិត​ទៅ​ឃោសនា​បោះឆ្នោត​ទេ។
និស្សិត សុភ័ក្រ្ត រៀន​ផ្នែក​ទេសចរ​នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង នៅ​ជិត​វត្តភ្នំ បាន​ប្រាប់​ថា នៅ​សាកល​វិទ្យាល័យ​នេះ​ក៏​មាន​ការ​បង្ខិត​បង្ខំ​ដែរ។
គាត់​ប្រាប់​ថា​៖ «មិត្តភក្តិ​ខ្ញុំ​មួយ​ចំនួន​ដែល​រៀន​នៅ​ពេល​ព្រឹក​និយាយ​ថា គ្រូៗ​បាន​ជំរុញ​ឲ្យ​ពួក​គេ​ទៅ​ឃោសនា​ឲ្យ​គណបក្ស​ប្រជាជន។ ប៉ុន្តែ​គ្រូ​របស់​ខ្ញុំ គាត់​មិន​បាន​ធ្វើ​អ៊ីចឹង​ទេ»។
ប៉ុន្តែ កញ្ញា ចាន់ បុត ជា​និស្សិត​ផ្នែក​ធនាគារ​និង​ហិរញ្ញវត្ថុ ឲ្យ​ដឹង​ថា ថ្នាក់​រៀន​នាង​ត្រូវ​គ្រូ​ដាក់​មេរៀន​ឲ្យ​របៀប​ឃោសនា​សម្រាប់​គណបក្ស​កាន់​អំណាច។ នាង​បន្ត​ថា​៖«គ្រូ​ខ្ញុំ​បាន​ជំរុញ​យើង​ឲ្យ​ចូល​រួម​ការ​ហែ​ក្បួន​គណបក្ស​ប្រជាជន​នៅ​ពេល​យើង​ទំនេរ​។ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ខ្លះ​បាន​ស្ម័គ្រ​ចិត្ត​ចូល​រួម ប៉ុន្តែ ខ្ញុំ​មិន​ស្ម័គ្រ​ចិត្ត​ទៅ​ទេ»។
អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក ទេព នីថា ថ្លែង​កាល​ពី​ម្សិលមិញ​ថា វា​ជា​ការ​ខុស​ច្បាប់​សម្រាប់​គ្រូ​នៅ​សាលា​រដ្ឋ និង​សាកល​វិទ្យាល័យ​រដ្ឋ ដែល​ប្រើ​ម៉ោង​សិក្សា​ជំរុញ​ឲ្យ​សិស្ស​និស្សិត​ចូល​រួម​ការ​ហែ​ក្បួន​ឃោសានា​ឲ្យ​គណបក្ស​នយោបាយ។ លោក​បន្ត​ថា​៖ «នៅ​ក្រៅ​ម៉ោង​សិក្សា ពួក​គេ​អាច​ធ្វើ​បាន»។
លោក​បន្ត​ថា ប៉ុន្តែ​សាកល​វិទ្យាល័យ​ឯកជន ដូចជា វិទ្យាស្ថាន​សហ​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​គឺ​មិន​ត្រូវ​បាន​ហាម​ឃាត់​ដោយ​ច្បាប់​បោះឆ្នោត​ទេ។​«ដូច្នេះ ម្ចាស់​សាកល​វិទ្យាល័យ អាច​លើក​ទឹក​ចិត្ត​និស្សិត​ខ្លួន​ឲ្យ​ចូល​រួម​ជាមួយ​គណបក្ស​គាត់​បាន។ តែ​ទោះ​ជា​យ៉ាង​ណា ប្រការ​នេះ​មិន​មាន​ន័យ​ថា ពួក​គេ​អាច​ផ្តល់​ប្រាក់​ឲ្យ​និស្សិត​ធ្វើ​ដូច្នេះ​ទេ ហើយ​យើង​មិន​ឃើញ​ករណី​សំណូក​ដែរ ក្នុង​អំឡុង​ការ​បោះឆ្នោត​នេះ»។
លោក ទេព នីថា បន្ថែម​ថា វា​លំបាក​ប្រាប់​ថា តើ​គ្រូ​ឬ​ថ្នាក់​ដឹក​នាំ​របស់​ក្រុម​និស្សិត​ដែល​កំពុង​ផ្តល់​សាំង​ឬ​អាហារ​ដល់​ពួកគេ​ថា​«មិន​មែន​ជា​សំណូក​» ឬ​គ្រាន់​តែ​ជា​ការ​ផ្តល់​ប្រាក់​ចាយ​វាយ។
តាម​ទ្រឹស្តី សាកល​វិទ្យាល័យ​ត្រូវ​បង្រៀន​និស្សិត​អំពី​របៀប​គិត​ដោយ​ឯករាជ្យ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ថ្លែង​ថា ការ​បញ្ចុះ​បញ្ចូល​និស្សិត​ទៅ​ចូល​រួម​ការ​ប្រមូល​ផ្តុំ​អ្វី​មួយ​គឺជា​រឿង​ធម្មតា​នៅ​កម្ពុជា​។ លើស​ពី​នេះ​វា​កំពុង​ដាក់​កំហិត​ទៅ​លើ​សេរីភាព​ការ​សិក្សា។
លោក​បន្ត​ថា ៖ «[ហេតុ​ដូច្នេះ​] វា​ក៏​កំពុង​ដាក់​កំហិត​ទៅ​លើ​ការ​គិត​បែប​លក្ខណៈ​រិះគន់​ទៅ​លើ​ក្រុម និសិ្សត​ផង​ដែរ ហើយ​ជា​ទូទៅ​កំពុង​ដាក់​កំហិត​ទៅ​លើ​ចំណេះ​ដឹង និង​ការ​អប់រំ»។
លោក អ៊ូ វីរៈ បន្ថែម​ថា វា​មិន​មែន​តែ​សិស្ស​ទេ ដែល​កំពុង​រង​សម្ពាធ​ពី​ព្រោះ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​ឲ្យ​គេ​ឃើញ​ថា ​ជា​«គណបក្ស​សាធារណៈ​» សូម្បី​តែ​សាស្រ្តចារ្យ​ក៏​អ៊ីចឹង​ដែរ​ត្រូវ​គេ​រំពឹង​ថា បង្ហាញ​ការ​គាំទ្រ​ចំពោះ​គណបក្ស​កាន់​អំណាច។
នៅ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប រូបថត​ចំនួន​បួន​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​តាំង​នៅ​លើ​ជញ្ជាំង​ការិយាល័យ​របស់ លោក ស៊ាង សុវណ្ណ ទី​ប្រឹក្សា​ផ្ទាល់​របស់​សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​នេះ​និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​នោះ​រូបថត​មួយ បាន​បិទ​ក្នុង​នាឡិកា។ សាកល​វិទ្យាធិការ​សាកល​វិទ្យាល័យ​អាស៊ី​អឺរ៉ុប លោក ឌួង លាង អនុ​ប្រធាន​សមាគម​ឧត្តម​សិក្សា​កម្ពុជា​ជា​ក្រុម​គាំទ្រ​ចំហ​ទៅ​លើ​គោល​នយោបាយ​អប់រំ​របស់​រដ្ឋាភិបាល។ ប៉ុន្តែ លោក សុវណ្ណ ថ្លែង​ថា បុគ្គលិក​ផ្នែក​បង្រៀន​ក្នុង​សាលា​មិន​បង្រៀន​ពី​នយោបាយ​ទេ​ហើយ​សាកល​វិទ្យាល័យ​ជំរុញ​និស្សិត​ឲ្យ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ខ្លួន​ឯង អំពី​នយោបាយ។
លោក​ថា និស្សិត​គួរ​តែ​ផ្តោត​ទៅ​លើ​គណបក្ស​ណា​ដែល​នឹង​នាំ​នូវ​«សន្តិភាព និង​ការ​អភិវឌ្ឍ»​សម្រាប់​អនាគត​ពួក​គេ។ លោក​បន្ត​ថា៖«ពួក​គេ​ជា​ទំពាំង​ស្នង​ឫស្សី​របស់​ប្រទេស​ប្រសិន​បើ​ពួក​គេ​មិន​ដឹង​អំពី​អនាគត​និង​ពី​តួនាទី​ខ្លួន តើ​ពួក​គេ​អាច​អភិវឌ្ឍ​ប្រទេស​យ៉ាង​ម៉េច?»។​ស្រដៀង​គ្នា​ដែរ​តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​បដិសេធ​ថា គណបក្ស​លោក​ពុំ​មាន​នយោបាយ​ផ្តល់​ប្រាក់​ដល់​និស្សិត​ដែល​មក​ចូល​រួម​ការ​ឃោសនា​បោះឆ្នោត​ទេ។
លោក​បាន​ថ្លែង​ថា​៖ «គណបក្ស​ប្រជាជន​កម្ពុជា​បាន​ពន្យល់​ប្រជាជន​អំពី​គោល​នយោបាយ ខ្លួន​ហើយ​ប្រាប់​យុវជន​អំពី​សិទ្ធិ​របស់​ពួក​គេ…ដើម្បី​ជំរុញ​ឲ្យ​ពួកគេ​យល់​ពី​របៀប​ធ្វើ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ»។
លោក ជាម យៀប បន្ត​ថា លោក​នាយក​រដ្ឋ​មន្រ្តី នៅ​គ្រប់​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​តាម​មហាវិទ្យាល័យ លោក​តែង​តែ​លើក​អំពី​តួនាទី​យុវជន និង​អំពី​គោល​នយោបាយ​ដែល​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អភិវឌ្ឍ​ប្រទេស ដើម្បី​ឲ្យ​យុវជន​ស្វែង​យល់​កាន់​តែ​ច្បាស់​អំពី​មាគ៌ា​ដឹក​នាំ​និង​ការ​អភិវឌ្ឍ​ប្រទេស​ឆ្ពោះ​ទៅ​កាន់​នីតិរដ្ឋ និង​ការ​អភិវឌ្ឍ។
លោក​អះអាង​ថា ៖​«គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​មាន​គោល​នយោបាយ​ផ្តល់​ប្រាក់​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​គាំទ្រ​ក្នុង​យុទ្ធនាការ​ឃោសនា​របស់​គណបក្ស​ខ្លួន​នោះ​ទេ។ ប៉ុន្តែ​បញ្ហា​ខ្លះ ដែល​ចៀស​ពុំ​រួច​ដូច​ជា​ករណី​អ្នក​គាំទ្រ​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ហើយ អស់​សាំង​ដូច្នេះ ពួក​គេ​ត្រូវ​ទទួល​បាន​ការ​ផ្តល់​ការ​ឧបត្ថម្ភ​ជា​សាំង​។ អ្នក​គាំទ្រ​មួយ​ចំនួន​គឺ​ក្រីក្រ​ដូច្នេះ​ក្រុម​អ្នក​ដឹក​នាំ​ក្រុម​អាច​ទិញ​អាហារ ដូចជា នំប៉័ង ទឹក​សុទ្ធ ចែក​ដល់​ពួក​គេ។ នេះ​មិន​មែន​ជា​ការ​ទិញ​ពួក​គេ​ឲ្យ​គាំទ្រ​ទេ តែ​វា​គឺ​ជា​សន្តាន​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ»។
ទោះ​យ៉ាង​ណា​ក្តី លោក​ថ្លែង​ថា លោក​មិន​អាច​ធានា​ថា អ្នក​ចូល​រួម​គ្រប់ៗគ្នា​ជាមួយ​នឹង​ការ​ឃោសនា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក​ចូល​រួម​ដោយ​សុទ្ធចិត្ត​ទេ។ លោក​ថា៖ «ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​ថា ៩៨ ភាគរយ គឺ​មក​ដោយ​ស្ម័គ្រ​ចិត្ត»៕
ប៉ូលិស​ព្រំដែន​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ឲ្យ​ពលរដ្ឋ​វៀតណាម​ស្នាក់​នៅ​តំបន់​ស

