រថ​យន្ត​ដឹក​កម្ម​ករបើក​ធ្លាក់​ផ្លូវ​ក្រឡាប់​ផ្ងារ​ជើង​ បណ្តាល​ឲ្យ​កម្ម​ករ​១៥​នាក់​រង​របួស​

​រាជធានី​ភ្នំពេញ ៖ កម្មករ​ប្រមាណ​​១៥​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ខណៈពេលដែល​ពួកគេ​កំពុងតែ​ជិះ​រថយន្ត​មួយគ្រឿង​ ក្នុង​បំណង​ទៅ​បម្រើ​ការងារ​ក្នុង​​រោងចក្រ ស្រាប់តែ​រថយន្ត​នោះ​បានបើក​​ធ្លាក់​ផ្លូវក្រឡាប់​ ​បណ្តាល​ឲ្យ​កម្មករ​ដែល​ជិះ​នៅលើ​រថយន្ត​ខ្ទាត​ចេញពី​រថយន្ត ​បង្ក​ឲ្យ​មាន​អ្នករបួស​ជា​ច្រើន​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវលំ ក្នុង​ស្ពាន​ថ្មី សង្កាត់ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
បើតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​គែរ ចំណុះ​១​តោន​កន្លះ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2k-2541​ បានផ្ទុក​កម្មករ​ជាង​៣០​នាក់ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ ។ លុះបើក​មក​ដល់​ចំណុចកើតហេតុ​ខាង​លើ អ្នកបើកបរ​រថយន្ត​បាន​កាច់ចង្កូត​គេច​ពី​ម៉ូតូ​១​គ្រឿង ក៏បាន​ជ្រុល​ទៅធ្លាក់​ផ្លូវ​ធ្វើ​ឲ្យ​ក្រឡាប់​រថយន្ត​ធ្លាក់​កម្មករ​រាយប៉ាយ បណ្តាល​ឲ្យ​មនុស្ស​រងរបួស​១៥​នាក់ ក្នុងនោះ​ធ្ងន់ ៧​នាក់ និង​ស្រាល ៨​នាក់​។​
 សមត្ថ​កិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​បើក​បរ​រថ​យន្ត​ខាង​លើនោះមានឈ្មោះ ម៉ាប់ ហាក់ អាយុ ២៩​ឆ្នាំ រស់នៅ  ភូមិ​ជ្រៃ​លាស់ ឃុំ​តា​ពែ​ក ស្រុក​ពញាឮ ខេត្តកណ្តាល​ ហើយ​កម្មករ​រង​គ្រោះ​ភាគច្រើន​មកពី​ខេត្តកណ្តាល​។​ 
ក្រោយពេល​កើតហេតុ​ភ្លាមៗ កម្មករ​រងគ្រោះ​ទាំងអស់ ត្រូវបាន​គេ​ដឹក​បញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ នៅ​មន្ទីរពេទ្យ ។ សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​បាត់បង់​ជីវិត​ឬក៏​អត់​ទេ ព្រោះ​បច្ចុប្បន្នកម្មករ​ទាំងអស់​កំ​ពុង​ស្ថិតក្នុង​ស្ថានភាព​សង្គ្រោះបន្ទាន់​៕



ប្រភពពី៖ cambodiapage.info
Breaking News
Loading...
Quick Message
Press Esc to close
Copyright © 2013 Nation News Daily All Right Reserved