ប៉ូលិស​ព្រំដែន​ខេត្ត​រតនគិរី​រង​ការ​ចោទ​ថា​ឲ្យ​ពលរដ្ឋ​វៀតណាម​ស្នាក់​នៅ​តំបន់​ស

នៅ​ឯ​តំបន់​ព្រំដែន​កម្ពុជា-វៀតណាម ក្នុង​ខេត្ត​រតនគិរី មាន​សេចក្តី​រាយការណ៍​ចោទ​ថា ប៉ូលិស​ការពារ​ព្រំដែន​បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម មួយ​គ្រួសារ បោះ​ជំរុំ​ស្នាក់​នៅ​តំបន់​ស។ ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​វៀតណាម មក​បោះ​ជំរុំ​នោះ ធ្វើ​ឲ្យ​ពលរដ្ឋ​វៀតណាម ផ្សេង​ទៀត​មក​ស្នាក់​នៅ​ជំរុំ​នោះ ដើម្បី​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។





និស្សិត​មួយចំនួន បញ្ចេញ​ទស្សនៈ​លើ​ការទាមទារ​កោះត្រល់​មក​វិញ​

និស្សិត​មួយចំនួន បញ្ចេញ​ទស្សនៈ​លើ​ការទាមទារ​កោះត្រល់​មក​វិញ​

ថ្មីៗ​នេះ បញ្ហា​កោះត្រល់ ត្រូវ​បាន​ជីក​កកាយ​ឡើងវិញ​ពី​សំណាក់​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា សាកល្បង​ប្រើ​ផ្លូវច្បាប់ ដើម្បី​ទាម​ទារ​​កោះត្រល់​មកវិញ​។​
​និស្សិត​មួយចំនួន ដែល​កំពុង​សិក្សា​នៅ​មហា​​វិទ្យាល័យ​ក្នុង​​រាជ​ធានី​​ភ្នំ​ពេញ​ បាន​​បង្ហាញ​​ពី​ទស្សនៈ​លើ​កោះ​ត្រល់​នេះ ដោយ​ចង់ឲ្យ​មាន​ការទាមទា​រ​មកវិញ ប្រ​សិន​បើ​​អាច​ធ្វើបាន​៖ស្ដាប់​សំឡេង {audio}audio/news/july2013/130701-liny-VOX-POX-ON-KOH-TRAL.MP3{/audio}
ថ្មីៗ​នេះ ភស្តុតាង​ចំនួន​ពីរ ដែល​បង្ហាញ​ថា កោះត្រល់ ត្រូវបាន​បាត់បង់​ក្រោយ​ឆ្នាំ​១៩៨០ គឺ​ឯកសារ​ជា​សៀវភៅ និង​សម្តី​សាក្សី​នៅ​សាលាក្តី​ខ្មែរក្រហម​។​
​កាលពី​ថ្ងៃ​ទី​១៧ ខែមិថុនា ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​(CWC) បាន​លើក​យក​ឯកសារ​សៀវភៅ​មេរៀន​ភូមិវិទ្យា​ថ្នាក់​ទី​៧​​នៃ​សម័យ​​សាធារណរដ្ឋ​​ប្រជា​មា​និតកម្ពុជា​(១៩៧៩​ដល់​១៩៨៩) ដែល​បង្ហាញ​ពី​ប្រវត្តិ​កោះ​ខ្មែរ​មួយចំនួន ត្រូវបាន​បាត់បង់ ពិសេស​កោះត្រល់ ដែល​មានន័យថា កោះត្រល់ គឺ​ទើបតែ​បាត់បង់​ក្រោយ​ឆ្នាំ​១៩៨០​នោះ​ទេ​​។​
​ភស្តុតាង​មួយទៀត គឺ​កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ សាក្សី​ជា​អតីត​អ្នក​ធ្លាប់​បំពេញការងារ​នៅ​ក្រសួង​ឃោសនា​ការ ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ អ្នកស្រី ស សៀក ហៅ​ស៊ីម បាន​ប្រាប់​សវនាការ​សាលាក្តី​ខ្មែរក្រហម​ថា នៅក្នុង​សម័យ ប៉ុល ពត​(១៩៧៥-១៩៧៩) ទាហាន​វៀតណាម បាន​ចូល​វាយ​យក​កោះត្រល់​។ អ្នកស្រី​បន្ត​ថា មេដឹកនាំ​ក្នុង​របប​ខ្មែរក្រហម បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ខ្មែរ​ចូលរួម​វាយ​វៀតណាម នៅពេល​ដែល​ទាហាន​វៀតណាម​វាយ​កាន់កាប់​កោះត្រល់ ៖ “​យួន​ឈ្លានពាន ពេលនោះ​ប្រជាជន​ខ្លាច​បាត់បង់​ទឹកដី ដូច្នេះ​វិទ្យុ​តែងតែ​មាន​ការអប់រំ មានការ​ដើម្បី​ដាស់​អារម្មណ៍​ឲ្យមាន​ការឈឺ​ចាប់ ការពារ​ទឹកដី​ខ្លួនឯង​”​។​
​ពាក់ព័ន្ធ​នឹង​កោះ​ត្រល់​នេះ កាលពី​ថ្ងៃ​ទី​០៩ ខែ​សីហា ឆ្នាំ​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​ មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន ​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​​កោះ​នោះ​ឲ្យ​វៀតណាម​។ លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​បន្ថែមថា អតីតព្រះមហាក្សត្រ ដែល​ជា​អ្នកដឹកនាំ​ប្រទេស​នៅ​ពេល​នោះ​ក៏​ទទួលស្គាល់​ថា កោះត្រល់​ត្រូវ​បាន​​ប្រគល់​ឲ្យ​វៀតណាម​ដែរ ហើយ​លោកនាយក​រដ្ឋមន្ត្រី​ ថា ប្រសិនបើ​នរណា​ចង់​ដណ្តើម​យក​កោះត្រល់​វិញ​ទៅ​ដណ្តើម​ខ្លួនឯង​ចុះ លោក​មិន​ទៅ​ចូលរួម​ទេ ៖ “​បន្ទាប់​មក​​នៅ​ឆ្នាំ​១៩៦៤ សម្តេចព្រះ​ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ​នាពេលនោះ បាន​យក​ខ្សែ​ប្រេវី​យេ​ឆ្នាំ​១៩៣៩ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ដោយ​ស្នើសុំ​ឲ្យ​អន្តរ​ជាតិ និង​ប្រទេស​សា​ម៉ី ទទួលស្គាល់ថា​ជា​ព្រំដែន​សមុទ្រ​រវាង​ព្រំដែន​កម្ពុជា​និង​វៀតណាម ចំណុច​ចុងក្រោយ​នេះ មានន័យ​ថា កម្ពុជា​ឈប់​ទាមទារ​យក​កោះត្រល់​មក​វិញ​​ហើយ​”​។​
​ឯកសារ​បង្ហាញថា កោះត្រល់ ដែល​វៀតណាម ​ហៅថា ភូ​ក្វុក​(Phu Quoc) មាន​ផ្ទៃដី​ទំហំ​៥៤០​គីឡូម៉ែត្រ​ក្រឡា ជិត​ស្មើនឹង​ប្រទេស​សិង្ហ​បុរី ដែល​មាន​ទំហំ ៥៨១​គីឡូ​ម៉ែត្រ​​ក្រឡា​​៕
 ប្រភពពី - VoD
តុលាការ​កោះហៅ​លោក សួង សុភ័ណ្ឌ ទាក់ទង​រឿង​​​​​ប្ដឹង​លោក ហ៊ុន សែន

តុលាការ​កោះហៅ​លោក សួង សុភ័ណ្ឌ ទាក់ទង​រឿង​​​​​ប្ដឹង​លោក ហ៊ុន សែន

តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​បេក្ខភាព​តំណាងរាស្រ្ត​មណ្ឌល​ប៉ៃលិន របស់​បក្ស​សង្គ្រោះ​ជាតិ លោក សួង សុភ័ណ្ឌ ឲ្យ​ទៅ​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​១ ខែ​កក្កដា ជុំវិញ​ពាក្យ​បណ្ដឹង​របស់​លោក​ដែល​បាន​ប្ដឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ក្លែង​ឯកសារ​សាធារណៈ ដែល​នាំ​ឲ្យ​មាន​ការ​ហូរ​ចូល​ជនអន្តោប្រវេសន៍​វៀតណាម មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់។
លោក សួង សុភ័ណ្ឌ ដែល​ឈរ​ជា​បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រគល់​ភស្តុតាង​សំខាន់​២ ទៅ​ឲ្យ​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ពាក់ព័ន្ធ​នឹង​បណ្ដឹង​ដែល​បាន​ប្ដឹង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។
ភស្តុតាង​ទាំង​ពីរ​នោះ រួម​មាន​ខ្សែ​អាត់​ជា​សំឡេង​សារភាព​ផ្ទាល់​របស់​លោក ហ៊ុន សែន ក្នុង​ទសវត្ស​៩០ ដែល​បាន​សារភាព​ថា លោក​ជា​អាយ៉ង​របស់​វៀតណាម ក្រោយ​ឆ្នាំ​១៩៧៩ ហើយ​លោក​គ្មាន​សិទ្ធិ​អំណាច​រារាំង​មិន​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​ក្នុង​ទឹកដី​ខ្មែរ​បាន​ទេ។ ភស្តុតាង​មួយ​ទៀត លោក សួង សុភ័ណ្ឌ ស្នើ​សុំ​ឲ្យ​តំណាង​អយ្យការ​ចេញ​ដីកា​នាំ​ខ្លួន​ជនជាតិ​វៀតណាម ១០​រូប មក​ពី​សង្កាត់​ទន្លេ​បាសាក់ ៥​រូប និង​សង្កាត់​ជ្រោយចង្វារ ៥​រូប ដើម្បី​ជា​ភស្តុតាង​រស់​ក្នុង​សវនាការ។
លោក សួង សុភ័ណ្ឌ៖ «នៅ​ពេល​ឃោសនា​បោះ​ឆ្នោត​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​មែន​ជា​នាយករដ្ឋមន្ត្រី​ទៀត​ទេ គឺ​ជា​បេក្ខភាព​តំណាងរាស្ត្រ​អស់​សិទ្ធិ​ជា​នាយករដ្ឋមន្ត្រី​ហើយ ដូច្នេះ​ត្រូវ​តែ​មក​ជួប​ជជែក​តវ៉ា​ជាមួយ​ខ្ញុំ​នៅ​ក្នុង​តុលាការ។ ខ្ញុំ​ជឿ​ថា លោកស្រី ស៊ឺ វណ្ណនី ប្រហែល​ជា​ត្រូវ​បាន​ខ្លាច​នូវ​អំណាច​របស់​រដ្ឋាភិបាល ខ្លាច​អំណាច​របស់​នាយករដ្ឋមន្ត្រី​ហើយ។ ខ្ញុំ​អាច​សន្និដ្ឋាន​ថា ការ​មក​បំភ្លឺ​នេះ​ប្រហែល​ជា​មិន​ចាត់ការ​ដូច​លើក​មុន តែ​ខ្ញុំ​ជឿ​ជាក់​ថា តុលាការ​និង​លោក ហ៊ុន សែន ដែល​ចិត្ត​សឿង​ក្រឡុក​អ្នក​នយោបាយ​បក្ស​ប្រឆាំង​កន្លង​មក​ច្រើន​នោះ ហើយ​លោក​ត្រូវ​តែ​ចិត្ត​សឿង​មក​ប្រឈម ហើយ​កុំ​ធ្វើ​ដូច​បណ្ដឹង​មុនៗ​ទៀត»
ជា​លើក​ដំបូង​ហើយ​ដែល​តុលាការ​រាជធានី​ភ្នំពេញ កោះ​ហៅ​លោក សួង សុភ័ណ្ឌ ឲ្យ​ចូល​បំភ្លឺ​ក្នុង​បណ្ដឹង​របស់​លោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​មិថុនា ដែល​បាន​ប្ដឹង​លោក ហ៊ុន សែន ថា​ជា​អ្នក​ផ្ដើម​គំនិត​រួមដៃ​ជាមួយ​បក្ខពួក​របស់​ខ្លួន បណ្ដោយ​ឲ្យ​ជនជាតិ​វៀតណាម ចូល​មក​រស់​នៅ​កម្ពុជា ដោយ​ខុស​ច្បាប់ ហើយ​មាន​សិទ្ធិ​កាន់​អត្តសញ្ញាណប័ណ្ណ ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ថែម​ទៀត។
បន្ទាប់​ពី​បណ្ដឹង​លើក​ទី​១​របស់​លោក​ត្រូវ​បាន​តុលាការ​តម្កល់​ទុក​ឥត​ចាត់ការ​ពាក់ព័ន្ធ​លោក ហ៊ុន សែន ឲ្យ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រត់​ជាន់​គ្នា​ស្លាប់​នៅ​លើ​ស្ពាន​កោះ​ពេជ្រ​ជាង ៣៥០​នាក់ នៅ​ថ្ងៃ​ទី​៣ ក្នុង​ពិធី​បុណ្យ​អុំ​ទូក​កាល​ពី​ឆ្នាំ​២០១០។
វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ព្រះរាជអាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោកស្រី ស៊ឺ វណ្ណនី បាន​ទេ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ដោយ​លោកស្រី​មិន​លើក​ទូរស័ព្ទ។
យ៉ាង​ណា លោក សួង សុភ័ណ្ឌ សង្ឃឹម​ថា បណ្ដឹង​របស់​លោក​លើក​នេះ អាច​នឹង​ដំណើរ​ការ​ទៅ​មុខ​រហូត​ឈាន​ដល់​ការ​បើក​សវនាការ ហើយ​តុលាការ​នឹង​កោះ​ហៅ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បំភ្លឺ​ដូច​គ្នា​ក្នុង​នាម​ជា​ចុង​ចម្លើយ​លើ​បណ្ដឹង​នេះ​ដែរ។
មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​នីតិវិធី​របស់​តុលាការ​ដែល​ផ្ដើម​សាកសួរ​លោក សួង សុភ័ណ្ឌ ដែល​ហ៊ាន​ប្ដឹង​ប្រមុខ​រដ្ឋាភិបាល​នោះ​ទេ។
លោក​ក៏​មិន​ប្រាកដ​ថា រដ្ឋាភិបាល​នឹង​ចាត់​វិធានការ​តប​យ៉ាង​ណា​នោះ​ទេ​ក្នុង​រឿង​នេះ ព្រោះ​ជា​សមត្ថកិច្ច​របស់​តុលាការ៖ «អា​នេះ​ជា​នីតិវិធី ហើយ​នឹង​យល់​របៀប​ម៉េច​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ ខ្ញុំ​អត់​មាន​ដែន​សមត្ថកិច្ច ឬ​សិទ្ធិ​នៅ​ក្នុង​ការ​លូកលាន់​នៅ​ក្នុង​រឿង​នោះ​ទេ។ តើ​ធាតុ​ប៉ុន្មាន​ដែល​អាច​គួបផ្សំ​ក្នុង​កិច្ច​ពង្រឹង សុពលភាព​ក្នុង​ការ​ពាក្យ​បណ្ដឹង​អា​ហ្នឹង​ជា​ការ​វិនិច្ឆ័យ​របស់​តុលាការ»
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ គេហទំព័រ​របស់ ហ្គូហ្គល (Google) បាន​ចេញ​ផ្សាយ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ជនអន្តោប្រវេសន៍​វៀតណាម រស់​នៅ​ក្នុង​ទឹក​ដី​កម្ពុជា មាន​ចំនួន ៦០​ម៉ឺន​នាក់។ ក៏​ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ថា ជនជាតិ​វៀតណាម រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រមាណ ១០​ម៉ឺន​នាក់​ប៉ុណ្ណោះ៕

កម្ពុជា​លុប​ចោល​បម្រាម​ការ​ផ្សាយ​មុន​ពេល​បោះឆ្នោត​ជាតិ

កម្ពុជា​លុប​ចោល​បម្រាម​ការ​ផ្សាយ​មុន​ពេល​បោះឆ្នោត​ជាតិ

វ៉ាស៊ីនតោន — រដ្ឋាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ជា​ថ្មី​ឱ្យ​មាន​ការ​ផ្សាយ​បន្ត​តាម​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នូវ​កម្មវិធី​របស់​វិទ្យុ​បរទេស​ផ្សាយ​ជា​ភាសា​ខ្មែរ​ដែល​មាន​ដូច​ជាវិទ្យុ​វីអូអេ​និង​វិទ្យុ​អាស៊ី​សេរី​ បន្ទាប់​ពី​មាន​ការ​ជំទាស់យ៉ាង​ខ្លាំងក្លា​ពី​សហរដ្ឋ​អាមេរិក​និង​សហគមន៍​អន្តរជាតិ។
នេះ​ជា​ការ​សម្រេចដែល​បញ្ច្រាស​ទៅ​នឹង​ការ​ហាម​ឃាត់​ដែល​បាន​ចេញ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ដាក់​បម្រាម​ចំនួន​៣១​ថ្ងៃ​សម្រាប់​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត។
នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​បាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​យប់​ថ្ងៃ​សៅរ៍​បាន​បញ្ចាក់​ថា៖​ «យោង​តាម​សំណូម​ពរ​សុំ​ឱ្យ​ក្រសួង​ព័ត៌មាន​អនុញ្ញាត​ឱ្យ​មាន​ការ​ចាក់​ផ្សាយ​ឡើង​វិញ​នូវ​ការផ្សាយ​បន្ត​របស់​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​រយៈ​វិទ្យុអេហ្វអឹម​ក្នុង​ស្រុក ក្រសួង​ព័ត៌មាន​សម្រេច​អនុញ្ញាត​ឱ្យ​វិទ្យុ​អេហ្វអឹម​ទាំង​អស់​ដែល​ជួល​ម៉ោង​ផ្សាយ​បន្ត​ឱ្យ​ស្ថានីយ​វិទ្យុ​បរទេស​បន្ត​ការ​ផ្សព្វផ្សាយ​តាម​ធម្មតា​ដូច​ដើម​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​តទៅ»។
សេចក្តី​ប្រកាស​នោះ​ក៏​បន្ថែម​ទៀត​ថា ​សេចក្តី​ណែនាំ​ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​របស់​លោក​ខៀវ កាញារិទ្ធ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​គឺ​នៅ​មាន​សុពលភាព​ដដែល។
«ទន្ទឹម​នឹង​នេះ​ ក្រសួង​ព័ត៌មាន​សូម​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​អស់​ត្រូវ​យក​ចិត្ត​អនុវត្ត​តាម​សេចក្តី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន​លេខ​០៤​ពម​សណន​ ចុះ​ថ្ងៃ​ទី​២១​ខែ​មិថុនា​ឆ្នាំ​២០១៣​ដែល​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្តម​ខៀវ កាញារិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន»។​
នៅ​ក្នុង​សេចក្តី​ណែនាំ​របស់​លោក​ ខៀវ កាញារិទ្ធ​ បាន​ប្រាប់​គ្រប់​បណ្តាញ​ឃោសនា​ឱ្យ​«បញ្ឈប់​ការ​ផ្សព្វផ្សាយ​និង​ការ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​ទាំង​អស់ ​ពី​ការ​ស្ទង់​មតិ​ លទ្ធផល​នៃ​ការ​ស្ទង់​មតិ​ដែល​ទាក់​ទង​នឹង​ដំណើរការ​បោះឆ្នោត​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត​ រួម​ទាំង​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​សកម្មភាព​ឃោសនា​អ្វី​ទាំង​អស់​អំឡុង​ពេល​២៤​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត​និង​ថ្ងៃ​បោះឆ្នោត»។ ​
ការ​ផ្សាយ​របស់​វីអូអេ​ត្រូវ​បាន​ដក​ចេញ​ពី​ស្ថានីយ​ដៃគូ​ក្នុង​ស្រុក​របស់​ខ្លួន​ដែល​មាន​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥  វិទ្យុ​របស់​មណ្ឌល​ព័ត៌មាន​ស្រ្តី​អេហ្វអឹម​១០២ និង​អង្គរ​រដ្ឋា​អេហ្វអឹម​៩៥,៥​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​បន្ទាប់​ពី​មាន​លិខិត​មួយចុះ​ថ្ងៃ​ទី​២៥​ខែ​មិថុនា​ដោយ​លោក​អ៊ុក ប្រាថ្នា ​រដ្ឋមន្ត្រី​ស្តី​ទី​នៃ​ក្រសួង​ព័ត៌មាន​បញ្ជា​មិន​ឱ្យ​ស្ថានីយ​ទាំង​នោះ​បន្តផ្សាយ​លើ​រលក​ធាតុ​អាកាស​របស់​ខ្លួនហើយគំរាម​ថា​បើ​មិន​អនុវត្ត​តាមអាច​ប្រឈម​មុខ​នឹង​វិធានការ​តាម​ផ្លូវ​ច្បាប់។
លិខិត​នោះ​ត្រូវ​ស្ថានីយ​វិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​នានា​ទទួល​បាន​យ៉ាង​តក់​ក្រហល់​នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២៨​ខែ​មិថុនា​ ហើយ​ម្ចាស់​ស្ថានីយ​បាន​បង្ខំ​ចិត្ត​ផ្អាក​ការ​ផ្សាយ​បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​មុខ​នឹង​កង្វះ​កម្មវិធី​ដែល​ត្រូវ​មក​បំពេញ​ម៉ោង​នោះ។
អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ខ្មែរ​មាន​ប្រតិកម្ម​រិះគន់​ភ្លាមៗ​នៅ​លើ​ទំព័រ Facebook របស់​វីអូអេ ​ទៅ​នឹង​ព័ត៌មាន​នៃ​បម្រាម​របស់​ក្រសួង​ព័ត៌មាន។ (២៩ មិថុនា ២០១៣)
ការ​ហាមឃាត់​នោះ​បាន​នាំ​ឱ្យ​មាន​ការ​តវ៉ា​និង​ថ្កោល​ទោស​ពី​សហគមន៍​អន្តរជាតិ​ ក្រុម​ការពារ​សិទ្ធិ​មនុស្ស​ អ្នក​ស្តាប់​វិទ្យុ​និង​អ្នក​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ (Facebook) ជា​ដើម​ រហូត​ដល់​មាន​ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​អំពាវនា​សុំ​មិន​ឱ្យបោះឆ្នោត​ឱ្យ​គណបក្ស​កាន់​អំណាច​បើ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​របស់​ពួកគេ​ត្រូវ​បាន​ដក​ហូត​តាំង​ពី​មុន​ពេល​ការ​បោះឆ្នោត​មក​ដល់។​
កាល​ពី​ថ្ងៃ​សុក្រ ​សហរដ្ឋ​អាមេរិក​បាន​ថ្កោលទោស​ប្រទេស​កម្ពុជា​ក្នុង​ការ​ហាម​ប្រាម​មិន​ឱ្យផ្សព្វផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​នៅ​តាម​ស្ថានីយ​អេហ្វអឹម​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ថា​ជា​ការ​រំលោភធ្ងន់ធ្ងរ​នឹង​សេរីភាព​សារព័ត៌មាន​និង​សេរីភាព​បញ្ចេញ​មតិ​ធ្ងន់ធ្ងរ ហើយ​បាន​ព្រមានថា​ ​ចំណាត់ការនេះ​នឹងនាំ​ឱ្យ​ការ​បោះឆ្នោត​នេះ​មិន​មាន​លក្ខណៈ​គួរ​ឱ្យ​ជឿ​ទុកចិត្ត​បាន។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ក៏​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើងវិញ​នូវ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។
លោក​ Patrick Ventrell ​អ្នកនាំ​ពាក្យ​ក្រសួងការ​បរទេស​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា៖  «ក្នុង​ខណៈ​ពេល​ដែល​មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជានៅ​កម្រិត​កំពូលបាន​សម្តែង​ជា​សាធារណៈនូវ​ចេតនា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​មួយ​ដែល​សេរី​និង​យុត្តិធម៌ ការរឹតត្បិត​សារព័ត៌មាន​នេះ​និង​ការខិតខំ​ប្រឹងប្រែង​ដទៃ​ទៀត​ក្នុង​ការ​កំហិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ធ្វើ​ឱ្យ​មាន​ការ​សង្ស័យ​ដល់​ចេតនា​និង​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​នៃ​ដំណើរការ​រៀបចំ​ការ​បោះឆ្នោតនេះ»។​
ព័ត៌មាន​ពី​ការ​ហាម​ឃាត់​នោះ​បាន​ត្រូវ​ផ្សព្វផ្សាយ​យ៉ាង​រហ័សដោយសារ​តែ​បណ្តាញ​ផ្សព្វផ្សាយឯករាជ្យ​ដែល​មាន​តែ​ពីរ​បីសម្រាប់​កម្ពុជាបាន​ប្រឈម​មុខ​នឹង​ការ​បំបិទ​មាត់​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​ធ្វើ​ការ​ឃោសនា​បោះឆ្នោត​ដ៏​សំខាន់​មួយ។ ​
គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ និង​អ្នក​គាំទ្រ​របស់​លោក​គ្រប់​គ្រង​បណ្តាញ​ផ្សព្វផ្សាយ​ដែល​មាន​វិទ្យុ​និង​ទូរទស្សន៍​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ប្រទេស។
ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​អណត្តិទី៥​នឹង​ប្រព្រឹត្ត​ទៅ​នៅ ថ្ងៃទី​២៨​ខែ​កក្កដា​ខាងមុខ​នេះ​ហើយ​ការ​ឃោសនា​បាន​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​២៧​ខែ​មិថុនាមក។ មាន​គណបក្ស​នយោបាយ​ចំនួន​៨​បាន​ចុះ​ឈ្មោះ​ចូលរួម​ការបោះឆ្នោត​នេះ​ប៉ុន្តែ​គេ​សង្កេត​ឃើញ​មាន​តែ​គណបក្ស​ពីរប៉ុណ្ណោះ​ដែល​មាន​សំទុះ​ខ្លាំង​ជាង​គេគឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​សម រង្ស៊ី​និង​លោក​កឹមសុខា។​ ​

លោក ​ស្ទីវ​ រ៉េដឌីស (Steve Redish) និពន្ធ​នាយក​របស់​វីអូអេ​បាន​ថ្កោលទោស​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ណា​មួយ​ក្នុង​ការ​បំបិត​មាត់​សារព័ត៌មាន។
លោក​រ៉េដឌីស​បាន​បន្ថែម​ថា​ ដំណឹង​និង​ព័ត៌មាន​ដែល​មាន​តុល្យភាព​ត្រឹមត្រូវ​និង​គួរ​ឱ្យ​ទុកចិត្ត​បាន​គឺ​មាន​សារៈសំខាន់​ណាស់​ដែល​ត្រូវការ​ជា​ចាំ​បាច់​នៅ​មុន​ការ​បោះឆ្នោត។​
លោក​បាន​បន្ថែម​ថា៖ «ការ​សម្រេច​ដក​កម្មវិធី​របស់​វីអូអេ​ចេញ​ពី​ស្ថានីយ​អេហ្វអឹម​ក្នុង​ប្រទេស​កម្ពុជា​គឺ​ជា​ការ​ដកហូត​នូវ​សិទ្ធិ​របស់​អ្នក​ស្តាប់​មិន​ឱ្យ​ដឹង​នូវ​ព័ត៌មាន​និង​ដំណឹង​ដ៏​សំខាន់​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជាតិនៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា»។
រី​ឯ​គណៈ​អភិបាល​ផ្នែក​ការ​ផ្សាយ​វិញ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​របស់វិទ្យុវីអូអេ​និង​អាស៊ី​សេរី កាល​ពី​ថ្ងៃ​សុក្រក៏​បាន​ថ្កោល​ទោស​ការ​ហាមប្រាម​នោះ​ដែរ​ហើយ​ក៏​បាន​ដាក់ចេញ​ វិធានការ​បន្ទាន់​ភ្លាមៗ​ក្នុង​ការបន្ថែម​រលកធាតុ​អាកាស​ផ្សាយ។
លោក​វិកទ័រ អែស (Victor Ashe) ដែល​ជា​អភិបាល​មួយ​រូប​បាន​បញ្ជាក់​ថា៖
«ការ​បដិសេធ​ចោល​នូវ​សិទ្ធិ​ពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ដំណឹង​និង​ព័ត៌មាន​ក្នុង​ពេល​ដ៏​សំខាន់​នេះ​គឺ​ជា​ការ​ប្រមាថ​ដល់​ភាព​ស្រប​ច្បាប់​របស់​ខ្លួន​ឯង​និង​ជា​ការ​បដិសេធ​ចោល​ដោយ​អត់​អៀន​ខ្មាស់​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​កម្ពុជា​ខ្លួន​ឯង​ជា​អ្នក​សម្រេច​យក»។​
លោក​អភិបាល​វិកទ័រ អែស​ បាន​បន្ថែម​ថា​ពេល​ដែល​លោក​ទៅ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ក្នុង​ខែ​ឧសភា​កន្លង​មក លោក​បាន​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ខា​ង​អង្គការ​សង្គម​ស៊ីវិល​និង​បណ្តាញ​ព័ត៌មាន​ ហើយ​លោក​បាន​ដឹង​ថា ​តើ​អ្នក​ទាំង​នោះ​ពឹងផ្អែក​លើ​ការ​ផ្សាយ​របស់​វីអូអេ​និង​អាស៊ី​សេរី​យ៉ាង​ណា។
ទោះ​ជា​យ៉ាង​ណាក៏​ដោយ​ ក៏​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ​យល់​ថា ​ពលរដ្ឋ​នៅ​តែ​អាច​ទទួល​ព័ត៌មាន​តាម​ប្រភព​ផ្សេងៗ​បាន​ហើយ​ការហាម​ឃាត់​មិន​ប៉ះពាល់​ដល់​លទ្ធផល​ឆ្នោត​ទេ។
លោក​ ទេព នីថា​ អគ្គ​លេខា​ធិការ​នៃ​គជប​បាន​បញ្ជាក់​ប្រាប់​វីអូអេ​នៅ​យប់​ថ្ងៃ​សៅរ៍​មុន​ពេល​ដែល​មាន​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ថា៖ «ខ្ញុំ​គិត​ថា​មិនមែន​ជាមូលហេតុ​ប៉ុណ្ណឹង​ដែល​អាច​វាយ​តម្លៃ​ការ​ទទួល​ព័ត៌មាន​អំពី​អ្នក​បោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​ថា​ខ្វះខាត​នោះទេ ព្រោះ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ក៏​មាន​ច្រើន​ដែរ ហើយ​ម៉្យាង​ទៀត​ការ​ផ្សព្វផ្សាយ​ពី​បរទេស​គាត់​មាន​គោលនយោបាយ​របស់​គាត់​ដោយ​ឡែក​អញ្ចឹង​ទេ​អាច​មួ​យ​ចំណែក​នោះ​វាប៉ះពាល់​ដល់​គណបក្ស​នយោបាយ​ដែល​កំពុង​ប្រកួត​ប្រជែង​ដែល​កំពុង​ធ្វើ​ការ​ឃោសនា​នៅ​ប្រទេ​ស​កម្ពុជា​»។​
លោក​ម៉ម សុណង់​ដូ​នាយក​វិទ្យុ​សំបុក​ឃ្មុំ​អេហ្វអឹម​១០៥​បាន​ប្រាប់​វីអូអេ​ថា​លោក​បាន​ដឹង​ពី​ការ​ប្រកាស​លើកលែង​បម្រាម​របស់​រដ្ឋាភិបាល​ហើយ​ ហើយ​លោក​នឹង​ដាក់​ផ្សាយ​កម្មវិធី​របស់​វីអូអេ​ឡើង​វិញ​ដូច​ធម្មតា៕
សចេក្តី​ណែនាំ​របស់​ក្រសួងព័ត៌មាន​ឲ្យ​ម្ចាស់​ស្ថានីយវិទ្យុ​អេហ្វអឹម​ក្នុង​ស្រុក​ផ្អាក​ការផ្សាយ​កម្មវិធី​បន្ត​ពី​វិទ្យុ​បរទេស។
ប្រភពព័ត៌មានពី៖ VOA
អ្នក​បឹងកក់៖ ក្រសួង​ព័ត៌មាន​បំបិទ​សិទ្ធិ​និង​សំឡេង​អ្នក​រងគ្រោះ

អ្នក​បឹងកក់៖ ក្រសួង​ព័ត៌មាន​បំបិទ​សិទ្ធិ​និង​សំឡេង​អ្នក​រងគ្រោះ

ប្រជាពលរដ្ឋ​ដែល​និយម​តាម​ដាន​ស្ដាប់​វិទ្យុ​អន្តរជាតិ​ផ្សាយ​ជា​ខេមរភាសា​កាន់​តែ​ច្រើន​ឡើង បាន​ប្រតិកម្ម​ចំពោះ​ក្រសួង​ព័ត៌មាន និង​រាជរដ្ឋាភិបាល ថា​បាន​បំបិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ទទួល​ព័ត៌មាន និង​រំលោភ​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​កម្ពុជា។
ប្រជាពលរដ្ឋ​បាន​ហៅ​សេចក្ដី​ណែនាំ​របស់​ក្រសួង​ព័ត៌មាន ដែល​បាន​ហាម​មិន​ឲ្យ​វិទ្យុ​អែហ្វអឹម (FM) ក្នុង​ស្រុក​ផ្សាយ​បន្ត​កម្មវិធី​ព័ត៌មាន​ជា​ភាសា​ខ្មែរ​របស់​វិទ្យុ​បរទេស ថា​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ទទួល​ព័ត៌មាន​ធ្ងន់ធ្ងរ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​បន្ទាន់។
ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹងកក់ មាន​គម្រោង​ជួបជុំ​គ្នា​ហែ​ញត្តិ​តវ៉ា​ទៅ​ក្រសួង​ព័ត៌មាន ទាក់ទង​ជាមួយ​ការ​ហាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ផ្សាយ​បន្ត​វិទ្យុ​បរទេស​ដែល​ផ្សាយ​ជា​ខេមរភាសា ក្នុង​ឱកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត។
សកម្មជន​ការពារ​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី ទេព វន្នី មាន​ប្រសាសន៍​ថា គ្រួសារ​អ្នកស្រី និង​អ្នក​ភូមិ​បឹងកក់ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ នឹង​ត្រូវ​បាត់​សំឡេង​តវ៉ា​ពី​ការ​រំលោភ និង​ជិះជាន់​ពី​អ្នក​មាន​លុយ និង​មាន​អំណាច៖ «ជា​ពិសេស គឺ​វិទ្យុ​អាស៊ីសេរី ហ្នឹង គឺ​ជា​វិទ្យុ​ឯករាជ និង​ផ្ដល់​ព័ត៌មាន​ដែល​ពិតៗ និង​យុត្តិធម៌»
អ្នកស្រី​បន្ត​ថា ក្រុម​អ្នក​ភូមិ និង​សហគមន៍​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បណ្ដេញ​ចេញ មាន​គម្រោង​ជួប​ប្រជុំ​គ្នា ដើម្បី​ធ្វើ​ការ​តវ៉ា និង​ដង្ហែ​ញត្តិ​ទៅ​មុខ​ក្រសួង​ព័ត៌មាន ដើម្បី​សុំ​ឲ្យ​ក្រសួង​បើក​ការ​ផ្សាយ​បន្ត​វិទ្យុ​អន្តរជាតិ ដូចជា​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក និង​វិទ្យុ​អាស៊ីសេរី ឡើង​វិញ។
ស្រដៀង​គ្នា​នេះ​ដែរ តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រសួង​បិទ​ការ​ផ្សាយ​បន្ត គួរ​ណាស់​តែ​បិទ​វិទ្យុ​ក្នុង​ស្រុក​ដែរ ព្រោះ​វិទ្យុ​ក្នុង​ស្រុក​ភាគ​ច្រើន​មិន​ដែល​បាន​ផ្សាយ​ពី​ទុក្ខ​លំបាក និង​វិនាស​ខ្លោចផ្សា​របស់​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ដល់​អីចឹង ប្រសិន​បើ​អត់​ពី​ពីរ​ហ្នឹង​ទៀត ពួក​ខ្ញុំ​ចប់​ហើយ ដូច​ផ្ដាច់​ជីវិត​ពួក​ខ្ញុំ​ចោល​ហ្មង និយាយ​ទៅ​ណា៎​អា​នេះ​ចំពោះ​អ្នក​ដែល​ពួក​ខ្ញុំ​កំពុង​តែ​រងគ្រោះ​កំពុង​ប្រឈម​មុខ​ណា​បង»
ក្រុម​អាជីវករ អ្នក​រត់​ម៉ូតូ​ឌុប អ្នក​លក់​ដូង និង​ទឹក​សុទ្ធ​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ ស្នើសុំ​ក្រសួង​ព័ត៌មាន និង​រាជ​រដ្ឋាភិបាល អនុញ្ញាត​ឲ្យ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​បាន​ផ្សាយ​បន្ត​នូវ​កម្មវិធី​វិទ្យុ​អន្តរជាតិ​ឯករាជ្យ​ឡើង​វិញ​ជា​បន្ទាន់៖ «សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ហ្នឹង បើក​វិទ្យុ​អាស៊ីសេរី វិទ្យុ​វីអូអេ (VOA) ហ្នឹង ឡើង​វិញ កុំ​ធ្វើ​បាប​ប្រជាជន​អួត​ខ្លួន​ឯង​ថា​ខ្លួន​ប្រជាធិបតេយ្យ ហើយ​មក​បិទ​សិទ្ធិ​ប្រជាជន​អីចឹង អត់​ត្រឹមត្រូវ​ទេ។ វា​អាច​មាន​ផល​ប៉ះពាល់​បាន​គេ​ឲ្យ​ផ្អាក​ផ្សាយ​បើ​អត់​បញ្ហា គេ​មិន​អាច​ឲ្យ​ផ្អាក​បាន​ទេ យល់​ឃើញ​ថា​អីចឹង​ណា៎។ យី! ចង់​ឲ្យ​បើក​ស្អែក​ហ្នឹង ព្រោះ​មនុស្ស​ត្រូវ​ការ​ស្ដាប់​ព័ត៌មាន​ដូច​បាយ​ទឹក​យើង​ត្រូវ​ហូប​អីចឹង ដល់​ម៉ោង​ឲ្យ​តែ​ដល់​ម៉ោង​រត់​ទៅ ខ្ញុំ​រត់​ម៉ូតូ​ឌុប​ក៏ដោយ តែ​ដល់​ម៉ោង​ខ្ញុំ​រត់​ទៅ​ស្ដាប់​អាស៊ីសេរី ហើយ»
ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​ចោមចៅ រាជធានី​ភ្នំពេញ ឈ្មោះ ដេ ប៉ូ មាន​ប្រសាសន៍​ថា រូប​លោក និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ជាច្រើន​នាក់ មាន​ការ​ហួស​ចិត្ត​ចំពោះ​ក្រសួង​ព័ត៌មាន ដែល​បាន​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា​តាម​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​នេះ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​បាត់​ឱកាស​ក្នុង​ការ​ទទួល​ព័ត៌មាន និង​រឿងរ៉ាវ​សំខាន់ៗ​ដែល​កើត​ឡើង​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត៖ «ខ្ញុំ​ជា​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​ព័ត៌មាន ខ្ញុំ​មាន​សម្បត្តិ​រដ្ឋ​ធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែរ ហេតុ​អី​បាន​ជា​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​ព័ត៌មាន​ទាំងអស់​នេះ​បាន ហើយ​សុខៗ​បែរ​ទៅ​បិទ​វិទ្យុ»
ក្រសួង​ព័ត៌មាន កាល​ពី​ល្ងាច​ថ្ងៃ​ទី២៥ មិថុនា ឆ្នាំ​២០១៣ បាន​ចេញ​សេចក្ដី​ណែ​នាំ​មួយ ប៉ុន្តែ​លិខិត​នោះ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី២៨ មិថុនា ដោយ​បាន​ណែនាំ​ដល់​ស្ថានីយ​វិទ្យុ​អែហ្វអឹម ក្នុង​ស្រុក​ទាំងអស់​ត្រូវ​ផ្អាក​ការ​ផ្សាយ​បន្ត​កម្មវិធី​វិទ្យុ​បរទេស​ជា​ខេមរភាសា ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះឆ្នោត​រយៈពេល ៣១​ថ្ងៃ និង​ក្នុង​ថ្ងៃ​បោះឆ្នោត៕
___________________
ប្រភពព័ត៌មានពី៖ អាស៊ីសេរី
ពលរដ្ឋ​មាន​ជម្លោះ​ដី​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ពលរដ្ឋ​មាន​ជម្លោះ​ដី​សុំ​ឲ្យ​នាយក​រដ្ឋ​មន្ត្រី​ជួយ

ព្រះ សីហនុៈ ពលរដ្ឋ​ក្រុង​ព្រះ​សីហនុ​ជាង ១០០​គ្រួសារ បាន​អង្វរ​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ជម្លោះ​ដីធ្លី​ដែល​ពួក​គាត់​បាន​ចោទ​ថា ត្រូវ​បាន​មន្ត្រី​មាន​អំណាច​ឃុប​ឃិត​គ្នា​ធ្វើ​ប្លង់​ដី​និង​ប្រើ​ហិង្សា​ ឈូស​ឆាយ​បណ្តេញ​គាត់​ចេញ​ពី​លំនៅឋាន។
លោក ឈុន សារឿន​អាយុ ៥១ឆ្នាំ ជា​តំណាង​ប្រជា​ពលរដ្ឋ ​ចំនួន​១០៤​គ្រួសារ​ក្នុង​ភូមិ ៣ សង្កាត់​លេខ១ បាន​ធ្វើ​ដំណើរ​មក​កាន់​ការិយាល័យ​កាសែត​ភ្នំពេញ ប៉ុស្តិ៍​កាល​ពី​ម្សិលមិញ​ហើយ​បាន​ប្រគល់​ឯកសារ​ពាក់​ព័ន្ធ​ទំនាស់​ដីធ្លី​ ចំនួន ៤៦ ទំព័រ​និង​រូបថត​១៣៦​សន្លឹក​។ រូប​ថត​ទាំង​នេះ​បាន​បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ និង​រុះរើ​លំនៅឋាន​របស់​ពលរដ្ឋ​កាល​ពី​ពេល​កន្លង​មក។ លោក សារឿន អះអាង​ថា ពលរដ្ឋ​បាន​រស់​នៅ​លើ​ផ្ទៃ​ដី​ទំហំ ៥​ហិកតា និង​៣​អា តាំង​ពី​ឆ្នាំ​១៩៩៤ ដោយ​សុខសាន្ត​។ ប៉ុន្តែ​នៅ​ឆ្នាំ ២០០៥ ស្រាប់​តែ​មាន​មន្ត្រី​កំពង់ផែ និង​មេ​បញ្ជាការ​រង​យោធា​ខេត្ត​ព្រះ​សីហនុ បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​ប្រជា​ពលរដ្ឋ​ចោទ​ថា បាន​ចូល​រស់​នៅ​និង​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​ដី​របស់​ពួក​គេ។
តុលាការ​ខេត្ត​និង​កំពូល​បាន​កាត់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ដោយ​កំបាំង​មុខ ដោយ​សំអាង​លើ​ប្លង់​ដី​ដែល​ពួក​គេ​បាន​ធ្វើ​ដោយ​ស្ងាត់ៗ​។ លោក​បន្ត​ថា​៖​«ពួកគេ​បាន​ឃុប​ឃិត​គ្នា​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដោយ​មិន​ មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ទេ​ហើយ​បាន​យក​កម្លាំង​ប្រហែល​២០០នាក់​និង​ គ្រឿង​ចក្រ​ឈូស​បំផ្លាញ​ផ្ទះ​អស់​គ្មាន​សល់»។​បន្ទាប់​ពី​ឈូស​និង បណ្តេញ​ពលរដ្ឋ​ចេញ​ទាំង​កម្រោល​កាល​ពី​ឆ្នាំ ២០១១ នោះ ពួក​គេ​បាន​ធ្វើ​របង​ព័ទ្ធ​ដី​នោះ ហើយ​សព្វ​ថ្ងៃ​នេះ​មាន​នគរបាល​មួយ​គ្រួសារ​បាន​រស់​នៅ​យាម​កាម​លើ​ដី​នោះ។
ក្នុង​នាម​តំណាង​ប្រជា​ពលរដ្ឋ​ទាំង​១០៤​គ្រួសារ​ដែល​កំពុង​សុំ​ដី​និង​ ផ្ទះ​គេ​ជ្រក​កោន លោក​សារឿន​បាន​អំពាវនាវ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ជួយ​អន្តរាគមន៍​បាន​រស់​នៅ​និង​កាន់​កាប់​ដី​នោះ​ដូច​ដើម​វិញ។
យោង​តាម​ឯកសារ​ដី​ទំនាស់​នោះ​ត្រូវ​បាន​ជនជាតិ​សិង្ហបុរី​ម្នាក់​ឈ្មោះ​ ទៀវ ប៊ីសេង ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​លក់​ទៅ​ឲ្យ​មន្រ្តី​កំពង់ផែ​នៅ​ក្នុង​តម្លៃ​១៧ម៉ឺន​ដុល្លារ​ដោយ​មាន​ការ ​ផ្ទេរ​ប្លង់​ដី​កម្មសិទ្ធិ​ផង​ដែរ។ ប៉ុន្តែ​ពលរដ្ឋ​ថា មិន​មាន​អ្នក​ឈ្មោះ​ប៊ីសេង​នោះ​ទេ។ វា​គ្រាន់​តែ​ជា​ការ​ប្រឌិត​ឈ្មោះ​ប៉ុណ្ណោះ​ហើយ​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ក៏​ បញ្ជាក់​ក្នុង​លិខិត​ថា មិន​ដែល​ឃើញ​ឈ្មោះ​ប៊ីសេង​នោះ​ដែរ​។ ម្យ៉ាង​ទៀត​មេភូមិ ៣ ក៏​ថា មិន​មាន​ឈ្មោះ ប៊ីសេង​កាន់​កាប់​ដី​នោះ​ដែរ។
លោក​ឈិត សុផាត ចៅ​សង្កាត់​លេខ​១ បាន​ថ្លែង​ថា ពលរដ្ឋ​ទាំង​នេះ​រស់​នៅ​លើ​ដី​ឯកជន​ខុស​ច្បាប់​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ត្រឹម​ត្រូវ។
លោក​បួន ណារិទ្ធិ​មន្រ្តី​សម្រប​សម្រួល​អង្គ​កាលីកាដូ​បាន​ឲ្យ​ដឹង​ថា តុលាការ​និង​អាជ្ញាធរ​បាន​អនុវត្ត​សាលក្រម​បណ្តោះ​អាសន្ន​ប្រើ​កម្លាំង​ទៅ​ រុះរើ​ផ្ទះ​និង​បណ្តេញ​ពលរដ្ឋ​ចេញ។ ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​សំណង​ខ្លះ​តែ​ខ្លះ​ទៀត​មិន​ព្រម​ទទួល​ដោយ​សារ​ សំណង​មិន​សមរម្យ៕
គណបក្ស​នយោបាយ​ធំៗ​ លើក​លែង​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

គណបក្ស​នយោបាយ​ធំៗ​ លើក​លែង​គណបក្ស​ប្រជាជន​កម្ពុជា សន្យា​ធ្វើ​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ភ្នំពេញ — នៅ​សល់​តែ១ខែ​មុន​ការបោះឆ្នោត តំណាង​គណបក្ស​នយោបាយ​ធំៗ លើក​លែងតែ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សន្យា​ធានា​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់​ស្តីពី​ការ​ទទួល​បាន​ព័ត៌មានដែល​គេ​រង់ចាំ​ជា​យូរមក​ហើយ​នោះ ប្រសិន​បើ​ពួក​គេ​ឈ្នះ​ការ​បោះឆ្នោត​នា​ខែ​កក្កដា​ខាង​មុខនេះ។​
គណបក្ស​នយោបាយ​ធំៗ​មួយ​ចំនួន​ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​នៅក្នុង​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​នេះ បាន​ប្តេជ្ញា​ចិត្ត​ថា ​នឹង​អនុម័ត​ច្បាប់​ស្តីពីការ​ទទួល​បាន​ព័ត៌មាន​ដែល​គេ​រង់ចាំ​ជាមួយ​មក​ហើយ​នោះ ប្រសិន​បើ​ពួកគេ​ឈ្នះ​ឆ្នោត។​
លោក​គី វណ្ណដារ៉ា គឺ​ជា​តំណាង​មក​ពី​គណបក្ស​សង្គ្រោះជាតិ។ លោក​បាន​ថ្លែង​ប្រាប់​វីអូអេ​នៅឯ​វេទិកានយោបាយ​មួយ​ដែលរៀបចំដោយ​អង្គការ​សង្គម​ស៊ីវិលកាល​ពី​ពេល​ថ្មីៗ​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ។​
លោក​និយាយ​ថា៖ «យើង​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​ចេញ បើ​យើង​ធ្វើ​មិនចេញ​ទេ ​យើង​នាំ​គ្នា​ឈប់​ទៅ ព្រោះ​បើ​គ្រាន់​តែ​ច្បាប់​ប៉ុណ្ណឹង​ យើង​ធ្វើ​មិន​កើត តើ​យើង​នៅ​ដឹកនាំ​ប្រទេស​បាន​ការ​អី​ទៀត? ដូច្នេះ​ការ​តាំង​ចិត្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ច្បាស់​លាស់​ណាស់ ព្រោះ​នេះ​ជា​រឿង​អាយុ​ជីវិត​របស់​ប្រជា​ពលរដ្ឋ​ផង និង​របស់​ជាតិ​យើង​ទាំង​មូល​ផង»។​
ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​នឹង​អនុញ្ញាត​ឲ្យ​សាធារណ​ជន​អាច​ទទួល​បាន​ឯកសារ​នានា​ដែល​ទាក់​ទង​នឹង​ការ​សម្រេច​ចិត្ត​ និង​សកម្មភាព​របស់​រដ្ឋាភិបាល។ តាម​រយៈ​ច្បាប់​នេះ សារព័ត៌មាន​ក៏​នឹង​អាច​ធានា​បាន​ផងដែរ​ថា កិច្ចការ​របស់​រដ្ឋាភិបាល​នឹង​ត្រូវ​បាន​ដឹង​ឮ​ដល់​មនុស្ស​គ្រប់គ្នា មិនមែន​ដឹង​ត្រឹម​តែ​អ្នក​ដែល​មាន​បុព្វសិទ្ធិ​តែ​ប៉ុន្មាន​នាក់​នោះ​ទេ។​ ប៉ុន្តែសេចក្តី​ព្រាងច្បាប់​នេះ​បាន​ជាប់​គាំង​តាំង​ពី​ឆ្នាំ​២០០៧​មក​ម៉្លេះ។​
លោកទេព នន្ទរី គឺ​ជា​តំណាង​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច។
លោក​និយាយថា៖ «ច្បាប់​នេះ​គឺ​ជា​គន្លឺះ​របស់​ប្រជាពលរដ្ឋ។ បើ​ហ៊្វុនស៊ិនប៉ិច​ឈ្នះ​ ហ្វ៊ុនស៊ិនប៉ិចនឹង​ជំរុញ​ច្បាប់​ស្តី​ពីសិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ឲ្យ​ចេញ។​ បើ​គណបក្ស​យើង​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​មិន​ចេញ អាណត្តិ​ក្រោយ​ឬ​ក៏​អាណត្តិ​ហ្នឹង​លាឈប់​ក៏​ល្អ​ដែរ ព្រោះ​យើង​ធ្វើ​អី​អត់​ចេញ​សម្រាប់​ប្រជារាស្ត្រ»។​
គណបក្ស​ប្រឆាំង សម រង្ស៊ី ធ្លាប់​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ច្បាប់​នេះ​ចំនួន​ពីរ​ដង​គឺ​នៅ​ឆ្នាំ​២០១០​និង​នៅ​ឆ្នាំ​២០១២ ប៉ុន្តែ ពង្រាង​ច្បាប់​ដែល​ខ្លួន​បាន​តាក់​តែង​ឡើង ត្រូវ​បាន​បដិសេធដោយ​គ្មាន​ការ​ជជែក​ដេញដោល​គ្នា​ទាំង​ពីរ​ដង​ ដោយ​រដ្ឋ​សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជាន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច។
លោកស្រី ម៉ែន សំអន គឺ​ជាឧបនាយក​រដ្ឋ​មន្ត្រី​ម្នាក់​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា​និង​អធិការកិច្ច។ ក្រសួង​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​តាំង​ឲ្យ​ធ្វើ​ការងារ​ទៅលើ​គោល​នយោបាយ​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ។
លោកស្រី បាន​ថ្លែង​ទៅ​កាន់​សន្និសិទថ្នាក់​ជាតិ​មួយ​ស្តី​ពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ។
អ្នកស្រី​និយាយថា៖ «បន្ទាប់​ពី​បាន​សិទ្ធិ​ក្នុង​ការ​ទទួល​រៀបចំ​គោល​នយោបាយ​នេះ ក្រសួង​បាន​រៀបចំ​ក្រុម​ការងារ​ហើយ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​មូយ​អង្គការ​ PACT ដោយ​មាន​ការ​គាំទ្រ​ពី​ទី​ភ្នាក់​ងារ​អភិវឌ្ឍ​អន្តរជាតិ សហរដ្ឋ​អាមេរិក USAID ដើម្បី​បង្កើត​រៀបចំ​គោល​នយោបាយ​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ»។​
ប៉ុន្តែ នៅ​ពេល​ដែល​ត្រូវ​ក្រុម​អ្នក​កាសែត​សួរ​ថាតើ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ធានា​ថា​នឹង​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ​ដែរ​ឬទេ នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​ថ្មី ប្រសិន​បើគណបក្ស​នេះឈ្នះ​ឆ្នោត​នោះ លោក​ស្រី បាន​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​នេះ​ទេ។​
អ្នកស្រីថ្លែងថា៖ «ទុក​ឲ្យ​ជំនាញ​គេ​ឆ្លើយ​ចាស៎!»​
ក្រុម​អ្នក​រិះគន់​និយាយ​ថា ប្រសិន​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជាចង់​អនុម័ត​ច្បាប់​នេះ​ ពួកគេ​អាច​ធ្វើ​បាន​យ៉ាង​ស្រួល ដូច​ក្នុង​ករណី​ធ្វើ​ច្បាប់​ដែល​ទើប​នឹង​អនុម័ត​កាល​ពី​ថ្មីៗ​នេះ​ប្រឆាំង​ជន​ណា​ដែល​បដិសេធ​ឧ​ក្រិដ្ឋកម្ម​សម័យ​ខ្មែរ​ក្រហម​ជាដើម។ ច្បាប់​ថ្មី​នេះ​ចំណាយ​ពេល​មិន​ដល់​២​សប្តាហ៍​ផង ក្នុង​ការ​បង្កើត​ឡើង​នោះ។​
​លោកព្រាប កុល​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។​
លោក​និយាយថា៖ «ចំណុច​នេះ​គឺ​ជា​ចំណុច​ដែល​យើង​ទាំង​អស់​គ្នា​ចោទ​ជា​សំណួរ។ មក​ពី​គាត់​មិន​ឲ្យ​អាទិភាព​ទៅលើ​ច្បាប់​ហ្នឹង ឬ​មួយ​ក៏​ច្បាប់​ហ្នឹង​វា​អាច​មាន​ឥទ្ធិពល​ទៅលើ​ការ​គ្រប់គ្រង​រដ្ឋ​ ឬ​មួយ​យ៉ាង​ម៉ិច? អាហ្នឹង​ ខ្ញុំ​មិន​ទាន់​ហ៊ានសន្និដ្ឋាន​ជំនួស​ប្រជាពល​រដ្ឋ​ទេ»។​
លោក​ឈិត សំអាត​គឺ​ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា។ លោក​មាន​ប្រសាសន៍​ថា ការ​សន្យា​របស់​គណបក្ស​នយោបាយ​ថា​ នឹង​ធានា​ឲ្យ​មាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ អាច​មាន​ឥទ្ធិពល​ដល់​អ្នក​បោះឆ្នោត​ខ្លះ​ដែរ។​
លោក​និយាយថា៖ «បើ​អ្នក​ដែល​យល់​ថា ច្បាប់​ហ្នឹងមាន​សារៈ​សំខាន់ វា​អាច​ប៉ះ​ពាល់​ដល់​សំឡេង​ឆ្នោត​របស់​គាត់​ដែរ ព្រោះ​ថា ​បើ​គណបក្ស​ណា​មួយ​ដែល​មិនប្តេជ្ញា​ចិត្ត​ធ្វើ​អាហ្នឹង​ទេ គឺអាច​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​របស់​អ្នក​បោះឆ្នោត​ដល់​គណបក្ស​នីមួយៗ»។​
ក្រុមអ្នក​វិភាគ​មួយ​ចំនួនព្រមាន​ថា ប្រសិន​បើ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ នោះ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅ​តែ​មិន​អាច​លេច​ចេញ​ជា​រូបរាង​បាន​ដដែល៕​
ប្រភពពី វីអូអេខ្មែរ
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved